បរទេស៖ កីឡាករ Asensio បានធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់លោក Luis Enrique នៅក្នុងប្រទេសបារាំង ហើយបណ្តាលអោយគាត់ខ្ចីជើងមកកាន់ក្លឹបនៅ Premier League ក្នុងខែមករា។ ម្ចាស់ជើងឯក Champions League បីសម័យកាលបានរីកចម្រើនក្រោមការដឹកនាំរបស់លោក Emery ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ក្នុង ១០ប្រកួត។
កិច្ចព្រមព្រៀងខ្ចីជើងរបស់ Asensio មិនរួមបញ្ចូលជម្រើសក្នុងការទិញផ្តាច់សម្រាប់ក្លឹប Villa នោះទេ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Estadio Deportivo បានរាយការណ៍ថាក្រុមលោក Emery បានប្រាប់នាយកកីឡាលោក Monchi អោយធ្វើអ្វីគ្រប់យ៉ាងដើម្បីអាចចុះហត្ថលេខាយកគាត់ជាអចិន្ត្រៃយ៍អោយបាន។ អតីតតារាឆ្នើមរបស់ Real Madrid វ័យ ២៩ឆ្នាំរូបនេះត្រូវបានរាយការណ៍ថាមានតម្លៃ ១៥លានអឺរ៉ូ ដែលវាមិនមានជាឧបសគ្គសម្រាប់ក្លឹបនៅ Premier League នោះទេ។
កីឡាករ Asensio អាចនឹងត្រូវអវត្តមានសម្រាប់ការប្រកួសប្តាហ៍ក្រោយ ខណៈដែលកីឡាករ Villa ឡើងទៅជួប PSG ក្នុងវគ្គ ៨ ក្រុមចុងក្រោយ Champions League។
មុនពេលគាត់ត្រលប់ទៅប្រទេសបារាំងវិញជាមួយនឹងក្រុមថ្មីរបស់គាត់ Asensio នឹងសង្ឃឹមថានឹងជួយក្រុម Villa អោយឈ្នះ ៧ប្រកួតជាប់ៗគ្នា៕