ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៦ឆ្នាំ (Cambodian Youth League U16) បានបញ្ចប់សប្តាហ៍ទី១ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដោយក្នុងចំណោម៥ប្រកួតមានក្រុមយកឈ្នះគូប្រជែងក្នុងលទ្ធផលច្រើនគ្រាប់។
ចំពោះលទ្ធផល៥ប្រកួត ក្នុងជំនួនសប្តាហ៍ទី១នេះ គឺក្រុមយុវជនព្រះខ័នរាជស្វាយរៀងប្រជែងបាន៣ពិន្ទុពីក្រុមយុវជនបឹងកេត ដោយលទ្ធផល ៤-៣, ក្រុមអង្គរថាយហ្គឺរចាញ់ក្រុមសៀមរាបយូណាយធីត ០-៥, វិសាខា បានយកឈ្នះក្រុមភ្នំពេញក្រោន ១៤-០, ណាហ្គាវើលដ៍ចាញ់យុវជនទ័ព ១-២ ខណៈអាយអេសអាយដង្កោសែនជ័យបានយកឈ្នះក្រុមសាលាតម្រង់ទិសរាជរាជធានីភ្នំពេញ ដោយលទ្ធផល ៨-២។
គួរបញ្ជាក់ថា ការប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជន ត្រូវបានចែកចេញជាពីរកម្រិតផ្សេងពីគ្នា គឺU16 និង U19 ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយក្នុង១ឈុតៗមានក្រុមចូលរួមចំនួន១០ក្រុមដូចៗគ្នា។ ចំពោះការប្រកួត U16 ត្រូវប្រើប្រាស់ការប្រកួតរយៈ១៨សប្តាហ៍ (ក្នុង១សប្តាហ៍មាន៥ប្រកួត) ចាប់ពីថ្ងៃទី១៩ខែឧសភា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដោយ១៨សប្តាហ៍នេះ គឺជាការប្រកួតសន្សំពិន្ទុចំនួន២ជុំស្មើនឹង ៩០ប្រកួត។ ក្រោយបញ្ចប់ការប្រកួត២ជុំរួចរាល់នឹងត្រូវបន្តការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជ្រើសរើសយកយកក្រុមកំពូលរាងចំណាត់ថ្នាក់លេខ៣ប្រកួតជាមួយក្រុមកំពូលតារាងចំណាត់លេខ៤ ហើយក្រុមមួយណាឈ្នះនឹងត្រូវឡើងមកប្រកួតជាមួយក្រុមកំពូលតារាងចំណាត់ថ្នាក់លេខ២ ដើម្បីស្វែងរកក្រុមឈ្នះ១ក្រុមឡើងមកប្រកួតប្រជែងជាមួយក្រុមកំពូលតារាងចំណាត់ថ្នាក់លេខ១ ដណ្តើមម្ចាស់តំណែងជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ ដោយគ្រោងនឹងធ្វើឡើងនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ប្រភព៖ AKP