បរទេស៖ លោក Ancelotti បាននិយាយលា Real Madrid ទាំងក្តុកក្តួលនៅចុងបញ្ចប់នៃរដូវកាលមុន ដោយបានចាកចេញពីក្លិបក្នុងនាមជាគ្រូបង្វឹកដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេជាមួយនឹងពានរង្វាន់ ១៥ នៅក្នុងឈ្មោះរបស់គាត់ក្នុងរយៈពេលពីរលើក។ ដោយបានក្លាយជាគ្រូបង្វឹកអស់រយៈពេល ៣ ទសវត្សរ៍ វាមានអារម្មណ៍ថាការផ្លាស់ទៅកាន់ប្រទេសប្រេស៊ីលរបស់គាត់នឹងក្លាយជាការងារដឹកនាំដ៏ធំចុងក្រោយរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ លោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបញ្ជាក់ថាគាត់មិនបានច្រានចោលការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Santiago Bernabeu ជាលើកទីបីនោះទេ។
ខណៈពេលដែលកំពុងនិយាយជាមួយទូរទស្សន៍ ESPN កាលពីដើមសប្តាហ៍នេះ លោក Ancelotti បានពិភាក្សាអំពីអនាគតរបស់គាត់ជាមួយក្រុម Selecao (ឈ្មោះហៅក្រៅរបស់ក្រុមជម្រើសជាតិប្រេស៊ីល) ហើយបានទទួលស្គាល់ថាគាត់ «គ្មានបញ្ហាទេប្រសិនបើ CBF (សហព័ន្ធបាល់ទាត់ប្រេស៊ីល) ចង់បន្ត» ការសហការរបស់ពួកគេ។ តាមពិតទៅ លោកគ្រូបង្វឹកជនជាតិអ៊ីតាលីដ៏ល្បីល្បាញរូបនេះបានចុះកិច្ចសន្យាត្រឹមតែមួយឆ្នាំជាមួយប្រេស៊ីលប៉ុណ្ណោះ ដែលផុតកំណត់បន្ទាប់ពី World Cup ឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ លោក Ancelotti បាននិយាយថា «វានឹងល្អ» ដើម្បីបន្តដឹកនាំរហូតដល់ World Cup ២០៣០។
ទោះបីជាបាននិយាយកាលពីខែឧសភាថាអាជីពបង្វឹកនៅក្លិបរបស់គាត់អាចនឹងចប់ក៏ដោយ លោក Ancelotti បានបើកចំហចំពោះលទ្ធភាពនៃការវិលត្រឡប់ទៅកាន់រដ្ឋធានីអេស្ប៉ាញហើយដឹកនាំក្រុម Los Blancos (ឈ្មោះហៅក្រៅរបស់ Real Madrid)។ គាត់បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយកាសែត L’Equipe ថា៖ «Real Madrid គឺជាក្រុមតែមួយគត់ដែលខ្ញុំនឹងទទួលយកការដឹកនាំបន្ទាប់ពីប្រេស៊ីល»។
បន្ទាប់ពីបានធានាកៅអីទៅកាន់ World Cup ឆ្នាំក្រោយ កូនក្រុមរបស់លោក Ancelotti នឹងត្រលប់មកសកម្មភាពវិញនៅខែក្រោយ នៅពេលដែលពួកគេត្រូវប្រកួតជាមួយក្រុមខ្លាំងនៅទ្វីបអាស៊ីគឺក្រុម កូរ៉េខាងត្បូង និង ជប៉ុន នៅក្នុងការប្រកួតមិត្តភាព៕