បរទេស៖ ក្លឹបបិសាចក្រហមបានត្រៀមរួចរាល់ហើយក្នុងការប្រជែងជាមួយនឹងក្លឹប Arsenal ដើម្បីអាចចុះហត្ថលេខាយកខ្សែបម្រើស្លាបសញ្ជាតិអ៊ុយក្រែនអាយុ ២៦ឆ្នាំ កីឡាករ Viktor Tsygankov ពីក្លឹប Girona នៅក្នុងទីផ្សារដោះដូរកីឡាករដែលកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាលោក Erik ten Hag បានធ្វើការនិយាយជាមួយនឹងកីឡាកររួចហើយ ហើយបានបញ្ជាក់ថាគាត់ចង់បាន Viktor Tsygankov មកកាន់ Old Trafford នៅក្នុងរដូវកាលខាងមុខ។
ក្លឹប Girona ចង់រក្សាទុកនៅតារាឆ្នើមរូបនេះ បន្ទាប់ពីគាត់រីករាយជាមួយនឹងរដូវកាល ២០២៣-២៤ នៅក្លឹប។ កីឡាករ Viktor Tsygankov បានបង្ហាញខ្លួន ៣៤ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ហើយរកបាន ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៧ដង។ ក្លឹប Girona រំពឹងថាអាចនឹងផ្តល់កុងត្រាថ្មីអោយកីឡាករ ខណៈគាត់កំពុងសម្រាក់ក្រោយបញ្ចប់ភារកិច្ច Euro ២០២៤ អោយក្រុមជម្រើសជាតិ។
ក្លឹបបិសាចក្រហមមិនទាន់ដាក់សំណើរផ្ទេរខ្សែប្រយុទ្ធស្លាបរូបនេះជាផ្លូវការនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយពួកគេត្រូវបានរាយការណ៍ថាបានត្រៀមរួចរាល់ដើម្បីផ្តល់នៅតម្លៃផ្តាច់កុងត្រាប្រមាណ ៣០លានអឺរ៉ូ។
ក្រុមលោក Erik ten Hag ត្រៀមក្នុងការធ្វើដំណើរទៅកាន់ប្រទេសន័រវេស ដែលជាកន្លែងពួកគេនឹងត្រូវប្រកួតមិត្តភាពជាមួយនឹងក្លឹប Rosenborg នៅថ្ងៃចន្ទ៕