ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានរៀបចំសិក្ខាសាលាបង្ហាញពីច្បាប់ការប្រកួត និងបទបញ្ជាការបច្ចេកទេស-គ្រប់គ្រងការប្រកួត ព្រមទាំងចាប់ឆ្នោតជ្រើសរើសគូប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយក្រោម១៦ឆ្នាំ និងក្រោម១៩ឆ្នាំ (Cambodian Youth League) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះជាព្រឹត្តិការណ៍បាល់ទាត់យុវជនរបស់កម្ពុជារដូវកាលថ្មីមួយក្នុងឆ្នាំ២០២៤ ដើម្បីកសាងធនធាន ដោយការប្រកួតលីគកម្រិតយុវជននេះធ្លាប់បានធ្វើជាច្រើនលើក ប៉ុន្តែខកខានច្រើនឆ្នាំកន្លងមក។
ការប្រកួតជម្រើសជើងឯកលីគយុវជន អាយុក្រោម១៦ឆ្នាំ និង១៩ឆ្នាំ ឆ្នាំ២០២៤នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ ដោយមានសមាគម-ក្លឹបបាល់ទាត់ចំនួន១១ សរុប២០ក្រុម ដែលក្នុងនោះ U16 មាន១០ក្រុម និងU19 មាន១០ក្រុមដូចគ្នា។ ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ត្រូវប្រកួតតាមរូបមន្តលីគ២ជុំ ម្ចាស់ផ្ទះ និងភ្ញៀវ និងដំណាក់កាលទី២ គឺបញ្ចប់ការប្រកួតលីគពីរជុំ ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៤ត្រូវប្រកួត៣ប្រកួតបន្ថែម ដើម្បីជ្រើសយក១ក្រុមមានពិន្ទុខ្ពស់ជាងគេ គ្រងម្ចាស់តំណែងជើងឯក ខណៈការប្រកួតទាំងពីរកម្រិតនេះមាន ១៨៦ប្រកួត រយៈពេល៦ខែ។
ការប្រកួតជម្រើសជើងឯក ខេមបូឌានលីគយុវជន អាយុក្រោម១៦ឆ្នាំ និង១៩ឆ្នាំ ឆ្នាំ២០២៤មានសមាគម-ក្លឹបបាល់ទាត់ចំនួន១១ សរុបចំនួន២០ក្រុម ដូចជា ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ និង១៩ឆ្នាំ មកពីក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ក្លឹបបាល់ទាត់បឹងកេត ក្លឹបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ក្លឹបបាល់ទាត់ព្រខ័នរាជស្វាយរៀង ហ្វូតបលក្លិប ឯ.ក ក្លឹបបាល់ទាត់ភ្នំពេញក្រោន សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្លឹបបាល់ទាត់វិសាខា សាលាតម្រង់ទិសរាជធានីភ្នំពេញ និងក្រុមយុវជនអាយុក្រោម១៦ឆ្នាំ របស់សមាគមក្លិបបាល់ទាត់សៀមរាប យូណាយធីត និងក្រុមយុវជនអាយុក្រោម១៦ឆ្នាំរបស់សាលាកីឡាបាល់ទាត់ជាតិ។
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមវត្តមានលោក កែវ សារ៉េត អគ្គលេខាធិការ FFC លោក យាន គីវឌ្ឍនា ប្រធាននាយកដ្ឋានអាជ្ញាកណ្តាលស្តីទី FFC ធ្វើបទបង្ហាញពីច្បាប់ការប្រកួតកីឡាបាល់ទាត់ និងលោក កាក់ ឡងឌី ប្រធាននាយកដ្ឋានប្រកួត FFC បានធ្វើបទបង្ហាញស្តីពីបទបញ្ជាបច្ចេកទេស និងការរៀបចំគ្រប់គ្រងការប្រកួត ព្រមទាំងតំណាងសមាគម-ក្លឹបចូលរួមផងដែរ៕
ប្រភព៖ AKP