កីឡាករជប៉ុនវ័យ៦៣ឆ្នាំប្រកាសបរិច្ចាគថវិកាបានពីការប្រកួតសប្បុរសធម៌ កម្ពុជា-ជប៉ុនប្រគល់ជូនដល់មូលនិធីកុមារកំព្រាកម្ពុជា

ភ្នំពេញ៖ កីឡាករ​ប្រដាល់​ជប៉ុន​វ័យ​៦៣​ឆ្នាំ លោក KOZO FUJINAGA ដែល​ចូលរួម​ប្រកួត​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​សប្បុរសធម៌ កម្ពុជា​-​ជប៉ុន កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​កម្ពុជា បាន​ប្រកាស​ថា លោក​នឹង​ប្រគល់​ជូន​ថវិកា​ដែល​ទទួល​បាន​កម្មវិធី​នេះ​នឹង​ប្រគល់​ជូន​ដល់​មូល​និ​ធី​កុមារ​កម្ពុជា​ទាំងអស់​។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក KOZO FUJINAGA នៅ​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៤ នៅ TV-Tower រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​សប្បុរសធម៌ កម្ពុជា​-​ជប៉ុន ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​កម្ពុជា ដោយ​មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជប៉ុន ក្រោម​ការ​សហការ​រវាង TV TOWER និង​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​។

លោក KOZO FUJINAGA គូសបញ្ជាក់​ថា ដោយសារ​តែ​លោក​បានឃើញ​ពី​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​មិត្តភាព​កម្ពុជា​-​ជប៉ុន​ធ្វើ​ឡើង ដើម្បី​កុមារ​កំព្រា​កម្ពុជា ទើប​លោក​ចេញ​មក​ប្រកួត​នៅ​សង្វៀន​នៅ​កម្ពុជា ហើយ​ដើម្បី​ជួយ​កុមារ​កម្ពុជា​។ ការ​សម្រេច​មក​ចូលរួម​ប្រកួត​នៅ​កម្ពុជា លើក​នេះ លោក​បាន​ប្តេជ្ញា ក៏​ដូច​ជា​ត្រៀម​ចិត្ត​រួច​ហើយ​ថា ទោះបីជា​សន្លប់​នៅ​ក្នុង​ការ​ប្រកួត​ក្តី ក៏​រូប​លោក​សុខចិត្ត​ទទួលយក ដើម្បី​ស្វែងរក​មូល​និ​ធី​ជួយ​ដល់​កុមារ​កម្ពុជា​។ លោក​ធ្លាប់​មក​កម្ពុជា​២​លើក​មក​ហើយ រួម​ទាំង​ការ​ប្រកួត​នេះ​ទៀត សរុប​៣​លើក​ហើយ​ៗ​លោក​បានដឹង​ថា នៅ​កម្ពុជា​មាន​កុមារ​កំព្រា​។ លោក​មក​ចូលរួម​ប្រកួត​នេះ មិន​ខ្វល់​ពី​ប្រាក់​រង្វាន់​ប៉ុន្មាន​នោះ​ឡើយ ហើយ​ក៏​មិនមែន​ដើម្បី​ភាព​ល្បីឈ្មោះ​នោះ​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​ចូលរួម​ជួយ​ដល់​កុមារ​កំព្រា​កម្ពុជា​។ នេះ​ជា​ការ​រួមចំណែក​របស់​កីឡាករ​ជប៉ុន​វ័យ ៦៣​ឆ្នាំ​រូប​នេះ​សម្រាប់​កុមារ​កម្ពុជា​នូវ​អ្វី​ដែល​លោក​អាច​ជួយ​បាន​។

លោក​គូសបញ្ជាក់​ថា ប្រសិនបើ​មានកម្ម​វិធី​សប្បុរសធម៌​បែប​នេះ​ទៀត នៅ​ឆ្នាំ​ក្រោយ​ៗ លោក​នឹង​ចូលរួម​បន្ត​ទៀត បើ​ទោះបីជា​ឆ្នាំ​២០២៥​ខាង​មុខ លោក​មាន​វ័យ ៦៤​ឆ្នាំ​ក្តី ក៏​លោក​នៅ​តែ​មាន​ឆន្ទៈ​ចង់​ចូលរួម​ដោយ​ក្តី​រីករាយ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​មហាជន និង​កុមារ​ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព មិន​ថា​ប្រភេទ​កីឡា​អ្វី​នោះ​ទេ ដោយ​ការ​លេង​កីឡា គឺជា​ទូត​មួយ​នាំ​ឱ្យ​មាន​ទំនាក់ទំនង​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​បាន​យ៉ាង​ល្អ​ប្រសើរ​បន្ថែម​ទៀត​ផង​ដែរ​។ លោក​ក៏​បាន​អរគុណ TV-Tower ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​រៀបចំ​កម្មវិធី​ប្រកួត​មិត្តភាព​សប្បុរសធម៌ កម្ពុជា​-​ជប៉ុន ជា​លើក​ដំបូង​នេះ​។

គួរ​រម្លឹក​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​សប្បុរសធម៌​កម្ពុជា​-​ជប៉ុន​ត្រូវ​បាន​រៀបចំ​ឡើងជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​កម្ពុជា ដោយ​មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជប៉ុន​ដោយ​មាន​ចំនួន​៩​គូ ក្រោម​ការ​សហការ​រវាង TV TOWER និង​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​។ បើ​តាម​ការ​ឱ្យ​ដឹង​លោក មាស វិចិត្រ អគ្គនាយក​ក្រុមហ៊ុន LDST Development បានឱ្យ ដឹង​ថា ព្រឹត្តិការណ៍​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​សប្បុរសធម៌​កម្ពុជា​-​ជប៉ុន ធ្វើ​ឡើង​ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​កម្ពុជា ដែល​ជា​ការ​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ​ផ្នែក​មនុស្សធម៌ និង​ជួយ​ដល់​កុមារ​កំព្រា​ទាំងនេះ​ទទួល​បាន​សិក្សា​តាម​សាលា​ផង​ដែរ​៕

ប្រភព៖ AKP

Previous articleក្លឹបយក្សនៅអាឡឺម៉ង់ចង់បានលោក De Zerbi មកធ្វើជាគ្រូបង្វឹកបន្ទាប់
Next articleលោក Luis Enrique និយាយដល់ការចាកចេញរបស់កីឡាករ Mbappe ថា