រវាង Partey, Rodri និង Casemiro!! កីឡាករ Zinchenko គិតថាខ្សែបម្រើម្នាក់នេះល្អជាងគេបំផុត

បរទេស៖ កីឡាករ Zinchenko បានធ្វើការសរសើរកីឡាករ Partey ដោយចាប់ទុកគាត់ជាខ្សែបម្រើដល់ល្អម្នាក់លើសខ្សែបម្រើដែលគាត់ធ្លាប់បានលេងជាមួយ ហើយក្នុងនោះគាត់ក៏ធ្លាប់លេងជាមួយ Rodri និង Fernandinho នៅក្លឹប Manchester City ផងដែរ។ កីឡាករអន្តរជាតិហ្គាណាបានក្លាយជាកីឡាករនៅតំបន់បម្រើរបស់ក្លឹប Arsenal ចាប់តាំងពីគាត់មកដល់នៅឆ្នាំ២០២០ ដោយបង្ហាញខ្លួនបាន ១០៣ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។

Thomas Partey Arsenal 2023

នៅក្នុងការធ្វើបទសម្ភាស៍ជាមួយនឹង Rio Ferdinand នៅក្នុងកម្មវិធី FIVE កីឡាករ Zinchenko បានត្រូវចោទសួរថាតើ Partey ល្អជាង Casemiro ដែរឫទេ? គាត់ក៏បានឆ្លើយតបថា “ខ្ញុំមិនចង់និយាយអ្វីអាក្រក់នោះទេ។ Casemiro គឺ​ជា​កីឡាករ​លំដាប់​ពិភពលោក​ដែល​ឈ្នះ Champions League ដល់​ទៅ​៥​ដង។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ត្រូវ​ជ្រើសរើស វា​នឹង​ជា Partey ។ ខ្ញុំបានធ្វើការគិតថាកីឡាកររូបណាជាខ្សែបម្រើល្អ ដែលខ្ញុំធ្លាប់លេងជាមួយ រវាង Fernandinho, Rodri និង Partey។ វា គឺជាការពិបាកមួយក្នុងការសម្រេចចិត្ត។ ខ្ញុំបានមើល Fernandinho ពេលគាត់នៅ Shakhtar ហើយគាត់បានជួយខ្ញុំយ៉ាងច្រើន។ ខ្ញុំ​ស្រឡាញ់​គាត់​ដូច​ជា​បង​ប្រុស​ម្នាក់”។

Rodri

អតីតវីរបុរសរបស់ក្លឹបបិសាចក្រហម Ferdinand បានបន្តចោទសួរទៅកាន់ Zinchenko ទៀតថាតើគាត់ពិតជាមានអារម្មណ៍ថា Partey ល្អជាង Rodri មែនទេ? គាត់ក៏បានឆ្លើយថា “Rio សូមមកមើលគាត់ក្នុងការហ្វឹកហាត់។ គាត់​មាន​អ្វី​គ្រប់​យ៉ាង”។

គួរបញ្ជាក់ថា កីឡាករ Partey ត្រូវបានដាក់អោយលេងនៅក្នុងតំណែងថ្មីសម្រាប់រដូវកាលនេះ ដោយលោក Mikel Arteta បានអោយគាត់លេងនៅក្នុងតំណែងខ្សែការពារស្តាំ សម្រាប់ការប្រកួត ៣ដងបើករដូវកាលរបស់ Arsenal។ ក្នុងនោះពួកគាត់បានយកឈ្នះ Nottingham Forest និង Crystal Palace ហើយស្មើរនឹង Fulham៕

Previous articleFFC កោះហៅកីឡាករត្រៀមកម្តៅសាច់ដុំជាមួយហុងកុង និងម៉ាកាវ ត្រៀមជម្រុះជុំទី១ FIFA World Cup 2026
Next articleក្លឹប Chelsea បានដាក់សំណើរទិញកីឡាករ Man City ម្នាក់នេះ ប៉ុន្តែត្រូវបានបដិសេធ