Arsenal មានផែនការផ្លាស់ប្តូរទាំងកីឡាករ និងបុគ្គលិកដ៏ធំមួយ មុនបើករដូវកាលថ្មី

បរទេស៖ លោក Arteta មានបំណងក្នុងការផ្ទេរជាច្រើនសម្រាប់ក្រុមរបស់គាត់នៅមុនរដូវកាលខាងមុខនេះ ដោយផ្តោតលើការផ្ទេរយកនៅខ្សែប្រយុទ្ធលំដាប់កំពូល និងជម្រើសក្នុងតំបន់ប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាដើម្បីធ្វើឱ្យមានតុល្យភាពបញ្ជីគណនីរបស់ពួកគេ និងដើម្បីបំពេញនៅការចំណាយផ្នែកហិរញ្ញវត្ថុមកវិញ ក្លឹប​ Arsenal អាចនឹងត្រូវលក់កីឡាករបច្ចុប្បន្នមួយចំនួន។

អនាគតរបស់កីឡាករ Trossard គឺមិនប្រាកដប្រជា ខណៈដែលកុងត្រារបស់គាត់នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ បើទោះបីជាមិនសូវបានបង្ហាញខ្លួនលើទីលានក៏ដោយ។ ដោយឡែកកីឡាករ Martinelli បានជួបបញ្ហារបួស ហើយមិនទាន់បង្ហាញទម្រង់លេងល្អបំផុតរបស់គាត់នៅរដូវកាលនេះទេ។ យ៉ាង​ណា​មិញ កីឡាករ​ប្រេស៊ីល​ស្ថិតនៅក្នុងការចាប់អារម្មណ៍ពីក្លឹបផ្សេងទៀត ដោយបានទុកគាត់នៅក្នុងបញ្ជីនៃការកីឡាករលក់ចេញរបស់ក្លឹបដដែរ។

Leandro Trossard Gabriel Martinelli

Arteta បានកំណត់គោលដៅរបស់គាត់លើកីឡាករសំខាន់ៗជាច្រើនដោយ Alexander Isak របស់ Newcastle ដែលជាជម្រើសកំពូល។ ទោះជាយ៉ាងណាក៏ដោយក្លឹប Arsenal ក៏អាចផ្ទេរយកកីឡាករ Benjamin Sesko របស់ក្លឹប RB Leipzig ដែលរំពឹងថាមានតម្លៃខ្លួនប្រមាណ ៥៥លានផោន។ ក្រៅ​ពី​ខ្សែ​ប្រយុទ្ធ​ថ្មី កាំភ្លើង​ធំ​ក៏មានតម្រូវការទិញ​ខ្សែ​បម្រើ​ស្លាប​ឆ្វេង​ដែរ។ Nico Williams របស់ក្លឹប Athletic Club ត្រូវបានគេជឿថាជាគោលដៅកំពូល ខណៈកីឡាករ Antoine Semenyo របស់ Bournemouth ក៏ត្រូវបានក្លឹបតាមដានផងដែរ។

ខណៈពេលដែលការផ្តោតសំខាន់លើការពង្រឹងការវាយលុកជាចម្បង ក្លឹប Arsenal ក៏នឹងត្រូវធ្វើការផ្លាស់ប្តូរនៅតំបន់បម្រើ និងការពារផងដែរ។ កីឡាករ Jorginho និង Thomas Partey ទាំងពីរគ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅពេលដែលកុងត្រារបស់គាត់ផុតនៅរដូវក្តៅនេះ។ ទោះជាយ៉ាងណាក៏ដោយ Arteta ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនៅខ្សែបម្រើថ្មីដែលមានតម្លៃ ៥១លានផោន គឺកីឡាករ Martin Zubimendi របស់ Real Sociedad ដែលបានចាប់ផ្តើមធ្វើការពិភាក្សារួចទៅហើយ។ ការផ្លាស់ប្តូរផ្នែកការពារក៏ស្ថិតក្នុងគម្រោងដូចគ្នា ដោយកីឡាករ Jakub Kiwior និង Oleksandr Zinchenko ទំនងជាត្រូវបានលក់ចេញ។

ក្រៅពីការផ្លាស់ប្តូរកីឡាករ ខាងក្លឹប Arsenal ក៏បានកំពូងស្វែងរកនៅនាយកកីឡាថ្មីដើម្បីជំនួស Edu ដែលបានចាកចេញពីតំណែងរបស់គាត់កាលពីឆ្នាំមុន។ នាយកកីឡាបណ្តោះអាសន្នលោក Jason Ayto គឺជាបេក្ខភាពសម្រាប់តួនាទីនេះ ប៉ុន្តែក្លឹបក៏បានសម្លឹងឃើញនៅបេក្ខភាពផ្សេងទៀតដែលអាចពិចារណាផងដែរ។ លោក Roberto Olabe ដែលបច្ចុប្បន្ននៅ Real Sociedad ត្រូវបានចាត់ទុកថាជាអ្នកនាំមុខសម្រាប់តំណែងនេះ។ លើសពីនេះ អតីតនាយកក្លឹប Manchester United និង Newcastle លោក Dan Ashworth រួមជាមួយ Andrea Berta និង Thiago Scuro ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានពិចារណាសម្រាប់តួនាទីនេះដូចគ្នា។

Arsenal FC v Manchester City FC - Premier League

ខណៈដែល Arsenal សម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេ និងរៀបចំក្រុមរបស់ពួកគេឡើងវិញសម្រាប់អនាគត ធ្វើអោយប៉ុន្មានខែខាងមុខជាពេលវេលាដ៏សំខាន់សម្រាប់ពួកគេក្នុងការកំណត់គោលដៅកីឡាករ នឹងបេក្ខភាពនាយកផ្នែកកីឡាដែលចង់បាន។ ក្លឹបកាំភ្លើងធំនឹងត្រលប់មកវិញក្នុងការប្រកួតទល់នឹង PSV នៅថ្ងៃអង្គារក្នុងជើងទីមួយនៃការប្រកួត Champions League ក្នុងវគ្គ ១៦ក្រុម របស់ពួកគេ៕

Previous articleលោក Todd Boehly និយាយអំពីការស្វែងរកខ្សែប្រយុទ្ធរបស់ក្លឹប Chelsea ថា
Next articleលោក Thiago Motta នៅតែទទួលបានការគាំទ្រពីថ្នាក់ដឹកនាំក្លឹប Juventus ដដែរ