ទោះឈ្នះជើងឯកលីគកំពូលហើយក្តី ក៏ព្រះខ័នរាជស្វាយរៀង នៅតែប្រឹងប្រែងយកឈ្នះវិសាខា ៥-១ ក្នុងជំនួប Top 4

ភ្នំពេញ៖ បើ​ទោះបីជា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​ឈ្នះ​ម្ចាស់​តំណែង​ជើងឯក​ខេ​ម​បូ​ឌា​ន​ព្រី​មៀរ​លី​គ ដែល​ជា​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២៣-២០២៤ ហើយ​ក្តី កាលពី​ពី​ស​ប្តា​ហ៍​មុន ក៏​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​តែ​ខិតខំ​ប្រឹងប្រែង​ប្រជែង​បាន​៣​ពិន្ទុ​បន្ថែម​ពី​ក្រុម​វិសាខា ដោយ​លទ្ធផល ៥-១ សម្រាប់​ជំនួប​ស​ប្តា​ហ៍​ទី​២៩ នៃ​ក្រុម​កំពូល​តារាង​ទាំង​៤ (Top 4) កាលពី​យប់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៤​។

នៅ​ក្នុង​ជំនួប​ដ៏​ស្វិតស្វាញ​នេះ ម្ចាស់ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​បើក​ការ​នាំមុខ​លើ​វិសាខា ៣-០ ហើយ​នៅ​វគ្គ​ទី​២ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បន្ត​ធ្វើ​សម្រេច​បាន​២​គ្រាប់​បន្ថែម ខណៈ​គូប្រជែង វិសាខា តាម​ពីក្រោយ​បាន​១​គ្រាប់​ដែរ​។ ឆ្លងកាត់​២៩​ប្រកួត ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈ្នះ​២៤​ប្រកួត ស្មើ​៣​ប្រកួត និង​ចាញ់​២​ប្រកួត មាន​៧៥​ពិន្ទុ ដោយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​គ្រង​ម្ចាស់​ដំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា ប្រចាំ​រដូវ​កាល ២០២៣-២០២៤ តាំងពី​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ នៅ​ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​២៨ កន្លង​ទៅ ក្រោយ​ប្រជែង​បាន​៣​ពិន្ទុ​ពី​ក្រុម​បឹង​កេ​ត ៤-១ កាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៤ (​ដោយសារ​ពិន្ទុ​ឈ្នះ​ដាច់​)​។

ដោយឡែក​១​ប្រកួត​ទៀត ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​២៩ ម្សិលមិញ​នេះ​ដែរ គឺ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​បឹង​កេ​ត ដោយ​លទ្ធផល ៥-០​។ ចំណាត់ថ្នាក់​នៃ Top 4 រួម​មាន​៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៧៥​ពិន្ទុ ជើងឯក​, ភ្នំពេញ​ក្រោ​ន ៦៧​ពិន្ទុ ជើងឯក​រង​, ចំណាត់ថ្នាក់​លេខ​៣ វិសាខា ៤៧​ពិន្ទុ ខណៈ​បឹង​កេ​ត ឈរ​នៅ​លំដាប់​ទី​៤ មាន​៤១​ពិន្ទុ​។ ជ័យ​លា​ភី​នៃ​ចំណាត់ថ្នាក់​នេះ​មិន​មានការ​ប្រែប្រួល​នោះ​ទេ ដោយ​នឹង​មានការ​ប្រែប្រួល​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ បើ​ទោះបីជា​ក្រុម​ទាំង​៤ នៅ​សល់​១​ប្រកួត​ចុង​ក្រោយ​ទៀត​ដូច​ៗ​គ្នា​ក្តី​។

ចំពោះ​ស​ប្តា​ហ៍​ទី​៣០ ដែល​ជា​ថ្ងៃ​ប្រកួត​ចុង​ក្រោយ​នៃ​បញ្ចប់​រដូវ​កាល ២០២៣-២០២៤ នា​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៤ គឺ​មាន​២​ប្រកួត​ចុង​ក្រោយ ដែល​ជា​ការ​ប្រកួត​រវាង​ក្រុម​វិសាខា ប៉ះ បឹង​កេ​ត ខណៈ ភ្នំពេញ​ក្រោ​ន​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​កីឡដ្ឋាន Smart RSN​។ បើ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ព្រី​មៀរ​លី​គ (CPL) បានឱ្យ​ដឹង​ថា ពិធី​បិទ​ការ​ប្រកួត បំពាក់​មេដាយ និង​ប្រគល់​ពាន​ជម្រើស​ជើងឯក ខេ​ម​បូ​ឌា​ន​ព្រី​មៀរ​លី​គ រដូវ​កាល ២០២៣-២០២៤ នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Smart RSN នា​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៤ ក្រោយ​បញ្ចប់​ការ​ប្រកួត​៕

ប្រភព៖ AKP

Previous articleសហព័ន្ធកីឡាទាញព្រ័ត្រត្រៀមស្វែងរកធនធានជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol រយៈពេល៣ថ្ងៃនៅខេត្តព្រះសីហនុ
Next articleទោះបីព្រមព្រៀងគ្នារួចហើយ!! ប៉ុន្តែ Barca ត្រូវរង់ចាំរឿងនេះសិន ទើបអាចផ្ទេរយកកីឡាករ Guido Rodriguez បាន