បរទេស៖ កីឡាករ Coman ត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមរបស់លោក Didier Deschamps នៅ Euro ២០២៤ ហើយបានបង្ហាញខ្លួនតែ ១៥នាទីក្នុងការប្រកួតជាមួយនឹងក្រុមហូឡង់នៅវគ្គចែកពូល។ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាខ្សែបម្រើស្លាបរបស់ក្លឹប Bayern Munich កំពុងពិចារណាការព្យួរស្បែកជើងរបស់គាត់ពីក្រុមជម្រើសជាតិនៅក្នុងអាយុ ២៨ឆ្នាំ ខណៈគាត់ត្រូវបានតស៊ូជាមួយនឹងបញ្ហារបួសសរសៃពួរ ដើម្បីអាចទទួលបានកន្លែងមួយនៅក្នុងក្រុមវិញ។

កីឡាករ Coman ត្រូវបានគេនិយាយថាកំពុងពិចារណាអំពីអនាគតរបស់គាត់ជាមួយក្រុមជម្រើសជាតិបារាំង ហើយគាត់បានជួយក្រុមអោយឈ្នះសរុប ៥៧ដង។ កត្តាមួយដែលអាចពាក់ព័ន្ធការសម្រេចចិត្តរបស់គាត់នោះ គឺការបញ្ជាក់ថាលោក Deschamps នឹងដឹកនាំក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួត World Cup ២០២៦ ។
កីឡាករ Coman បានបង្ហាញខ្លួនចំនួន ២៧ ប្រកួតកាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបានអោយមិត្តរួមក្រុម ៣ដង។ គាត់បានរងរបួសរហែកសរសៃជង្គង់ មុនពេលគាត់ត្រលប់មករកភាពជាសះស្បើយវិញមុនការប្រកួត Euro ២០២៤។ ជាលទ្ធផលគាត់ មិនអាចជួយក្រុមជម្រើសជាតិបានច្រើន បានធ្វើអោយគាត់មានការខូចចិត្ត។

កីឡាករ Coman នឹងត្រឡប់ទៅកាន់ក្លឹប Bayern និងត្រៀមខ្លួនសម្រាប់ការប្រកួតរដូវកាលថ្មី៕



