បរទេស៖ ក្រុមនៅ Premier League សង្ឃឹមថានឹងអាចលក់កីឡាករវ័យ ២៦ឆ្នាំនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ ចំពេលមានការអះអាងពីការបែកបាក់នៅទំនាក់ទំនងរបស់គាត់ជាមួយអ្នកចាត់ការលោក Erik ten Hag ។ ក្លឹបបិសាចក្រហមត្រូវបានបញ្ជាក់ថានឹងទាមទារតម្លៃ ៨០លានផោនសម្រាប់កីឡាករ Rashford ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាពួកគេនឹងអាចទទួលយកនៅសំណើរមានតម្លៃ ៦០លានផោនបាន ក្នុងការលក់កីឡាកររូបនេះចេញអោយបាន។
កីឡាករ Rashford បានឆ្លងកាត់ចេញពីសាលាបាល់ទាត់យុវជនរបស់ United ហើយបានបង្ហាញខ្លួន ៤០០ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់សម្រាប់ក្រុមឈុតធំរបស់ក្លឹប។ ទោះបីជាយ៉ាងណាក៏ដោយ សារៈសំខាន់របស់គាត់នៅទឹកដី Old Trafford បានធ្លាក់ចុះកាលពីពេលថ្មីៗនេះ ខណៈដែលគាត់បានប្រឈមមុខនឹងការរិះគន់ចំពោះទម្រង់លេងរបស់គាត់កាលពីរដូវកាលមុន ក៏ដូចជាអាកប្បកិរិយានៅក្រៅទីលានរបស់គាត់ ហើយគាត់បានខកខានការប្រកួត FA Cup ជាមួយនឹងក្រុម Newport ដោយសារតែគាត់ទៅពិធីជប់លៀងយប់ជ្រៅនៅទីក្រុង Belfast ។
ក្លឹប United បានសម្រេចចិត្តរក្សាទុកលោក Erik ten Hag ជាអ្នកចាត់ការដដែរ ហើយក៏បានបញ្ជាក់អំពីអនាគតរបស់ Rashford នៅក្នុងក្លឹប ខណៈដែលក្លឹបចង់លក់គាត់។ ក្លឹប Paris Saint-Germain ធ្លាប់បានបញ្ជាក់អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធនៅរដូវក្តៅនេះ បន្ទាប់ពីកីឡាករ Kylian Mbappe ចាកចេញទៅក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួន។
បន្ទាប់ពីរដូវកាលដ៏អាក្រក់មួយ ហើយគាត់ក៏មិនស្ថិតនៅក្នុងជម្រើសរបស់លោក Gareth Southgate សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅយុទ្ធនាការ Euro ២០២៤។ កីឡាករ Rashford សង្ឃឹមថានឹងអាចត្រលប់មកក្នុងយុទ្ធនាកាឆ្នាំ ២០២៤-២៥ ។ វាត្រូវបានមើលឃើញថាតើគាត់អាចនឹងបន្តស្នាក់នៅជាមួយ Man United ឫក៏គាត់ផ្ទេរទៅកាន់ក្លឹបថ្មីសម្រាប់រដូវកាលខាងមុខដែលនឹងជិតមកដល់៕