បរទេស៖ នៅក្នុងបទសម្ភាសន៍លោក Ten Hag បាននិយាយថា “មនុស្សជាច្រើន” បានណែនាំគាត់កុំអោយមកចូលរួមជាមួយនឹងក្លឹប United ដែលរួមទាំងអតីតគ្រូបង្វឹកលោក Van Gaal។ ហើយសម្រាប់លោក Rangnick ក៏បានប្រាប់គាត់ថាក្លឹបមួយនេះត្រូវការ “ធ្វើការវះកាត់បេះ” និងប្រាប់ពីការលំបាកកាលពីរដូវកាលមុនដែលគាត់ធ្វើជាអ្នកចាត់ការបណ្តោះអាសន្ន។
អតីតអ្នកចាត់ការក្លឹប Ajax បានប្រាប់ទៅកាន់កាសែតហូឡង់ AD ថា៖ “Rangnick ពិតជានិយាយត្រឹមត្រូវណាស់។ យើងបានធ្វើការយ៉ាងខ្លាំងលើបញ្ហានេះអស់រយៈពេលពីរឆ្នាំមកហើយ ប៉ុន្តែគាត់បាននិយាយយ៉ាងពិតប្រាកដ៖ វាជាប្រតិបត្តិការដ៏ហ្មត់ចត់ និងស្មុគស្មាញបំផុត។ ហើយខ្ញុំបានដឹងនៅពេលដែលខ្ញុំចាប់ផ្តើមការងារមួយនេះ វានឹងក្លាយជាការងារដ៏លំបាក។ មានមនុស្សជាច្រើនដែលណែនាំខ្ញុំកុំអោយទទួលយកការងារនេះ។ បាទ រួមទាំងលោក Louis van Gaal ផងដែរ”។
លោក Ten Hag ក៏បានបន្ថែមទៀតថា៖ “នេះគឺជារដូវកាលដ៏លំបាកបំផុតដែលខ្ញុំធ្លាប់មានបទពិសោធន៍ក្នុងនាមជាគ្រូបង្វឹក។ តើក្លឹបនេះចង់ត្រលប់ទៅកន្លែងដែលខ្លួនមានការពីជាងមួយទសវត្សរ៍មុន ទៅកាន់ក្លឹបដែលឈ្នះ Premier League ដែលអាចឈ្នះ Champions League ដែរឬទេ? ខ្ញុំគិតថាពិតជាមានផ្លូវវែងឆ្ងាយណាស់”។
លោក Ten Hag ស្ថិតនៅក្រោមសម្ពាធក្នុងការរក្សាកៅអីរបស់គាត់បន្ទាប់ពីដឹកនាំ Man United ឈានដល់កម្រិតទាបបំផុតក្នុង Premier League របស់ពួកគេដោយស្ថិតក្នុងចំណាប់ថ្នាក់លេខ ៨ កាលពីរដូវកាលមុន ប៉ុន្តែក្លឹបមានកីឡាកររបួសជាច្រើន ហើយពួកគេក៏បានឈ្នះ FA Cup ដែលធ្វើអោយរក្សានៅតំណែងរបស់គាត់បាន។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ និងកីឡាកររបស់គាត់ ត្រូវប្រឹងប្រែងប្រកួតរបស់ពួកគេ ដើម្បីប្រជែងយកពានរង្វាន់បន្ថែមទៀត និងឡើងទៅលើកំពូលលីគនារដូវកាលក្រោយ។
ត្រលប់ទៅខែមីនា ឆ្នាំ២០២២ នៅពេលដែល Ten Hag មានព័ត៌មានផ្សារភ្ជាប់ជាមួយនឹងក្លឹប United ក្នុងអំឡុងពេលដែលគាត់នៅក្លឹប Ajax លោក Van Gaal បានព្រមានគាត់កុំអោយទទួលយកតំណែងជាអ្នកចាត់ការនៅ Old Trafford អោយសោះ។
អតីតអ្នកចាត់ការក្លឹប Bayern Munich ដែលត្រូវបានបណ្តេញចេញប៉ុន្មានថ្ងៃបន្ទាប់ពីដឹកនាំ Man Utd ឈ្នះពាន FA Cup ក្នុងឆ្នាំ២០១៦ បាននិយាយនៅពេលនោះថា៖ “ខ្ញុំគិតថា Ten Hag គឺជាគ្រូបង្វឹកដ៏អស្ចារ្យ ខ្ញុំបាននិយាយច្រើនដង។ គ្រូបង្វឹកដ៏អស្ចារ្យគឺល្អសម្រាប់ Man Utd ។ ប៉ុន្តែ Man Utd គឺជាក្លឹបពាណិជ្ជកម្ម ទាំងនោះគឺជាជម្រើសដ៏លំបាកសម្រាប់គ្រូបង្វឹក។ ក្នុងនាមជាគ្រូបង្វឹកអ្នកគួរតែជ្រើសរើសក្លឹបបាល់ទាត់”។
លោក Ten Hag ឥឡូវនេះកំពុងរៀបចំសម្រាប់រដូវកាលថ្មី ជាមួយនឹងកីឡាករជាច្រើនរបស់គាត់បានធ្វើការប្រកួត Pre-Season នៅសប្តាហ៍នេះ។ ពួកគេនឹងត្រូវប្រកួតជាមួយក្លឹប Arsenal នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខ៕