បរទេស៖ គណៈគ្រប់គ្រង់ក្លឹប United បានដាក់កីឡាករ Gyokeres នៅក្នុងកំពូលតារាងនៃបញ្ជីឈ្មោះដែលពួកគេចង់បាន ខណៈដែលពួកគេព្យាយាមគាំទ្រ Amorim ជាមួយនឹងកីឡាករដែលមានទេព្យកោសល្យ។ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំដែលបានផ្ទុះឡើងនៅលើឆាកអ៊ឺរ៉ុបជាមួយនឹងយុទ្ធនាការស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យក្នុងទីក្រុង Lisbon ដោយរកបាន ៤៣គ្រាប់ក្នុងរដូវកាលទី១ របស់គាត់តាមពីក្រោយដោយការស៊ុតបញ្ចូលទីច្រើនជាង ៥៧គ្រាប់ ក្នុងរដូវកាលទី២ នោះត្រូវបានគេមើលឃើញថាជាចំណុចកណ្តាលដ៏ល្អសម្រាប់ការពង្រឹងតំបន់ប្រយុទ្ធរបស់ Man Utd ។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានព័រទុយហ្គាល់ Record បានបង្ហាញថា ទោះបីជាមានការសន្ទនាជាច្រើនជាមួយភ្នាក់ងារបស់កីឡាករកាលពីសប្តាហ៍មុនក៏ដោយ ក៏ United មិនអាចបញ្ចុះបញ្ចូល Gyokeres បាននោះទេ។ ក្តីបារម្ភលើការខកខានរបស់ United ក្នុងការប្រកួត Champions League នៅរដូវកាលក្រោយ រួមជាមួយនឹងភាពមិនច្បាស់លាស់ជុំវិញគម្រោងកីឡាថ្មីរបស់ក្លឹបក្រោមការដឹកនាំរបស់លោក Jim Ratcliffe ហាក់ដូចជាកត្តាសំខាន់ក្នុងការសម្រេចចិត្តច្រានចោលការទៅកាន់ Old Trafford។
របាយការណ៍បានអះអាងបន្ថែមទៀតថាភ្នាក់ងាររបស់កីឡាករ Gyokeres មិនដែលចាត់ទុក United ជាជម្រើសដ៏សំខាន់នោះទេ ហើយផ្ទុយទៅវិញបានផ្តោតលើការធានាការផ្លាស់ប្តូរទៅកាន់ភាគខាងជើងទីក្រុងឡុងដ៍។ យោងតាមអ្នកជិតស្និទ្ធនឹងកីឡាកររូបនេះ Emirates តែងតែជាគោលដៅដែលកីឡាករពេញចិត្ត ហើយការចាប់អារម្មណ៍ជាថ្មីរបស់ Arsenal ទៅលើខ្សែប្រយុទ្ធបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង។
ក្លឹប Sporting ត្រូវបានរាយការណ៍ថាបានច្រានចោលការបញ្ចុះបញ្ចូលដំបូងរបស់ក្លឹប Arsenal ដែលមានតម្លៃ ៥៥លានអឺរ៉ូបូកនឹងតម្លៃបន្ថែម ១០លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំត្រូវបានគេរំពឹងថានឹងត្រលប់មកវិញជាមួយនឹងការ ដាក់សំណើរអោយប្រសើរឡើងដែលអាចខិតទៅជិតតម្លៃស្នើសុំរបស់ក្លឹបព័រទុយហ្គាល់ គឺលើស ៨០លានអឺរ៉ូ។
វាក៏មានការយល់ដឹងកាន់តែច្រើនឡើងថាភ្នាក់ងាររបស់កីឡាករ Gyokeres ប្រហែលជាកំពុងប្រើប្រាស់យុទ្ធសាស្ត្រក្នុងការចរចា។ ពួកគេអាចនឹងព្យាយាមដាក់សម្ពាធលើ Sporting ឱ្យទទួលយកថ្លៃសេវាដែលបានពិភាក្សាពីមុនចំនួន ៦០លានអឺរ៉ួបូកនឹងប្រាក់រង្វាន់ ១០លានអឺរ៉ូ។
ទោះបីជា Arsenal បង្កើនការយកចិត្តទុកដាក់លើ Gyokeres ក៏ដោយក៏ក្លឹបនៅតែចូលរួមក្នុងការពិភាក្សាស្របគ្នាជាមួយ RB Leipzig ជុំវិញការផ្ទេរកីឡាករ Benjamin Sesko ។ ប្រភពបានណែនាំថា Mikel Arteta បន្តចាត់ទុក Sesko ជាខ្សែប្រយុទ្ធជម្រើសកំពូលរបស់គាត់សម្រាប់រដូវកាលខាងមុខនេះ។ ប្រសិនបើការចរចារទាំងនោះដំណើរការទៅមុខ វាអាចមានសក្តានុពលក្នុងការផ្លាស់ប្តូរផែនការរបស់ក្លឹប Arsenal ទាក់ទងនឹង Gyokeres ៕