Sir Jim Ratcliffe បដិសេធ​សំណើ Amorim ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Lewandowski ដោយសារ ‘អាយុ​ចាស់’

បរទេស៖ យោងតាមកាសែត The Mirror បានឱ្យដឹងថា លោក Amorim កំពុងទន្ទឹងរង់ចាំនាំយកកីឡាករ Lewandowski មកកាន់កីឡដ្ឋាន Old Trafford នៅរដូវក្តៅក្រោយ នៅពេលដែលកិច្ចសន្យារបស់ខ្សែប្រយុទ្ធជើងចាស់រូបនេះជាមួយ Barcelona ផុតកំណត់។ វីរបុរស ប៉ូឡូញ រូបនេះស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេ ហើយគិតត្រឹមពេលនេះ មិន​មាន​ការ​ពិភាក្សា អំពីការបន្តកិច្ចសន្យាណាមួយរវាងខ្សែប្រយុទ្ធ និងក្លឹប Catalan ទេ ដែលជា តម្រុយ​ច្បាស់លាស់ ថា ក្រុមជើងឯក អេស្ប៉ាញ មិនចង់រក្សាកីឡាករនេះលើសពីយុទ្ធនាការ ២០២៥-២៦ ទេ។

Robert Lewandowski Barcelona 2025

លោក Amorim ចង់បានកីឡាករដែលមាន បទពិសោធន៍ ដូច Lewandowski នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដែលអាចរួមចំណែកស៊ុតបញ្ចូលទី ក៏ដូចជាជួយ ជំរុញ​ទឹកចិត្ត ដល់កីឡាករវ័យក្មេងរបស់ក្លឹបផងដែរ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានបន្ថែមថា លោក Ratcliffe បាន បដិសេធ​សំណើ របស់លោក Amorim ដោយសារតែលោក ជំទាស់​យ៉ាង​តឹងរ៉ឹង ចំពោះការចុះហត្ថលេខាលើកីឡាករដែលស្ថិតនៅក្នុង ពេល​ជិត​បញ្ចប់​អាជីព។ កាលពីមុន United ធ្លាប់បានដេញតាមឈ្មោះធំៗដូចជា Cristiano Ronaldo Zlatan Ibrahimovic Edinson Cavani Raphael Varane និង Bastian Schweinsteiger ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមការចុះហត្ថលេខាទាំងនោះដែល បាន​ផ្តល់​ផល​វិជ្ជមាន សម្រាប់ក្រុមឡើយ ហើយផ្ទុយទៅវិញបានធ្វើឱ្យក្លឹប ខាតបង់​រាប់​លាន​ផោន នៅក្នុងទីផ្សារដោះដូរ និងប្រាក់ឈ្នួល។

ក្នុងវ័យ ៣៧ ឆ្នាំ កីឡាករ Lewandowski បន្តស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ដែលមាន ប្រាក់ខែ​ខ្ពស់​បំផុត ក្នុងពិភពលោក ដោយរូបគេរកបានប្រាក់ឈ្នួលប្រមាណ ៥៤០,០០០ ផោន​ក្នុង​មួយ​សប្តាហ៍។ ការចាកចេញរបស់ Lewandowski នឹងនាំមកនូវ ការ​ធូរស្បើយ​ដ៏​ធំធេង សម្រាប់ក្រុម Barcelona ដែលបន្ត ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ និងតែងតែប្រឈមនឹងបញ្ហាក្នុងការចុះបញ្ជីកីឡាករ ខណៈពេលដែលគោរពតាមច្បាប់ La Liga។ ក្រុម United ខ្លួនឯងក៏បានតស៊ូដើម្បីគ្រប់គ្រង ហិរញ្ញវត្ថុ​ដ៏​តានតឹង របស់ពួកគេផងដែរ ហើយក្រោមលក្ខខណ្ឌបែបនេះ ការចុះហត្ថលេខាលើ Lewandowski គឺជា ជម្រើស​ដែល​មិន​អាច​ទៅរួច

ចំពេលមានការរំពឹងទុកជុំវិញស្ថានភាពរបស់ Lewandowski នៅ Barcelona ភ្នាក់ងាររបស់គេគឺលោក Pini Zahavi ថ្មីៗនេះបានផ្តល់ តម្រុយ​ដ៏​សំខាន់ ជុំវិញអនាគតរបស់ខ្សែប្រយុទ្ធរូបនេះ ដោយលោកបានប្រាប់ 365Scores ថា៖ «កិច្ចសន្យារបស់ Lewandowski ជាមួយ Barcelona នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៦ ហើយមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ យើងនឹងត្រូវរង់ចាំមើលថាតើមានអ្វីកើតឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ»។ លោក Zahavi បាន ច្រានចោល ព័ត៌មានចចាមអារ៉ាមដែលបានណែនាំថា Lewandowski អាចនឹងទៅលេងនៅ Saudi Pro League

Robert Lewandowski

ដោយសារ El Clasico ដំបូងនៃរដូវកាលនេះកាន់តែខិតជិតមកដល់ ក្រុម Barcelona កំពុងដោះស្រាយជាមួយនឹង បញ្ហា​របួស​ជា​ច្រើន។ ពួកគេកំពុងខ្វះសេវាកម្មរបស់ខ្សែបម្រើស្លាបឆ្នើម Raphinha រួចទៅហើយ ហើយ Robert Lewandowski នឹង មិន​បង្ហាញ​ខ្លួន នៅក្នុងការប្រកួតដ៏ តានតឹង នៅកីឡដ្ឋាន Santiago Bernabeu នៅថ្ងៃអាទិត្យនេះទេ។

Lewandowski បានត្រឡប់មកពីការបំពេញកាតព្វកិច្ចអន្តរជាតិវិញបន្ទាប់ពីការសម្រាកខែ តុលា ជាមួយនឹង របួស ខណៈដែលរូបគេត្រូវបានបញ្ជូនទៅធ្វើតេស្តវេជ្ជសាស្ត្របន្ទាប់ពីបានជូនដំណឹងដល់ Barca អំពីបញ្ហាទាក់ទងនឹង ជើង​ឆ្វេង របស់គេ។ ក្រោយមកវាត្រូវបានបញ្ជាក់ថា Lewandowski នឹងតម្រូវឱ្យមាន រយៈពេល​សម្រាក ហើយនឹង អវត្តមាន ពីការប្រកួត El Clasico

នៅក្នុងការអវត្តមានរបស់ Lewandowski លោក Flick ទំនងជានឹងដាក់កីឡាករ Ferran Torres ជាខ្សែប្រយុទ្ធលេខ ទល់នឹងក្រុម Madrid ជាមួយនឹងកីឡាករ Marcus Rashford និង Lamine Yamal ដែលកំពុងមានទម្រង់លេងល្អនឹងធ្វើប្រតិបត្តិការនៅស្លាបទាំងពីរ៕

Previous articleMatheus Cunha បង្ហាញ​អារម្មណ៍​ពិត​ក្រោយ​ស៊ុត​គ្រាប់​ដំបូង​ឲ្យ Man Utd
Next articleSir Jim Ratcliffe បដិសេធ​ការ​ផ្ទេរកីឡាករ Robert Lewandowski