បិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក TR Hope Badminton Championship ២០២៤

ព្រះសីហនុ៖ ឯកឧត្តម តាក វ​ណ្ណា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ និង​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​បិទ​ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក ធី​អ័​រ ហូប ឆ្នាំ​២០២៤ TR Hope Badminton Championship 2024 កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​០២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ក្លឹ​ប TR Hope មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់ លេខ​១ ក្រុងព្រះសីហនុ​។

លោក ថោ​ង វី​រ៉ូ ប្រធាន​ក្លឹ​ប​កីឡា TR Hope Badminton Champoinship 2024 ￸​បាន​ធ្វើ​របាយការណ៍​សង្ខេប​អំពី​ការ​ប្រកួត​កីឡា​វាយ​សី​ប្រចាំឆ្នាំ​២០២៤ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤ និង​មាន​កីឡាករ កីឡាការិនី​មក​ពី​បណ្តា​ក្លឹ​ប​វាយ​សី​ចំនួន​១៦ មាន​ដូច​ជា ក្លឹ​ប​កីឡា​វាយ​សី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១២​ក្លឹ​ប ក្លឹ​ប​កីឡា​វាយ​សី​មក​ពី​ប្រទេស​ថៃ​ចំនួន​១​ក្លឹ​ប មក​ពី​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី​ចំនួន​១​ក្លឹ​ប និង​ក្លឹ​ប​របស់​ខេត្ត​ព្រះ​សីហ​នុ​២​ក្លឹ​ប ដែល​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​ចំនួន ១៥០​នាក់ ដោយ​ប្រកួត​លើ​វិញ្ញាសារ​ចំនួន​៨ មាន​ដូច​ជា ១. វិញ្ញាសារ​វាយ គូរ​បុរស​កម្រិត​ខ្ពស់ LEVELA ២. វិញ្ញាសារ​វាយ​គូ​បុរស​កម្រិត​មធ្យម LEVELB ៣. វិញ្ញាសារ​វាយ​គូ​បុរស​អាយុ ៥០​ឆ្នាំ​ឡើង ៤.​វិញ្ញាសារ​វាយ​គូ​នារី ៥. វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស នារី ៦. វិញ្ញាសារ​វាយ​ទោល​កុមា​អាយុ ១៣​ឆ្នាំ ៧. វិញ្ញាសា​វាយ​ទោល​កុមារ​ក្រោម ១៨​ឆ្នាំ និង​៨. វិញ្ញាសារ​វាយ​ទោល​កុមារ​ក្រោម ៩​ឆ្នាំ​។

ការ​ប្រកួត​កីឡា​នេះ​មាន​គោលបំណង​អភិវឌ្ឍ​វិស័យ​កីឡា​វាយ​សី​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​កីឡា​កម្រិត​ខ្ពស់​ដូច​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន​ក្នុង​វិស័យ​កីឡា​វាយ​សី បង្កើន​គុណ​ផល​របស់​កីឡាករ កីឡាការិនី បង្កើត​មិត្តភាព​រវាង​ក្រុមកីឡា​វាយ​សី​ក្នុង​ប្រទេស ក៏​ដូច​ជា​កីឡាករ​អន្តរជាតិ បណ្តុះបណ្តាល​កុមារ​ចាប់ពី​អាយុ ៩​ឆ្នាំ និង​ផ្តល់​ឱកាស​បង្ហាញ​ពី​សមត្ថភាព​របស់​យុវជន​កម្ពុជា ព្រោះ​កីឡា​រស់​ក្នុង​សន្តិភាព​។

ជាមួយ​គ្នា​នេះ​ដែរ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​បិទ និង​បំពាក់​មេដាយ ជ័យ​លា​ភី​ជូន​ដល់​កីឡាករ កីឡាការិនី ក្នុង​ការ​ប្រកួត​កីឡា​វាយ​សី ជ្រើសរើស​ជើងឯក​អន្តរជាតិ TR Hope ឆ្នាំ​២០២៤ (TR Hope Badminton Championship 2024) ព្រមទាំង​បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​ប្រតិភូ​កីឡា​មក​ពី​ប្រទេស​ថៃ និង​មក​ពី​ក្លឹ​ប​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រកួត​នោះ​។ បច្ចុប្បន្ន​វិស័យ​កីឡា​នៅ​កម្ពុជា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សង្គម ខណៈ​វិស័យ​កីឡា​នេះ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​ក៏​មាន​ប្រភេទ​កីឡា​វាយ​សី​ផង​ដែរ និង​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​អភិបាលរង បាន​គូសបញ្ជាក់​ថា កីឡា​វាយ​សី ជា​កីឡា​មួយ​ប្រភេទ​ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​ដល់​សុខភាព​មនុស្ស ជា​ពិសេស​យុវជន​របស់​យើង​មាន​ដូច​ជា ១. ភាព​ស្អាត​សមសួន នៃ​រាង​កាយ តាម​រយៈ​សកម្មភាព​ជា​ច្រើន​ដូច​ជា ដើរ ហក់ លោត ដើម្បី​វាយ​គ្រាប់​សី​។ សកម្មភាព​នេះ​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ធាត់​បាន​យ៉ាង​ប្រសើរ ។ ២. ធ្វើ​ឱ្យ​សាច់ដុំ​រឹង​មាំ​៖ ការ​លេង​កីឡា​វាយ​សី​រៀងរាល់ថ្ងៃ នឹង​ពង្រឹង​សាច់ដុំ​ឱ្យ​រឹង​មាំ ការ​បញ្ចេញ​សកម្មភាព​ច្រើន​ធ្វើ​ឱ្យ​គ្រប់កន្លែង នៃ​រាង​កាយ​ធ្វើ​ចលនា​បាន​ល្អ​។ ៣. បង្កើន​ភាព​រហ័សរហួន នៃ​ការ​ដើរ​ចុះឡើង​ដោយ​ផ្តោត​លើ​ទីតាំង​គ្រាប់​សី និង​ការ​វាយ តបត​ទៅ​ដៃគូ ជំរុញ​ឱ្យ​រាង​កាយ​ធ្វើ​ចលនា​បញ្ចេញ​សកម្មភាព​ច្រើន​មាន​ភាព​រហ័សរហួន និង​ស្មារតី​វាងវៃ ។ ៤. កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ដូច​ជា សម្ពាធ ឈាម​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង​ជាដើម​។ កីឡា​ប្រភេទ​នេះ​ជួយ​ឱ្យ​សុខភាព​បាន​ប្រសើរ និង​កាត់​បន្ថយ​ការ​ទៅ​ជួប​ពេទ្យ​។ ៥. បង្កើន​ភាព​រីករាយ បន្ធូរ​អារម្មណ៍​តានតឹង​បាន​យ៉ាង​ល្អ​ប្រសើរ មិន​ត្រឹមតែ​មាន​ប្រយោជន៍​ល្អ​សម្រាប់​រាង​កាយ​ប៉ុណ្ណោះ​ទេ កីឡា​វាយ​សី​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​បាន​យ៉ាង​ល្អ​ជួយ​ធ្វើ​ឱ្យ​ខួរក្បាល​របស់​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​។

ទន្ទឹម​នឹង​នេះ លោក​អភិបាលរង​ខេត្ត បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​គណៈប្រតិភូ​កីឡា ជា​ពិសេស​ក្លឹ​ប​កីឡា TR Hope Badminton and GYM Training Club ខេត្ត​ព្រះ​សីហ​នុ បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា ស្មារតី និង​បច្ចេកទេស​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា និង​បាន​ធ្វើ​ឱ្យ​ដំណើរការ នៃ​ការ​ប្រកួត​កីឡា​វាយ​សី​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះ​សីហ​នុ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​សុក្រឹតភាព និង​ទទួល​បាន​នូវ​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ព្រោះ​កីឡា​រស់​ក្នុង​សន្តិភាព យើង​ទាំងអស់​គ្នា​គប្បី​លេង​កីឡា​ឱ្យ​បាន​យ៉ាងតិច​១ ប្រភេទ​កីឡា ដើម្បី​សុខភាព​ខ្លួន​យើង​។

លោក​អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​យុវជន​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ពី​ក្រុម​ក្មេង​ទំនើង និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​គ្រប់​គ្នា ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតករ​មួយ​ដែល​ឆក់​យកអាយុ​ជីវិត​របស់​យើង​គ្រប់ពេលវេលា ប្រសិនបើ​យើង​មិន​មានការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ និង​ព្រមទាំង​បាន​នាំ​យក​ថវិកា​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ចំនួន ៥​លាន​រៀល ឧបត្ថម្ភ​ជូន​ការ​ប្រកួត​កីឡា​វាយ​សី​នេះ​ផង​ដែរ​៕

ប្រភព៖ AKP

Previous articlePep សម្លឹងមើលអ្នកចាំទីថ្មី ក្រោយបែកធ្លាយដំណឹងមួយថា
Next articleសហព័ន្ធប៊ូលីងកម្ពុជារៀបចំការប្រកួតសប្បុរសធម៌ រកថវិកាជួយដល់អត្តលិកពិការកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ប៉ារ៉ាប៊ូលីងជើងឯកកម្ពុជា ចុងខែមិថុនានេះ