បរទេស៖ Kane បាននិយាយកោតសរសើរយ៉ាងខ្លាំងពីការកសាងក្រុមរបស់ Bayern និងបានពន្យល់ពីរបៀបដែលលោកគ្រូបង្វឹក Vincent Kompany បានកសាងក្រុមដ៏ល្អឥតខ្ចោះមួយសម្រាប់គាត់ ដែលអាចឱ្យគាត់ស៊ុតបញ្ចូលទីបានច្រើនគ្រាប់សម្រាប់ក្រុមជើងឯកអាល្លឺម៉ង់។ ចាប់តាំងពីលោក Kompany ចូលកាន់តំណែងកាលពីរដូវកាលមុន Kane បានស៊ុតបាន ៤៩ គ្រាប់ ក្នុងគ្រប់ការប្រកួតទាំងអស់ រួមទាំង ៨ គ្រាប់ នៅក្នុងយុទ្ធនាការ ២០២៥-២៦។
កាលពីថ្ងៃសៅរ៍ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយនឹងការស៊ុតបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានមួយគ្រាប់ ខណៈដែលក្រុម Bayern Munich បានយកឈ្នះក្រុម Hamburg ៥-០ នៅកីឡដ្ឋាន Allianz Arena ហើយបានរក្សាបាននូវកំណត់ត្រាឈ្នះ ១០០ ភាគរយ របស់ពួកគេនៅក្នុងក្របខណ្ឌ Bundesliga រដូវកាលនេះ។ Kane ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៣ គ្រាប់ នៅក្នុងលីគផងដែរ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Kane បាននិយាយថា៖ «ក្រុមនេះស័ក្តិសមសម្រាប់ខ្ញុំខ្លាំងណាស់៖ របៀបដែលយើងលេង របៀបដែលយើងវាយសម្រុក គឺវាផ្តល់ឱ្យខ្ញុំនូវកន្លែងទំនេរ ហើយវាផ្តល់ឱ្យខ្ញុំនូវឱកាសដើម្បីទទួលបានបាល់។ ខ្ញុំមានកីឡាករដែលរត់នៅពីក្រោយ»។
ក្រុម Bayern និង Kane នឹងត្រលប់មកសកម្មភាពវិញនៅថ្ងៃពុធនេះ នៅពេលដែលពួកគេត្រូវប្រកួតជាមួយក្រុមយក្ស Premier League គឺក្រុម Chelsea ក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេនៅកីឡដ្ឋាន Allianz Arena៕