បរទេស៖ យោងតាមកាសែត Gazzetta dello Sport បានឱ្យដឹងថា ក្លឹប Al-Shabab នឹងផ្តល់ប្រាក់ខែ ៧លានអឺរ៉ូ (ប្រហែល ៦ លានផោន / ៨ លានដុល្លារ) ដល់កីឡាករ Adli ហើយនឹងចុះហត្ថលេខាលើការផ្ទេរជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៨លានអឺរ៉ូ (ប្រហែល ៧ លានផោន / ៩ លានដុល្លារ) ដែលជាកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យក្លិប Milan ពេញចិត្ត និងយកឈ្នះលើគូប្រជែងគឺក្លិប Sassuolo។
កីឡាករ Adli បានចុះហត្ថលេខាជាមួយក្លិប Milan ពីក្លិប Bordeaux ក្នុងឆ្នាំ ២០២១ ហើយត្រូវបានក្លិប Milan ដាក់ឱ្យក្លិបបារាំងនោះខ្ចីជើងវិញរហូតដល់ឆ្នាំ ២០២២។ បន្ទាប់ពីបរាជ័យក្នុងការបង្ហាញខ្លួននៅ San Siro ក្នុងរដូវកាល ២០២២-២៣ និង ២០២៣-២៤ គាត់បានចំណាយពេលកាលពីរដូវកាលមុននៅក្លិប Fiorentina ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទី ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៧ គ្រាប់ក្នុងគ្រប់ការប្រកួតទាំងអស់។ ពេលត្រឡប់មកវិញ គ្រូបង្វឹកក្លិប Milan លោក Massimiliano Allegri បានចាត់ទុកគាត់ថាជាកីឡាករលើសចំនួន ហើយបានដកគាត់ចេញពីបញ្ជីក្រុមសម្រាប់រដូវកាលបច្ចុប្បន្ន។
កីឡាករ Adli មិនមែនជាខ្សែបម្រើតែមួយគត់ដែលបានចាកចេញពីក្លិប Milan ក្នុងខែនេះទេ ព្រោះខ្សែបម្រើជម្រើសជាតិអាល់ហ្សេរី Ismael Bennacer ក៏បានធ្វើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ក្លិប Dinamo Zagreb របស់ក្រូអាស៊ីកាលពីសប្តាហ៍មុន។ ទោះបីជាមានពាក្យចចាមអារ៉ាមថាគាត់ចង់ត្រលប់ទៅ Marseille ពេញមួយរដូវក្តៅក៏ដោយ កីឡាករ Bennacer ក៏ត្រូវបានលោក Allegri ចាត់ទុកថាជាកីឡាករលើសចំនួនផងដែរ ហើយគាត់បានសម្រេចចិត្តជ្រើសរើសទៅលេងនៅក្រូអាស៊ី ជំនួសក្លិបនៅតួកគី និងអារ៉ាប៊ីសាអូឌីត។
ដោយសារ Adli ត្រូវបានដកចេញពីបញ្ជីក្រុមរបស់ក្លិប Milan គាត់នឹងចង់បញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្លិប Al-Shabab យ៉ាងឆាប់រហ័ស ព្រោះថាលីគកំពូលអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមការដាក់សំណើររួចហើយ។ សម្រាប់ក្លិប Milan កិច្ចព្រមព្រៀងនេះមានន័យថាពួកគេនឹងទទួលបានប្រាក់បន្ថែម ដែលអាចយកទៅវិនិយោគឡើងវិញនៅក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវរងារខាងមុខ៕