ភ្នំពេញ៖ ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជាបានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះឡាវ Young Elephants ដោយលទ្ធផល ៣-២ នៅក្នុងការប្រកួតវគ្គជម្រុះជើងទី១ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិឡាវ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនៃពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ាន (ASEAN Club Championship Shopee Cup 2024/25) រដូវកាល២០២៤-២០២៥។
ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងបានបើកការនាំមុខ១គ្រាប់មុនលើក្រុមម្ចាស់ផ្ទះ Young Elephants នៅនាទី១៩ ដោយធ្វើសម្រេចដោយកីឡាករ Gabriel Silva Costa។ ប៉ុន្តែនៅនាទី៣៤ និងនាទី ៣៧ ក្រុមម្ចាស់ផ្ទះ Young Elephants ធ្វើសម្រចបាន២គ្រាប់បើកការនាំមុខ លើក្រុមជើងឯកលីគកំពូលកម្ពុជាវិញ នៅត្រឹមវគ្គទី១។ អ្វីជាការកត់សម្គាល់ គឺក្រុមព្រះខ័នរាជស្វាយរៀងធ្វើសម្រេចបាន២គ្រាប់វិញ ដែលជាការបើកការនាំមុខ និងទទួលបានជ័យជម្នះតែម្តង ពោលគឺនៅនាទី៩០ និងនាទី៩០បូក៤ ដោយធ្វើសម្រេចដោយកីឡាករ Christian និងកីឡាករ ញាណ សុស៊ីដាន។
សម្រាប់ការប្រកួតជម្រុះជើងទី២ ក្រុមព្រះខ័នរាជស្វាយរៀងនឹងបន្តជួបក្រុម Young Elephants នាថ្ងៃទី២៤ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដើម្បីកាត់សេចក្តីរកក្រុមឈ្នះ១ក្រុមឡើងទៅវគ្គចែកពូល បង្គ្រប់បេក្ខភាពក្នុងពូល A សរុប៦ក្រុម។ ចំពោះ២ក្រុមលេងនៅវគជម្រុះបឋមនេះដែរ គឺក្រុមប្រ៊ុយណេ Kasuka និងក្រុមមីយ៉ាន់ម៉ា Shan United ដោយណា១ឈ្នះនឹងឡើងទៅចូលពូល A នេះដែរ។
គួរបញ្ជាក់ថា ពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ាន (ASEAN Club Championship Shopee Cup 2024/25) សម្រាប់វគ្គចែកពូល ក្រុមកំពុងឈររង់ចាំ ក្នុងពូលA ៤ក្រុមគឺក្រុម BG Pathum United (ថៃ), ក្រុម Teragganu FC (ម៉ាឡេស៊ី), ក្រុម PSM Makassar (ឥណ្ឌូនេស៊ី) និងក្រុម Dong A Thanh Hoa (វៀតណាម)។ រីឯពូលB គឺមានក្រុម Buriruam United (ថៃ), ក្រុម Kuala Lumpur City (ម៉ាឡេស៊ី), ក្រុម Cong An Ha Noi (វៀតណាម), ក្រុម Borneo (ឥណ្ឌូណេស៊ី), ក្រុម Kaya–Iloilo (ហ្វីលីពីន) និងក្រុម Lion City Sailors (សិង្ហបុរី)៕