ក្រុម The Gunners បានវាយលុកយ៉ាងខ្លាំងក្លាបន្ទាប់ពីសម្រាកតង់ទីមួយ ដោយកីឡាករ Gabriel Magalhaes បានតែតបញ្ចូលទីគ្រាប់បើកឆាកមុនដល់ម៉ោងពេញ។ ភ្លាមៗនោះ លោក Gabriel Martinelli បានបន្ថែមគ្រាប់ទីពីរជាមួយនឹងការបញ្ចប់ទីដ៏កាចសាហាវ មុនពេលដែលលោក Gyokeres បានបោះជំហានទៅបំបិទមាត់អ្នករិះគន់របស់ខ្លួនជាមួយនឹងការរកបាន ២ គ្រាប់យ៉ាងសាហាវ។
អតីតតារាឆ្នើមក្រុម Sporting CP រូបនេះធ្លាប់អត់រកគ្រាប់បាល់បាន ៩ ប្រកួត សម្រាប់ក្លឹប និងជម្រើសជាតិ ប៉ុន្តែរូបគេបានត្រលប់មកទម្រង់លេងល្អបំផុតវិញនៅលើឆាកធំបំផុតរបស់អឺរ៉ុប។ ក្រុម Atletico ត្រូវបានទុកឱ្យស្ថិតក្នុងភាពតក់ស្លុត ខណៈដែលការតស៊ូដ៏ល្បីល្បាញរបស់ពួកគេត្រូវបានរហែកជាបំណែកៗដោយក្រុម Arsenal ដែលមានការសម្រេចចិត្តខ្ពស់ ដែលមើលទៅដូចជា មហាអំណាចអឺរ៉ុប ត្រៀមខ្លួនជាស្រេចដើម្បីប្រជែងដណ្តើមពាន។
អស់ជាច្រើនសប្តាហ៍ ការពិភាក្សាជុំវិញអាវ លេខ ៩ ថ្មីរបស់ Arsenal គឺផ្តោតលើអ្វីៗគ្រប់យ៉ាងលើកលែងតែគ្រាប់បាល់។ ការដាក់សម្ពាធ ការភ្ជាប់ការលេង ការខិតខំប្រឹងប្រែងរបស់គាត់ ត្រូវបានគេសរសើរទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ សំណួរមួយនៅតែមាន៖ តើពេលណាដែលរូបគេនឹងរកគ្រាប់បាល់បាន? នៅយប់ថ្ងៃអង្គារ លោក Gyokeres បានឆ្លើយតបយ៉ាងខ្លាំងក្លា។
លោក Arteta បានការពារខ្សែប្រយុទ្ធរូបនេះជាច្រើនដងនៅចំពោះមុខអ្នកសារព័ត៌មាន ហើយបន្ទាប់ពីការសម្តែងដ៏គួរឱ្យភ្ញាក់ផ្អើលពីខ្សែប្រយុទ្ធរូបនេះ គ្រូបង្វឹកបាននិយាយថា៖ «ខ្ញុំគិតថាយើងបានក្លាយជាក្រុមដែលពិបាកទាយទុកមុនជាងមុន។ គាត់មានកាយសម្បទារឹងមាំណាស់ គាត់បើកចំហរ អត្តចរិករបស់គាត់គឺសម្រាប់មនុស្សគ្រប់គ្នា។ របៀបដែលគាត់ដាក់សម្ពាធលើបាល់ កាន់បាល់ នោះគឺជារឿងពូកែអស្ចារ្យ។ ហើយបន្ទាប់មកមានបង្អែមនៅលើនំ [icing on the cake] ហើយរឿងដែលធំបំផុតដែលយើងនឹងពិភាក្សាអំពីគាត់គឺគ្រាប់បាល់។ គាត់បានស៊ុតបញ្ចូលទី ២ គ្រាប់ខុសគ្នាខ្លាំងណាស់នៅថ្ងៃនេះ ហើយសង្ឃឹមថាគាត់នឹងចាប់ផ្តើមទទួលបានសន្ទុះ និងការរកគ្រាប់បាល់បានល្អជាបន្តបន្ទាប់»។
បន្ទាប់ពីសំឡេងកញ្ចែចប់ការប្រកួត លោក Gyokeres បានសម្តែងក្តីរីករាយ ខណៈដែលលោកបានគោរពដល់វីរបុរស Arsenal លោក Henry ដែលជាបុរសដែលជាម្ចាស់អាវដ៏ល្បីលេខ ១៤ ដែលរូបលោកកំពុងពាក់។ ថ្លែងទៅកាន់ទូរទស្សន៍ CBS ដោយមានលោក Henry ផ្ទាល់ធ្វើការជាអ្នកវិភាគ លោក Gyokeres បាននិយាយថា៖
«និយាយតាមត្រង់ ខ្ញុំមានអារម្មណ៍អស្ចារ្យ។ មានគ្រាប់បាល់ជាច្រើននៅក្នុងអាវនេះ។ វាមានអារម្មណ៍អស្ចារ្យណាស់។ និយាយតាមត្រង់ មិនមានលេខអាវច្រើនទេ ប៉ុន្តែនៅពេលដែលលេខ ១៤ ទំនេរ វាគឺជាកិត្តិយសដ៏ធំមួយ។ យើងចង់ឈ្នះពានរង្វាន់ នោះគឺជាបំណងប្រាថ្នារបស់យើង ហើយនោះគឺជារឿងសំខាន់បំផុត ហើយជាការពិតណាស់ ខ្ញុំចង់រួមចំណែក និងស៊ុតបញ្ចូលទី»។
«ការរកបាន ៤ គ្រាប់ និងរក្សា Clean Sheet ម្តងទៀតគឺល្អណាស់។ យើងតែងតែបន្តទៅមុខ។ យើងធ្វើរឿងត្រឹមត្រូវនៅពេលយើងការពារ ហើយនៅពេលដែលយើងទទួលបានឱកាស យើងមានភាពខ្លាំងក្នុងការយកឱកាសទាំងនោះ។ គ្រាប់បាល់ទាំងពីររបស់ខ្ញុំគឺអស្ចារ្យណាស់។ ខ្ញុំព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំគ្រប់ពេល និងធ្វើការយ៉ាងលំបាក រួមចំណែកជាមួយរឿងផ្សេងៗ ហើយគ្រាប់បាល់នឹងមកដល់ឆាប់ឬយូរ»។
លោក Gyokeres បានទទួលស្គាល់ថា ការរកបាន ២ គ្រាប់នេះគឺជាការលើកទឹកចិត្តដ៏ធំ ហើយលោកកំពុង ខិតខំ ដើម្បីរកគ្រាប់បាល់បន្ថែមទៀត បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏មានប្រសិទ្ធភាពប្រឆាំងនឹង Atletico។
លោកបានព្រមានថា៖ «ខ្ញុំឃ្លានជាងមុនឥឡូវនេះ។ អ្នកតែងតែចង់រួមចំណែកជាមួយការខិតខំប្រឹងប្រែង និងរបស់ផ្សេងទៀត ប៉ុន្តែនៅពេលដែលអ្នករកបានគ្រាប់បាល់ផងដែរ វាជារឿងពិសេសបន្តិច។ ដូច្នេះនោះគឺជាអ្វីដែលខ្ញុំតែងតែចង់ធ្វើ។ ក្រុមដែលយើងមាន និងស្មារតីគឺជារឿងខុសគ្នា ហើយជាអ្វីដែលពិសេសណាស់។ នៅពេលដែលអ្នកឈ្នះការប្រកួត ហើយអ្នកធ្វើការសម្តែងទាំងនេះ វាបង្កើតទំនុកចិត្តនៅក្នុងក្រុម។ ជំនឿត្រូវតែមានជានិច្ច ប៉ុន្តែជាការពិតណាស់ នេះជួយជំរុញវា។ យើងគ្រាន់តែចង់បន្តទៅមុខបែបនេះ»។
ជ័យជម្នះនេះមានន័យថា Arsenal បានពង្រីកកំណត់ត្រាចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេនៅក្នុង Champions League ដោយឈ្នះ ៣ ប្រកួតក្នុងចំណោម ៣ ប្រកួតដោយមិនរបូតសូម្បីតែមួយគ្រាប់។ វាក៏បានបន្តការរត់ដ៏អស្ចារ្យជារួមរបស់ពួកគេផងដែរ ដោយពួកគេឥឡូវនេះមាន ១០ ឈ្នះ ក្នុងចំណោម ១២ ប្រកួតនៅទូទាំងការប្រកួតទាំងអស់។ ពួកគេកំពុងឈរនៅលើកំពូលតារាង Premier League ដោយមាន ១៩ ពិន្ទុ នាំមុខ ៣ ពិន្ទុ លើក្រុម Man City ដែលឈរនៅចំណាត់ថ្នាក់ទីពីរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺក្រុម Arsenal បានរបូតត្រឹមតែ ៣ គ្រាប់ ប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់។ នេះគឺជា កំណត់ត្រាការពារដ៏ល្អបំផុត របស់ពួកគេនៅដំណាក់កាលនេះនៃរដូវកាល ក្នុងប្រវត្តិសាស្ត្រ ១៣៨ ឆ្នាំ របស់ក្លឹប។ សម្រាប់លោក Arteta នោះគឺជាមូលដ្ឋានគ្រឹះដែលគួរឱ្យអបអរសាទរ ខណៈដែលលោកហាក់ដូចជាមានការប្តេជ្ញាចិត្តជាងពេលណាៗទាំងអស់ក្នុងការនាំយកពាន Premier League ត្រឡប់មកទីក្រុង North London វិញបន្ទាប់ពីរយៈពេលជាង ពីរទសវត្សរ៍។