ម្ចាស់ផ្ទះកម្ពុជាត្រៀមអត្តពលិកជួរមុខ១៦នាក់ ការប្រកួតកីឡាយុទ្ធគុនចម្រុះ ជើងឯកអាស៊ី នាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ៖ ម្ចាស់ផ្ទះ​កម្ពុជា​បាន​ត្រៀម​អត្ត​ព​លិ​ក​លំដាប់​ជួរ​មុខ​ចំនួន​១៦​នាក់ ក្នុង​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ជើងឯក​អាស៊ី លើក​ទី​២ នៅ​កម្ពុជា ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ ខាង​មុខ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​ពិធី​បើក​ថ្ងៃ​ទី​១១​កក្កដា​នឹង​ទទួល​បានការ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​សន្និសីទ​សារព័ត៌មាន និង​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​ការ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក VIP Sports និង​ការ​លក់​សំបុត្រ​ដើម្បី​ចូល​ទស្សនា​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤​។

ឯកឧត្តម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា គោលបំណង​ចម្បង​ៗ​នៃ​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ជើងឯក​អាស៊ី លើក​ទី​២ នៅ​កម្ពុជា លើក​នេះ គឺ​ទី​១-​រួមចំណែក​ជួយ​ដល់​កីឡាករ កីឡាការិនី​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ឱ្យ​មានឱកាស​ចូលរួម​ប្រកួត​កម្រិត​ខ្ពស់ ដោយហេតុ​ថា កម្ពុជា​មាន​ប្រភព​ក្បាច់គុន​ដ៏​ចំណាស់ ក្នុង​ប្រវត្តិសាស្ដ្រ​។ ដូច្នេះ​នេះ គឺជា​ឱកាស​ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ និង​លើកតម្កើង​ក្បាច់គុន​បុរាណ​ខ្មែរ តាម​រយៈ​ព្រឹត្តិការណ៍​យុទ្ធ​គុន​ចម្រុះ​ជើងឯក​អាស៊ី​នេះ​ផង​ដែរ ។

ទី​២-​ការ​ធ្វើ​សមាហរណកម្ម​ក្បាច់គុន និង​យល់​ដឹង​ច្បាស់​ពី​ក្រឹត្យក្រម នៃ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​បែប​កីឡា មាន​ន័យ​ថា ជា​ការ​ប្រកួត​តំណាង​ប្រទេស​ជាតិ​រៀង​ៗ​ខ្លួន ដើម្បី​ដណ្ដើម​កិត្តិយស​ជូន​ប្រទេស​ជាតិ​ខ្លួន ស្រប​តាម​គោលការណ៍ និង​បទបញ្ញត្តិ​នៃ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​អាស៊ី ដើម្បី​ឆ្ពោះទៅ​រក​ការ​ដាក់​បញ្ចូល​ការ​ប្រកួត​កម្រិត​អូ​ឡាំ​ពិ​ក នា​ថ្ងៃ​អនាគត​។

ក្រៅពី​ទិស​ដៅ​ចម្បង​ទាំងនេះ ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែម​ទៀត​ថា ៖«​ការ​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ី​នេះ ក៏​ជា បើក​ទំព័រ​ថ្មី​មួយ ក្នុង​ការ​រុញ​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ និង​រីក​ចម្រើន ក្រោម​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​អន្តរជាតិ នៅ​កម្ពុជា​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គាំទ្រ​ឱ្យ​មានការ​រៀបចំ​យុទ្ធ​គុន​ចម្រុះ​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ​រៀង​រាល់​ឆ្នាំ ដោយ​នេះ​គឺជា​សញ្ញាណ​ដ៏​ល្អ ក្នុង​ការ​ជំរុញ​ឱ្យ​វិស័យ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ដើរ​ឆ្ពោះទៅ​មុខ​។

ចំពោះ​ការ​ចូលរួម​ទស្សនាការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ជើងឯក​អាស៊ី​នេះ​នឹង​មាន​ដាក់​លក់​សំបុត្រ​តាម​អន​ឡាញ លើ​គេហរ​ទំព័រ VIP Sports​។ ការ​ដាក់​លក់​សំបុត្រ​នេះ គឺ​ដើម្បី​រក្សា​បាន​នូវ​គុន​តម្លៃ​កីឡា ពិសេស​ប្រភេទ​កីឡា​ក្បាច់គុន​បុរាណ​ខ្មែរ​។ ម្យ៉ាង​ការ​លក់​សំបុត្រ​តាម​អន​ឡាញ ក៏​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ទស្សនិកជន ដែល​ចង់​ជាវ​ចូល​ទស្សនា​ផង​ដែរ ដើម្បី​ចៀង​វាង​នូវ​ការ​បន្លំ​ផ្សេង​ៗ​ជាដើម ដោយ​កៅអីអង្គុយ​ទស្សនា ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​មាន​ប្រមាណ ៣០០០​កៅអី​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ មាន​១៧​ប្រទេស​ហើយ ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ជើងឯក​អាស៊ី លើក​ទី​២ នៅ​កម្ពុជា ខណៈ​ម្ចាស់ផ្ទះ​កម្ពុជា​បាន​បង្ហាញ​សមាសភាព​កីឡាករ កីឡាការិនី សរុប​១៦​នាក់ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​អត្ត​ពលិកម​ក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ ក្នុង​ទ្វីបអាស៊ី​។ កីឡាករ កីឡាការិនី​ទាំង​១៦​នាក់ រួម​មាន​៖ កីឡាករ ផេង សុ​បញ្ញា​, ឡុ​ង ឡា​, រិ​ន សា​រ័​ត្ន​, ហ៊ុន គឹ​ម​ហៀ​ង​, មាស ម៉ើ​, សែន ច័ន្ទ​រិ​ទ្ធី​គុណ (Thiago), ហ៊ុន ចន្ទ​រាជ​, ចាន់ សំអាត​, ចាន់ រតនា​, អេ វី​រៈ​ខាំ​ឈី​ត​ភូ​ថង និង​កីឡាករ ហាត ភី​។ កីឡាការិនី ខៀវ ចិន្ដា​រ័​ត្ន​, នៅ ស្រី​ពៅ​, គន្ធ វ៉ា​ន់​នី​តា​, អ៊ុំ ថា​រ័​ត្ន និង​កីឡាការិនី ទួន ស្រី​ភី​ន​៕

ប្រភព៖ AKP

Previous articleក្លឹបយក្សនៅអេស្ប៉ាញ ចាប់អារម្មណ៍ចង់បានយុវជន Kobbie Mainoo របស់ Man Utd
Next articleឯកឧត្តម វ៉ាត់ ចំរើន ជំរុញឱ្យគ្រូបង្វឹកកីឡាយូដូយកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ទៅប្រើប្រាស់ជាប្រយោជន៍មានតម្លៃ ក្នុងការអភិវឌ្ឍជំនាញកីឡាអូឡាំពិកនេះ