បរទេស៖ កីឡាករ Victor Osimhen បានចំណាយពេលក្នុងរដូវកាល ២០២៤-២៥ ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅ Galatasaray ប៉ុន្តែខ្សែប្រយុទ្ធដែលមានកុងត្រាជាមួយក្លឹប Napoli នឹងស្វែងរកការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹបផ្សេងនាទីផ្សារដោះដូររដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយរបស់ Football Italia បានអោយដឹងថាកីឡាករសញ្ជាតិនីហ្សេរីយ៉ាត្រូវបានក្លឹប Juventus ស្នើសុំឱ្យចូលរួមជាមួយពួកគេនៅមុនរដូវកាល ២០២៥-២៦ ប៉ុន្តែគាត់បានបដិសេធចំពោះសំណើរនេះ ដោយចង់ផ្ទេរទៅកាន់ក្លឹបនៅ Premier League។
កីឡាករ Osimhen មានលក្ខខណ្ឌផ្តាច់កុងត្រាតម្លៃ ៧៥លានអឺរ៉ូ ដែលនឹងមានសកម្មភាពនៅរដូវក្តៅក្រោយ ហើយក្នុងអំឡុងពេលកិច្ចពិភាក្សាថ្មីៗនេះ Juventus បានគូសបញ្ជាក់អំពីចក្ខុវិស័យ និងមហិច្ឆតារបស់ពួកគេក្នុងការប៉ុនប៉ងដើម្បីទាក់ទាញកីឡាករវ័យ ២៦ឆ្នាំ។ ទោះបីជាមានការកោតសរសើរចំពោះការចាប់អារម្មណ៍នេះក៏ដោយ កីឡាករ Osimhen បានបញ្ជាក់យ៉ាងច្បាស់ថា អាទិភាពរបស់គាត់នៅតែធានាការផ្ទេរទៅកាន់ក្លឹបដ៏ល្បីមួយរបស់ទ្វីបអឺរ៉ុប ជាពិសេសនៅក្នុងក្របខ័ណ្ឌ Premier League ។
ក្លឹប Juventus កំពុងស្វែងរកកីឡាករលេខ៩ ដ៏លេចធ្លោសម្រាប់រដូវក្តៅ ខណៈដែលពួកគេមានគម្រោងប្តូរកីឡាករ Dusan Vlahovic ចេញ។ ខណៈពេលដែលពួកគេបានចុះហត្ថលេខាលើ Randal Kolo Muani ក្នុងលក្ខខណ្ឌខ្ចីជើងពី PSG រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ការចាប់អារម្មណ៍របស់ពួកគេចំពោះ Osimhen បង្ហាញថាពួកគេនឹងមិនចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងជាអចិន្ត្រៃយ៍នោះទេ។
កាលពីដើមសប្តាហ៍នេះ សារព័ត៌មាន Catalan SPORT បានរាយការណ៍ថា Osimhen ត្រូវបានផ្តល់សំណើរទៅកាន់ក្លឹប Barcelona ដែលក្លឹបកំពុងស្វែងរកនៅអ្នកមកជំនួសកន្លែងកីឡាករជើងចាស់ Robert Lewandowski។ ទោះជាយ៉ាងណាក៏ដោយ Barca ជឿជាក់ថាប្រាក់ឈ្នួលនិងថ្លៃផ្ទេររបស់កីឡាករ Osimhen គឺវាខ្ពស់ហួសពីលទ្ធភាពហិរញ្ញវត្ថុរបស់ពួកគេ។
កីឡាករ Osimhen បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ Galatasaray ដោយស៊ុតបញ្ចូលទីបាន ២៨គ្រាប់ក្នុង ៣២ប្រកួតនៅក្នុងការប្រកួតទាំងអស់។ គាត់នឹងត្រូវបង្ហាញខ្លួនក្នុងការប្រកួតបន្ទាប់នៅថ្ងៃទី១១ ខែមេសា នៅពេលដែលក្រុមរបស់គាត់ធ្វើដំណើរទៅកាន់ Samsunspor ក្នុងការប្រកួតគ្នានា Super Lig។ ក្រុម Galatasaray កំពុងនាំមុខតារាងក្នុងក្របខ័ណ្ឌកំពូលទួរគី ខណៈដែលពួកគេមាន ៦ពិន្ទុដាច់ពីក្រុម Fenerbahce របស់ Jose Mourinho៕