ភ្នំពេញ៖ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានអះអាងថា ព្រឹត្តិការណ៍កីឡានេះបានដំណើរការប្រកួតយ៉ាងរលូន ដោយកីឡាករ កីឡាការិនីបានឈរលើឧត្តមគតិកីឡា ការគោរពវិន័យ បទបញ្ជាការប្រកួត ជំរុញឱ្យការប្រកួតនេះបានបញ្ចប់ប្រកបដោយភាពជោគជ័យ ខណៈសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានគ្រប់គ្រងម្ចាស់ជើងឯក ដោយឈ្នះមេដាយច្រើនជាងគេ សរុបរហូតដល់ ៦១គ្រឿង ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមសរុបចំនួន ៤៧។
នេះជាការបញ្ជាក់របស់លោកប្រធាននាយកដ្ឋាន នៅក្នុងរបាយការណ៍ជម្រាបជូន ក្នុងពិធីបិទការប្រកួត នៅវិមានពហុកីឡដ្ឋានជាតិ ល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលបានធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។
លោក ហួត សេងទ្រី បានជម្រាបជូនថា ថ្ងៃនេះជាថ្ងៃបញ្ចប់នៃការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ លើ១៣ប្រភេទកីឡា ដែលមានប្រតិភូកីឡាចូលរួមសរុប ១ ៧៦៤ នាក់ ស្រី ៣៩១ នាក់ មកពី ៤៧គ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ១៣ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៣៤ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៨-២៦ ខែឧសភា ឆ្នាំ២០២៤។
ក្នុងនាមគណៈកម្មការរៀបចំការប្រកួត លោក ហួត សេងទ្រី បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ដែលបានបញ្ជូនប្រតិភូកីឡាចូលរួមការប្រកួតនេះ គណៈកម្មការបច្ចេកទេសទាំងអស់ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ច មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមសហការប្រកបដោយឆន្ទៈខ្ពស់ និងបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដែលនាំឱ្យការប្រកួតដំណើរការបានយ៉ាងរលូន និងទទួលបានជោគជ័យប្រកបដោយមោទនភាព។
ប្រធានគណៈកម្មការរៀបចំការប្រកួតសង្កត់ធ្ងន់ថា ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង១៣ ប្រភេទកីឡា រយៈពេល ០៩ថ្ងៃកន្លងមកនេះ បានកត់សម្គាល់ឃើញថា ក្រុមកីឡានីមួយៗបានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួន ដែលបានចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។ កាយវិការរបស់កីឡាករ កីឡាការិនី បានអនុវត្តក្នុងការប្រកួតលើកនេះ គឺពិតជាឈរលើស្មារតីគោរពវិន័យ បទបញ្ជាបច្ចេកទេស ចេះស្រឡាញ់យោគយល់ អធ្យាស្រ័យគ្នា យល់ច្បាស់នូវមនសិការកីឡា និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងសាមគ្គីភាព ដែលជាគំរូមួយដ៏ល្អសម្រាប់ប្រទេសជាតិយើងទាំងមូល ស្របទៅនឹងប្រធានបទ “កីឡាឌីជីថល ជាអនាគតយុវជន”។
គួរបញ្ជាក់ថា លទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ លើ១៣ប្រភេទកីឡា និងគ្រឹះស្ថានសិក្សា ដែលទទួលបានមេដាយច្រើនជាងគេ និងមេដាយ រួមមាន៖ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ឈរលេខ១ ដោយដណ្តើមបានមេដាយមាស ២៨ ប្រាក់១៨ និងសំរឹទ្ធ១៥ សរុប ៦១គ្រឿង, លេខ២ វិទ្យាស្ថាន ខេមអេដ មេដាយមាស ១៨ ប្រាក់ ១០ និងសំរឹទ្ធ ១៥ សរុប ៤៣ ខណៈសាកលវិទ្យាល័យ វេស្ទើន ឈរលេខ៣ ដណ្តើមបានមេដាយមាសស ១៦ ប្រាក់ ១៦ និងសំរឹទ្ធ២០ រុប ៥២គ្រឿង។ ចំពោះ១៦គ្រឹះស្ថានឧត្តមសិក្សា ដណ្តើមបានមេដាយមាស រីឯ១២គ្រឹះស្ថានទៀតទទួលបានមេដាយប្រាក់ និងសំរឹទ្ធ ស្របពេលដែល១៥គ្រឹះស្ថានផ្សេងទៀតមិនទទួលបានមេដាយសោះ៕
ប្រភព៖ AKP