ជម្រើសជាតិបាល់ទះកម្ពុជាU20 ចេញទៅប្រជែងកៅអីវគ្គជាមួយក្រុមវៀតណាម ដើម្បីឆ្ពោះទៅវគ្គចែកពូល ជើងឯកអាស៊ីU20 ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ (U20) បាន​ចាក​ចេញពី​មាតុប្រទេស​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ប្រកួត​ជាមួយ​ក្រុម​U20 វៀតណាម នា​ថ្ងៃ​ទី​២៥ ខែមិថុនា ដើម្បី​ប្រជែង​កៅអី​ឡើង​ទៅ​វគ្គ​ចែក​ពូ​ល ជើងឯក​អាស៊ី ក្រោម​២០​ឆ្នាំ ឆ្នាំ​២០២៤ ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣-៣០​កក្កដា ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

នេះ​ជា​ការ​ប្រកួត​ជម្រុះ​រវាង​ក្រុម​U20 កម្ពុជា និង​ក្រុម U20 វៀតណាម ប្រចាំ​តំបន់​អាស៊ាន ហើយ​ក្រុម​ណា​ឈ្នះ​នឹង​ចូល​ទៅ​វគ្គ​ចែក​ពូ​ល ក្នុង​ពូ​ល D ដែល​មាន​៣​ក្រុម​រង់ចាំ​ស្រាប់ ដូច​ជា​ក្រុម​ថៃ កូរ៉េ​ខាងត្បូង និង​កា​ហ្សា​ក់​ស្ថាន បន្ទាប់​ពី​បាន​យក​ឈ​ក​ឈ្នះ​ក្រុម​អ៊ូ​ស​បេ​គី​ស្ថាន នៅ​វគ្គ​ជម្រុះ​ដូច​គ្នា​។

ថ្លែង​មុន​ចេញដំណើរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​គូសបញ្ជាក់​ថា នេះ​ជា​លើក​ប្រវត្តិសាស្ត្រ​ថ្មី​លើ​ដំបូង ដែល​សហព័ន្ធ​បាន​បោះ​ជំហាន​ចូលរួម​ប្រកួត​ឈុត​យុវជន​ក្រោម​២០​ឆ្នាំ ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​តំបន់ ដើម្បី​ឈាន​ចូល​ក្នុង​ជើងឯក​អាស៊ី​U20 ឆ្នាំ​២០២៤ ក្រោម​ការ​ជំរុញ​លើកទឹកចិត្ត​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា​។

លោក​បណ្ឌិត​គូសបញ្ជាក់​ថា ៖«​បើ​ទោះបីជា​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​U20 កម្ពុជា​ទើបតែ​បាន ៦​ស​ប្តា​ហ៍​ក្តី ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា អត្ត​ព​លិ​ក​បាល់ទះ​កម្ពុជា​នឹង​ដាក់ចិត្ត​ដាក់​កាយ​ប្រឹងប្រែង​ប្រកួត​ដណ្តើម​កៅអី​ជាមួយ​ក្រុម​U20 វៀតណាម នៅ​ទឹកដី​ប្រទេស​ថៃ នា​ថ្ងៃ​ទី​២៥​ខែមិថុនា ស្អែក​នេះ​។ ខ្ញុំ​ជឿជាក់​ថា អត្ត​ព​លិ​ក​ទាំង​១២​នាក់​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​នឹង​ធ្វើ​បាន​ល្អ ហើយនឹង​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​សាទរ និង​រីករាយ​ចំពោះ​ការ​លេង​របស់​ពួក​កាត់​នៅ​លើ​ទីលាន​»​។

លោក​អនុប្រធាន​សហព័ន្ធ​បន្ថែម​ថា តាម​រយៈ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹ​ប​ធំ​ៗ​ក្នុងស្រុក ឃើញ​ថា ក្រុម​U20 កម្ពុជា​មាន​សិទ្ធ​ផល​គួរ​ឱ្យ​កត់សម្គាល់​។ ទោះ​យ៉ាងនេះ​ក្តី លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បាន​បង្ហាញ​ក្តី​បារម្ភ​ដែរ​ថា ក្រុម​U20 កម្ពុជា​ទើបនឹង​ចូលរួម​ប្រកួត​កម្រិត​អន្តរជាតិ​ជា​លើក​ដំបូង ជា​ពិសេស​នៅ​ក្រៅ​ទឹកដី​តែ​ម្តង​។ «​យ៉ាងណា ខ្ញុំរ​ពឹង​ជឿជាក់​ថា តាម​រយៈ​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់ និង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹ​ប​ធំ​ៗ​ក្នុងស្រុក​នានា គឺ​ក្រុម​ច​ម្រើ​ស​ជាតិ​U20 កម្ពុជា​នឹង​អាច​ផ្តោតអារម្មណ៍​ក្នុង​ការ​ប្រកួត​ឱ្យ​បាន​ល្អ​ប្រសើរ​»​។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ សង្កត់ធ្ងន់​ថា ៖«​សម្រាប់​ការ​ប្រកួត​កម្រិត​ណា​ក្តី បើ​ទោះបីជា​ក្រុម​U20​វៀតណាម ខ្លាំង​ណា​ក្តី គឺ​យើង​ទៅ​រក​ជ័យជម្នះ មិនមែន​ទៅ​រក​បទ​ពិសោធន៍​ទេ បើ​ទោះបីជា​ការ​ប្រមូលផ្តុំ​ត្រឹម​៦​ស​ប្តា​ហ៍​ក្តី ក៏​យើង​ត្រូវ​តែ​ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​ខ្លួន​យើង និង​ត្រូវ​ផ្តល់​ក្តី​សង្ឃឹម​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១៧​លាន​នាក់​។ ដូច្នេះ ទាំង​គ្រូបង្វឹក កីឡាករ​ទាំងអស់ រួម​ទាំង​ថ្នាក់ដឹកនាំ​សហព័ន្ធ គឺ​យើង​នៅ​តែ​មាន​ក្តី​សង្ឃឹម​»៕

ប្រភព៖ AKP

Previous articleគ្រូបង្វឹកជម្រើសជាតិហុងគ្រី បញ្ជាក់យ៉ាងច្បាស់អំពីស្ថានភាពកីឡាករ​ Barnabás Varga
Next articlePSG កំពុងជម្រុញអោយមានការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករម្នាក់នេះ