សហព័ន្ធប៊ូលីងកម្ពុជារៀបចំការប្រកួតសប្បុរសធម៌ រកថវិកាជួយដល់អត្តលិកពិការកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ប៉ារ៉ាប៊ូលីងជើងឯកកម្ពុជា ចុងខែមិថុនានេះ

ភ្នំពេញ៖ សហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា​បាន​រៀបចំ​ការ​ប្រ​កួ​កីឡា​ប៊ូ​លីង​សប្បុរសធម៌​មួយ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ជា​សម្ភារ ថវិកា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កីឡាករ កីឡាការិនី​ពិការ​កម្ពុជា ដែល​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ប៊ូ​លីង​ជើងឯក​កម្ពុជា​លក្ខណៈ​បើក​ទូលាយ ឆ្នាំ​២០២៤ ដោយ​មាន​៩​ប្រទេស​ចូលរួម​ប្រកួត​។

លោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា​គូសបញ្ជាក់​ថា ការ​ប្រកួត​សប្បុរសធម៌ ដែល​បាន​ធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីលាន​ប្រូ​ប៊ូល​ស្ព័​រ នៃ​ខា​លែ​ន​ឌែ​ល​ម៉​ល រាជធានី​ភ្នំពេញ​មានការ​ចូលរួម​ពី​ធនាគារ និង​ក្រុមហ៊ុន​ជា​ដៃគូ​មួយ​ចំនួន ដើម្បី​ប្រមែ​ល​ប្រមូល​ថវិកា​គាំទ្រ​នានា​ជួយ​ដល់​អត្ត​ព​លិ​ក​ពិការ​កម្ពុជា ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ប៊ូ​លីង​ជើងឯក​កម្ពុជា​លក្ខណៈ​បើក​ទូលាយ ឆ្នាំ​២០២៤ (Cambodia Open Para Bowling Championships 2024) ជា​លើក​ដំបូង ដោយ​មាន​៩​ប្រទេស​ទេស នា​ខែ​ពី​ថ្ងៃ​ទី​២១-២៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីលាន​ប្រូ​ប៊ូល​ស្ព័​រ នៃ​ខា​លែ​ន​ឌែ​ល​ម៉​ល​។

លោក ឆាយ កៀក បាន​សង្កត់ធ្ងន់​ថា កម្មវិធី​ប្រកួត​សប្ប​រសធម៌​នេះ​បាន​បង្ហាញ​ពី​ការ​ចែករំលែក​សេចក្តី​ស្រឡាញ់ សេចក្តី​ល្អ​របស់​ធនាគារ និង​ក្រុមហ៊ុន​ចូលរួម​នានា ដើម្បី​រួមចំណែក​គ្នា​ជាមួយ​សហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា ដើម្បី​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​នា​ចុងខែ​មិថុនា ឆ្នាំ​២០២៤​នេះ​។ សហព័ន្ធ​ក៏​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​នានា​ជួយ​ឧ​ត្ថ​ម្ភ​ជា​សម្ភារ និង​ថវិកា​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ថវិកា​កាន់តែ​ច្រើន ក្នុង​ការ​ជួយ​ដល់​អត្ត​ព​លិ​ក​ពិការ​កម្ពុជា ដើម្បី​ឱ្យ​ដំណើរការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​នេះ​ទទួល​បាន​ជោគជ័យ​។

គោលបំណង​សំខាន់​នៃ​ការ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ប៊ូ​លីង​ជើងឯក​កម្ពុជា​លក្ខណៈ​បើក​ទូលាយ ឆ្នាំ​២០២៤ នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២១-២៧ ខែមិថុនា ឆ្នាំ​២០២៤ គឺ​ដើម្បី​ផ្តល់​ឱកាស និង​លើក​ស្ទួយ​ដល់​កីឡាករ កីឡាការិនី​ពិការ​មក​ពី​បណ្តា​ប្រទេស​នានា ជា​ពិសេស​កីឡាករ កីឡាការិនី​ពិការ​កម្ពុជា​បាន​ចូលរួម​ប្រកួត​បង្ហាញ​ពី​សមត្ថភាព និង​លើកទឹកចិត្ត​ដល់​ពួក​គាត់​ឱ្យ​មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត ក៏​ដូច​ជា​បាន​ចូលរួម​ក្នុង​សង្គម​ជាតិ​ផង​ដែរ​។ បើ​ទោះបីជា​ពួក​គាត់​ពិការ​ក្តី ក៏​ពួក​គាត់​អាច​ចូលរួម​លេង​កីឡា​លើ​ឆាក​ជាតិ និង​អន្តរជាតិ​បាន​ដែរ​។

គួរ​បញ្ជាក់​ថា កីឡាករ កីឡាការិនី​ពិការ​កម្ពុជា​ចំនួន​២០​នាក់​កំពុង​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​នេះ ដោយនៅ​ជិត​ព្រឹត្តិការណ៍​ចូល​មក​ដល់​គ្រូបង្វឹក​នៃ​សហព័ន្ធ​ជ្រើសរើស​ធនធាន​ឆ្នើម​ៗ​ក្នុង​ចំនួន ៨​ទៅ​១០​នាក់ ដើម្បី​ត្រៀម​ការ​ប្រកួត​ជាមួយ​កីឡាករ កីឡាការិនី​ពិការ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​។ ចំពោះ​ប្រទេស ដែល​បាន​ចុះ​ឈ្មោះ​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​មាន​ពិការ​ភាព​របស់​ខ្លូ​ន​ចូលរួម​ប្រកួត​នៅ​កម្ពុជា រួម​មាន​៖ សាធារណរដ្ឋ​កូរ៉េ​, ហុងកុង​-​សៀង​ហៃ នៃ​ប្រទេស​ចិន​, ជប៉ុន​, សាធារណរដ្ឋ​ឆេ​ក​, ហ្វី​លី​ពី​ន​, ថៃ​, ឥណ្ឌា​, ម៉ា​ឡេ​ស៊ី និង​ម្ចាស់ផ្ទះ​កម្ពុជា ដោយ​មាន​អត្ត​ព​លិ​ក​ពិការ​សរុប ប្រមាណ ១០០​នាក់ និង​មន្ត្រី​ប្រមាណ ៣០​នាក់​ផ្សេង​ទៀត​៕

ប្រភព៖ AKP

Previous articleបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក TR Hope Badminton Championship ២០២៤
Next articleRodrygo បំភ្លឺទៅលើព័ត៌មានចចាមអារ៉ាមការផ្ទេរកាន់ Man City