លោក គង់ សុភាព ៖ ក្រុមជម្រើសជាតិទូកកម្ពុជាទទួលបានលេខ៦ ជាលទ្ធផលល្អមួយ ក្នុងការប្រកួតទូកនាគអន្តរជាតិនៅប្រទេសចិន

ចិន៖ លោក គង់ សុភាព គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កីឡា​ទូក​កម្ពុជា​បាន​គូសបញ្ជាក់​ពី​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​មក​ថា ក្រុម​ជម្រើសជាតិ​កីឡា​ទូក​នាគ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៦ ដោយ​មិន​ទទួល​បាន​មេដាយ​ទេ ប៉ុន្តែ​ទទួល​បាន​ពានរង្វាន់​លើកទឹកចិត្ត​ពី​ការ​រៀបចំ ដោយ​ក្រុម​កម្ពុជា​បាន​ឆ្លង​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។

គ្រូ​ជំនួយ​រូប​នេះ​បន្ថែម​ថា ក្នុង​ការ​ប្រកួត​អន្តរជាតិ​នេះ ក្រុម​ទូក​នាគ​កម្ពុជា​បាន​ឆ្លងកាត់​ការ​ប្រកួត​តាំងពី​វគ្គ​ជម្រុះ​ជា​ច្រើន​ប្រកួត និង​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឆ្លង​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​មាន​៦​ទូក ចូលរួម​ប្រជែង​មេដាយ​។

លោក គង់ សុភាព សង្កត់ធ្ងន់​ថា ក្រុម​កម្ពុជា​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព ហើយ​នេះ​ក៏​ជា​លទ្ធផល​ល្អ​មួយ សម្រាប់​ការ​ខិតខំ​អស់ពី​លទ្ធភាព​របស់​ក្រុម​កម្ពុជា ដោយសារ​ការ​ចូលរួម​នេះ​មាន​ក្រុម​ជម្រើសជាតិ​ខ្លាំង កម្រិត ASIAN Games​។ យ៉ាងណា តាម​រយៈ​លទ្ធផល​នេះ ក្រុមកីឡា​ទូក​កម្ពុជា​នឹង​បន្ត​ការ​ខិតខំ​បន្ថែម​ទៀត ដើម្បី​សម្រួច​ការ​អភិវឌ្ឍ​ត្រៀ​ឆ្ពោះទៅ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​នានា នា​ពេល​ខាង​មុខ ជា​ពិសេស​គោលដៅ​ត្រៀម​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ឆ្នាំ​២០២៥​ខាង​មុខ​។

ចំពោះ​លទ្ធផល នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូក​នាគ​អន្តរជាតិ (2024 SJM Macao International Dragon Boat Races) នៅ​ទីក្រុង​ម៉ា​កាវ សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រុម​ទូក​នាគ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ព្រឹត្តិការណ៍​កីឡា​ទូក​អន្តរជាតិ​នេះ មាន​ក្រុម​ចូលរួម ចំនួន​៣២​ក្រុម លើ​វិញ្ញាសា ៥០០​ម៉ែត្រ ចំណុះ​២២​នាក់ ។ ចំពោះ​ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​មេដាយ រួម​មាន​៖ លេខ​១ មេដាយមាស ក្រុមកីឡា​ទូក​នាគ​ប្រទេស​ចិន​, លេខ ២ មេដាយ​ប្រាក់ ក្រុមកីឡា​ទូក​នាគ​ប្រទេស​ថៃ​, លេខ ៣ មេដាយ​សំរឹទ្ធ ក្រុមកីឡា​ទូក​នាគ​ចិន​ម៉ា​កាវ​។

គួរ​បញ្ជាក់​ថា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ជម្រើសជាតិ​ទូក​នាគ​កម្ពុជា​មាន​ចំនួន​សរុប​២៨​នាក់ ដឹកនាំ​លោក​វរសេនីយ៍ទោ វ៉ា គ្រី អគ្គលេខាធិការ​ង សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​ប្រតិភូ​, កញ្ញា មាស តឿ​, កញ្ញា សួង ចាន់​តូ​រ៉ា​ទី ជា​អនុប្រធាន​ប្រតិភូ និង​កញ្ញា គួ​យ ស៊ី​ង​ឡេ​ង មន្ត្រី​សម្របសម្រួល និង​គ្រូបង្វឹក លោក Naing Naing Htoo ជា​គ្រូបង្វឹក អម​ដោយ​គ្រូ​ជំនួយ លោក គង់ សុភាព​៕

ប្រភព៖ AKP

Previous articleវិសាខា អនុញ្ញាតអោយកីឡាករ ៣រូបទៅចូលរួមជាមួយក្លឹបឡា​ហ្វ ខេត្ត​ព្រះ​សីហ​នុ ក្នុងលក្ខខណ្ឌខ្ចីជើងពេញ ១រដូវកាល
Next articleក្លឹប Porto កំពុងចរចាជាមួយ Boca Juniors ទៅលើការផ្ទេរខ្សែបម្រើម្នាក់