ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ​ដង្ហែរ​ពាន​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​បងប្អូន​បាន​ទស្សនា និង​ថតរូប​ទុកជា​អនុស្សាវរីយ៍

ភ្នំពេញ៖ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នឹង​រៀបចំ​កម្មវិធី​ដង្ហែរ​ពាន​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ​លើក​ទី​១៧ ជូន​បងប្អូន​បាន​ទស្សនា និង​ថតរូប​ទុកជា​អនុស្សាវរីយ៍ ដែល​កម្មវិធី​នេះ​នឹង ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែឧសភា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង ៣​រសៀល​តទៅ​នៅ​ក្នុង​ខេត្តស្វាយរៀង​។

ពិធី​ដង្ហែរ​ពាន​នេះ ក៏​នឹង​មានការ​សម្ដែង​តន្ត្រី​ដ៏​ធំ ជាមួយនឹង​តារាចម្រៀង​ល្បី​ៗ ប្រចាំ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង សូម​គោរព​អញ្ជើញ​ពុក​ម៉ែ បងប្អូន​អ្នកគាំទ្រ​គ្រប់​រូប​ចូលរួម​កម្មវិធី​ដ៏​ពិសេស ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ឱ្យ​បាន​ច្រើន​កុះករ​។

ការ​ដង្ហែរ ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៧ ឆ្នាំ​២០២៣-២០២៤ (​ថ្នាក់​ជាតិ​)​នេះ បាន​ធ្វើ​ឡើង​ក្រោយ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ១-០ ពី​ការ​ស៊ុត​ចូល​ដោយ​កីឡាករ MARCUS WARREN HABER ពាក់​លេខ​៩៩ នៅ​នាទី​ទី​១០៩ ដោយ​លេង​ថែម​ម៉ោង ១៥​នាទី ២​ដង កាល​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០២៤​កន្លង​ទៅ​។

សូម​រំលឹក​ថា ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ក្លាយជា​ម្ចាស់​ជើងឯក ខេ​ម​បូ​ឌា​ន​ព្រី​មៀរ​លី​គ រដូវ​កាល​២០២៣/២៤ ដោយ​រកបាន ៧៦​ពិន្ទុ ពី​ឆ្លងកាត់ ៣០​ប្រកួត រកបាន​លទ្ធផល​ឈ្នះ ២៤​ដង ស្មើរ​៤ និង​ចាញ់​តែ ២​ប្រកួត​ប៉ុណ្ណោះ ដែល​ការ​ចាញ់​នេះ​ក្នុង​ទល់​នឹង​ក្រុម ISI ដង្កោ​សែន​ជ័យ លទ្ធផល ២​ទល់​១ នៅ​ក្នុង​ទឹកដី​របស់​ខ្លួន និង​ការ​លេង​ចាញ់​ក្រុម​ណា​ហ្គា​វើ​ល​ដ៍ លទ្ធផល ១​ទល់​០ បន្ទាប់​មក​ការ​ប្រកួត​ចុង​ក្រោយ​ស​ប្ដា​ហ៍​ទី​៣០ កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែ​ឧសា​ភា ឆ្នាំ​២០២៤ រវាង​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន រកបាន​លទ្ធផល ១-១ ។

សូម​បញ្ជាក់​ផង​ថា ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង គឺជា​ក្រុម​ដែល​តំណាង​អោយ​កម្ពុជា បន្ត​លេង​នៅ​ក្នុង​ពាន​អន្តរជាតិ​ចំនួន​២​ក្នុងឆ្នាំនេះ​គឺ​ពានរង្វាន់ AFF Asean Club Championship (ACC) Shopee Cup 2024/25 និង​ពានរង្វាន់ AFC challenge league 2024/25 នា​ពេល​ខាង​មុន​នេះ​ផង​ដែរ​៕

Previous articleច្បាស់ការ!! Unai Emery បានជួយ Aston អោយបានលេង Champions League នារដូវកាលក្រោយ
Next articleក្លឹបយក្សនៅអារ៉ាប៊ីសាអូឌីតចង់បានអ្នកចាំទី Ter Stegen