ឥណ្ឌូនេស៊ី៖ ក្រុមជម្រើសជាតិកម្ពុជាអាយក្រោម១៦ឆ្នាំ (U16) តាមបានស្មើ ១ទល់១ ជាមួយក្រុមជម្រើសជាតិ U16 វៀតណាម កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល B នៃពានរង្វាន់ជើងឯកអាស៊ានក្រោម១៦ឆ្នាំ (ASEAN U16 Boys’ Championship 2024) នៅកីឡដ្ឋានSRIWEDARI ប្រទេសឥណ្ឌូណេស៊ី។
នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះ ក្រុមកម្ពុជា និងវៀតណាម រក្សាបានលទ្ធផលស្មើគ្នា ០ទល់០ នៅក្នុងវគ្គទី១ ហើយចូលដល់វគ្គទី២ នៅនាទី៥៧ កីឡាករ Nguyen Viet Long របស់ក្រុមវៀតណាមបានបើកការនាំមុខលើក្រុមកម្ពុជា ១ទល់០។ ប៉ុន្តែនៅ៥នាទីបន្ទាប់ ពោលគឺនៅនាទី៦២ កីឡាករ ផាន វីរៈ របស់កម្ពុជាបានប្រើក្បាលបញ្ចូលទីបានសម្រេចតាមស្មើវិញ ១ទល់១ បន្ទាប់ពីទាត់បាល់បំផ្លោងចេញពីជ្រុងបានយ៉ាងល្អពីមិត្តរួមក្រុម។ លទ្ធផល ១-១ របស់ក្រុមយុវជនទាំងពីររក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។ ដូច្នេះ ក្រុមកម្ពុជារកបាន១ពិន្ទុបន្ថែម ក្នុងជំនួបប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល Bនេះ។
ឆ្លងកាត់២ប្រកួត ក្នុងពូល B នេះ គឺក្រុមវៀតណាម ឈរនៅលេខ១ បណ្តោះអាសន្ន ដោយមាន៤ពិន្ទុ ឈ្នះ១ប្រកួតជាមួយក្រុមប្រ៊ុយណេ ១៥-០ និងស្មើ១ជាមួយក្រុមកម្ពុជា។ ក្រុមកម្ពុជា ឈរលេខ២បណ្តោះអាសន្ន មាន៤ពិន្ទុដែរ ដោយឈ្នះ១ប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា ២-១ និងស្មើ១ជាមួយវៀតណាម ស្របពេលដែល មីយ៉ាន់ម៉ា ឈរលេខ៣ និងប្រ៊ុយណេ ឈរលេខ៤។
ចំពោះ១ប្រកួតចុងក្រោយរបស់ក្រុមU16 កម្ពុជា ប្រចាំពូល B នឹងត្រូវជួបប្រកួតជាមួយក្រុម ប្រ៊ុយណេ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ ចំពោះតារាងចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេ (បណ្តោះអាស្ន) នៃពូលទាំង៣ រួមមាន៖ ក្រុមឡាវ (ពូល A) ឈរលេខ១ មាន៦ពិន្ទុ, ក្រុមកម្ពុជា (ពូល B) ឈរលេខ២ មាន៤ពិន្ទុ និងក្រុមថៃ (ពូល C) ឈរលេខ៣ (ពូល C) ទើបលេងបាន១ប្រកួត មាន១ពិន្ទុ។
ព្រឹត្តិការណ៍ ASEAN U16 Boys’ Championship 2024នេះ មាន១២ក្រុមចូលរួម ដោយចែកជា៣ពូល ដោយក្រុមចំណាត់ថ្នាក់លេខ១ ប្រចាំពូលទាំង៣ត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ រីឯ១ទៀត គឺជាក្រុមលេខ២ល្អផ្តាច់គេ (១ក្រុម) នៃពូលទាំង៣នឹងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ប្រភព៖ AKP