ភ្នំពេញ៖ គ្រូបង្គោលក្រុមជម្រើសជាតិម៉ុងហ្គោលី លោក Ichiro Otsuka ថ្លែងថា ក្រុមបាល់ទាត់កម្ពុជាជាក្រុមដែលប្រសើរជាងក្រុមលោក ដោយលោកធ្លាប់ស្គាល់លោក Honda និងលោក Felix Dalmas ច្បាស់ ដែលមានរបៀបលេងស្រដៀងជប៉ុន។
នេះជាការលើកឡើងរបស់គ្រូបង្គោលបាល់ទាត់ក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពអន្តរជាតិ (Vattanac International Match) វេលាម៉ោង ៦:០០ល្ងាច ថ្ងៃទី៧ មិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
លោក Ichiro Otsuka ថ្លែងថា បន្ថែមថា លោកជឿថា ក្រុមកម្ពុជាមានគុណភាពល្អ។ ដូច្នេះក្រុមម៉ុងហ្គោលីរីករាយ ដែលបានប៉ះកម្ពុជា នាល្ងាចថ្ងៃស្អែកនេះ ក្នុងជំនួបមិត្តភាពអន្តរជាតិ Vattanac International វេលាម៉ោង៦ល្ងាច ថ្ងៃទី៧មិថុនា ស្អែកនេះ នៅស្តាតអូឡាំពិក។ ជាមួយគ្នានេះ ប្រធានក្រុមម៉ុងហ្គោលី កីឡាករ Bat Orgil Gerelt Od និយាយថា យើងនឹងព្យាយាមរកជ័យជម្នះ ព្រោះយើងមកទីនេះ ដើម្បីឈ្នះ យើងចង់បង្ហាញពីជំនាញរបស់យើងថ្ងៃស្អែក។
ក្នុងឱកាសសន្និសីទសារព័ត៌មាននេះដែរ លោក Felix Dalmas គ្រូបង្គោលជម្រើសជាតិកម្ពុជាលើកឡើងយ៉ាងដូច្នេះថា ៖«ការប្រកួតនេះនឹងក្លាយជាការប្រកួតពិបាក ពួកគេមានកាយសម្បទាល្អ និងធំ។ ពួកគេក៏មានកីឡាករម្នាក់លេងនៅអឺរ៉ុប ហើយគេអាចជាបញ្ហាសម្រាប់យើង។ យើងមានគម្រោងប្រកួតរបស់យើង។ ក្រុមយើងកាន់តែប្រសើរជាងមុន ដោយសារការប្រកួតមុនៗយើងប៉ះក្រុមខ្លាំង ហើយយើងបានរៀនពីវាច្រើន។ ខ្ញុំគិតថាយើងរួចរាល់ ដើម្បីការប្រកួតនេះ»។ បន្ថែមពីលើនេះ ប្រធានក្រុមកម្ពុជា កីឡាករ ធារីចន្ថាប៊ីន និយាយថា ៖«កីឡាករយើងត្រៀមបានល្អមែនទែន ដើម្បីបង្ហាញខ្លួន ថ្ងៃស្អែក។ យើងចង់បង្ហាញលទ្ធផលល្អ ដើម្បីអ្នកគាំទ្រ។ ឆ្នាំមុនលទ្ធផលអត់សូវល្អ ដូច្នេះក្រុមកម្ពុជាត្រូវខំប្រឹង ដើម្បីអ្នកគាំទ្រសប្បាយចិត្តឡើងវិញ។
គួរបញ្ជាក់ថា សមាសភាពកីឡាករជម្រើសជាតិ២៦នាក់ គឺត្រូវបានក្រុមគ្រូបង្វឹកដឹកនាំដោយគ្រូបង្គោលជនជាតិអាហ្សង់ទីន គឺលោក Felix Dalmas ជ្រើសរើសមកពីក្លឹបលីគកំពូលកម្ពុជាចំនួន៧ ក្នុងនោះមកពីក្លឹបភ្នំពេញក្រោន ៧នាក់, បឹងកេត ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់ , វិសាខា ៣នាក់, ណាហ្គាវើលដ៍ ២នាក់, ក្លឹបព្រៃវែង ២នាក់ និងមកពីក្លឹបទ័ព ម្នាក់។ នេះជាការប្រកួតមិត្តភាពអន្តរជាតិដំបូងគេ នៅក្នុងទឹកដី នៃឆ្នាំ២០២៤ ហើយក៏ជាលើកដំបូង នៃពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបានបំពាក់កៅអីមានខ្នងបង្អែកតាមរចនាបទដ៏ស្រស់ស្អាត និងស្តង់ដាអន្តជាតិ ដែលជាសិទ្ធិផ្លូវការរបស់កម្ពុជា ក្នុងការលក់សំបុត្រជូនអ្នកគាំទ្រ៕
ប្រភព៖ AKP