បរទេស៖ នេះបើត្រូវបានគេដឹងថាទំនាក់ទំនងរវាងខ្សែប្រយុទ្ធស្លាប់ជម្រើសជាតិអង់គ្លេស និងគ្រូបង្វឹកសញ្ជាតិហូឡង់ត្រូវបានបែកបាក់នៅ Old Trafford ហើយ។ ដោយហាក់ដូចជាគ្មានផ្លូវត្រឡប់ក្រោយវិញបាន ការផ្ទេរចេញនៅពេលទីផ្សារដោះដូរលើកក្រោយ អាចជាជម្រើសដ៏សាកសមសម្រាប់ភាគីទាំងអស់។
ក្នុងនោះ Ten Hag បានទម្លាក់ឈ្មោះ Sancho ចេញនៅក្នុងការប្រកួតជាមួយនឹងក្លឹប Arsenal។ ដោយគាត់បានបញ្ជាក់ថា ការបង្ហាញសមត្ថភាពរបស់គាត់នៅក្នុងការហ្វឹកហាត់ ជាហេតុផលនៅពីក្រោយការសម្រេចចិត្តមួយនេះ។ ខណៈកីឡាករ Sancho បានឆ្លើយតបទៅវិញថា ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះបានអះអាងថាត្រូវបានក្លាយជា “ពពែទទួលទោស”។
ការទំនាក់ទំនងរវាង Sancho និងគ្រូបង្វឹកសញ្ជាតិហូឡង់ កាន់តែអាក្រក់ឡើង ដោយក្នុងនោះតាមរយៈសារព័ត៌មាន Daily Star បានបញ្ជាក់ថា ការចែកផ្លូវគ្នារវាងភាគីទាំង២ គឺមិនអាចជៀសផុតនោះទេ។ ការដាក់អោយខ្ចីជើងកីឡាកររូបនេះនៅខែមករាខាងមុខ អាចត្រូវបានពិចារណាថាជាជម្រើសដ៏ល្អ ខណៈជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍អាចនឹងត្រូវធ្វើឡើងនៅរដូវក្តៅ ២០២៤។
គួរបញ្ជាក់ថា ជាមួយនឹងការផ្ទេរពីក្លឹប Borussia Dortmund កាលពីឆ្នាំ២០២១ ក្នុងតម្លៃ ៧៥លានផោន កីឡាកររូបនេះទើបតែរកបាន ១២គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ៨២ដង ហើយនឹងបាត់បង់តំណែងរបស់ខ្លួនក្នុងក្រុមជម្រើសជាតិអង់គ្លេសទៀតផង៕