FFC កោះហៅកីឡាករត្រៀមកម្តៅសាច់ដុំជាមួយហុងកុង និងម៉ាកាវ ត្រៀមជម្រុះជុំទី១ FIFA World Cup 2026

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា២៦នាក់ ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ២ប្រកួតជាមួយក្រុមហុងកុង និងម៉ាកាវ ដើម្បីត្រៀមឆ្ពោះទៅប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2026)។ លោក ​Felix Dalmas គ្រូបង្គោលជនជាតិអាហ្សង់ទីននៃក្រុមជម្រើសជាតិកម្ពុជា​បានកោះ​ហៅកីឡាករ ២៦នាក់ ក្នុងនោះ មានដូចជាកីឡាករ សៀង ចន្ធា ដែលកំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Shahania Sports Club លីគទី២ ប្រទេសកាតា។ កីឡាករ សឿយ វិសាល, គួច ដានី និង ថេឡរ ឌឿង នីកូឡាស មកពីព្រះខ័នរាជស្វាយរៀង។

កីឡាករ វ៉ាន់ តៃឡាម៉ី, ជា វេសលី, ចាន់ វឌ្ឍនាកា, ចន្ថា ចន្ទាកា, ឃាន់ សុប៉ិន និង កាន់ ពិសាល មកពីក្លិបបឹងកេត។ កីឡាករ ឈង់ ប៊ុនណា និង គួច សុកុម្ភៈ មកពីណាហ្គាវើលដ៍។ កីឡាករ អ៊ន ចាន់ប៊ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា និង ជួន ចាន់ចាវ មកពីភ្នំពេញក្រោន។ កីឡាករ គីម ចាន់វាសនា និង គង់ លីហ៊ួរ មកពី​ព្រៃវែង​អេហ្វស៊ី ព្រមទាំងកីឡាករ ហ៊ុល គឹមហ៊ុយ, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, ស៊ិន សុផា​ណាត់, កែវ សុខសិលា, រ៉ឹង ប៊ុនហៀង និង ស៊ិន កក្កដា មកពីវិសាខា។

May be an image of text

ក្រុមជម្រើសជាតិកម្ពុជានឹងបើកការប្រមូលផ្ដុំហ្វឹកហាត់ នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ២០២៣​នេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិទាំង ២ប្រកួត នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ត្រូវជួបក្រុមហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងជួបក្រុមម៉ាកាវ នាថ្ងៃទី១១ ខែ​កញ្ញា​ ឆ្នាំ២០២៣។ នេះជាការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយហុងកុង និងម៉ាកាវ ដើម្បីត្រៀមប្រកួត​ជម្រុះ​នៃ​បាល់ទាត់ពិភពលោក FIFA WORLD CUP 2026 ជុំទី១ គឺក្រុមជម្រើសជាតិកម្ពុជាត្រូវជួប​ក្រុម​ជម្រើស​ជាតិប៉ាគីស្ថាន ចំនួន២ជើង ដែលជើងទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុ​កីឡ​ដា្ឋនជាតិអូឡាំពិក ខណៈជើងទី២នឹងប្រកួតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេស​ប៉ាគីស្ថាន។

ក្រុមឈ្នះ១ក្រុម រវាងកម្ពុជា ឬ ប៉ាគីស្ថាន នឹងត្រូវបន្តឡើងទៅប្រកួតនៅជុំទី២ ក្នុង​ពូល G ជាមួយ៣ប្រទេសផ្សេងទៀត គឺក្រុម Saudi Arabia, Jordan និង Tajikistan។ គួររម្លឹកថា នេះជាការចាប់ឆ្នោតជ្រើសរើស ក្នុង​​តារាង​ចំណាត់​ថ្នាក់ FIFA ទាប​ជាង​គេ​ចំនួន​២០ប្រទេស ត្រូវ​ចាប់​គូ​គ្នា​ប្រកួត​នៅ​ជុំ​ទី១ មុន​គេ​ដែល​ធ្វើ​ឡើង​២​ជើង​មាន​លក្ខណៈ​ប្តូរ​ទឹកដី​ទៅ​វិញ​ទៅមកក្នុងដី និងក្រៅដី ដើម្បី​ស្វែង​រក​​អ្នក​ឈ្នះ​ទៅ​ចូលរួម​តាម​ពូល​ ក្នុង​ជុំ​ទី២ ដែល​ចាប់​ឆ្នោត​រួច​រាល់ កាលពីចុងខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

ពានរង្វាន់បាល់ទាត់ពិភពលោក​បាន​ផ្លាស់ប្ដូរពី​៣២​ក្រុម បង្កើនដល់​៤៨ក្រុម​ សម្រាប់ ឆ្នាំ២០២៦ ដោយជុំទី៥ ឬជុំផ្តាច់ព្រ័ត្រ វគ្គ៤៨ក្រុមចុង​ក្រោយ​នឹង​ធ្វើឡើងដោយសហម្ចាស់ផ្ទះ ​សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ពីខែមិថុនា ដល់​ខែ​កក្កដា ឆ្នាំ២០២៦៕

ប្រភព​៖ ក្រសួងព័ត៌មាន

Previous articleU23 កម្ពុជាចាប់ផ្តើមការហ្វឹកហាត់ថ្ងៃដំបូង ត្រៀមវគ្គជម្រុះ ពូល J នៃព្រឹត្តិការណ៍ AFC U23 Asian Cup Qatar 2024
Next articleរវាង Partey, Rodri និង Casemiro!! កីឡាករ Zinchenko គិតថាខ្សែបម្រើម្នាក់នេះល្អជាងគេបំផុត