ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូកីឡាកម្ពុជាដាក់ការជឿជាក់ថា អត្តពលិកកម្ពុជាទាំង៣នាក់ ដែលចូលរួមប្រកួតអូឡាំពិកហ្គេម រដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤នេះ នឹងបំណែកកំណត់ត្រាខ្លួនឯងបាន ក្នុងការប្រកួត ហើយយើងទាំងអស់ចងចាំជាប់ជានិច្ច គឺឈ្នះដោយយុត្តិធម៌ និងចាញ់ដោយកិត្តិយស ដោយមិនធ្វើអ្វីឱ្យខូចកិត្តិយសប្រទេសជាតិរបស់យើងទេ។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនដឹកនាំប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតអូឡាំពិកហ្គេម រដូវក្តៅទីក្រុងប៉ារីស ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
ជុំវិញដំណើរបេសកកម្មអូឡាំពិកហ្គេម ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា អត្តពលិកកម្ពុជា ដែលចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤នេះ គឺមានតែ២ប្រភេទកីឡាទេ គឺអត្តពលកម្ម និងហែលទឹក ដែលជាប្រភេទកីឡាកាតព្វកិច្ច ដោយគ្រប់គណៈកម្មាធិការអូឡាំពិកទាំងអស់ សរុបចំនួន ២០៦ (NOC) ដែលជាសមាជិករបស់គណៈកម្មាធិការជាតិអន្តរជាតិ (IOC)។ ស្មារតីធំបំផុតរបស់ចលនាអូឡាំពិកអន្តរជាតិ គឺការចូលរួមរបស់សមាជិកចាស់ថ្មីទាំងអស់ក្នុងពិភពលោក ហើយព្រឹត្តិការណ៍កីឡាកម្រិតខ្ពស់បំផុតរបស់ពិភពលោក គឺការប្រកួតអូឡាំពិកហ្គេម នេះហើយ ដែលត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។
ឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ថា ៖«សម្រាប់អត្តពលិកកម្ពុជា ចំនួន២នាក់លើ២ប្រភេទកីឡានេះ គឺត្រូវបានសម្រិតសម្រាំងចេញពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការយល់ព្រមពី IOC ផងដែរ ដោយ IOC បានឆែកអំពីសិទ្ធផលរបស់អត្តពលិកកម្ពុជាទាំង៣នាក់ ដែលអាចចូលរួមបាន។ អត្តពលិកកម្ពុជាទាំង៣នាក់ គឺកីឡាករអត្តពលកម្ម ឈុន ប៊ុនថន និងហែលទឹក២នាក់ គឺកីឡាករ កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា ការីណា សុទ្ធតែបានបំណែកកំណត់ត្រារបស់ខ្លួនជារៀងរាល់ឆ្នាំ ទាំងកម្រិតស៊ីហ្គេម និងកម្រិតអាស៊ីជាដើម។ បើទោះបីជាយើងមិនបានឈានដល់កម្រិតមេដាយមាសក្តី ក៏យើងទទួលបាននូវកិត្តិសក្នុងការបំបែកកំណត់ត្រាខ្លួនឯងជារៀងរាល់ឆ្នាំ»។
ប្រធាន NOCC មានប្រសាសន៍ទៀតថា សំខាន់ក្នុងស្មារតីអូឡាំពិក គឺឧត្តមភាព សាមគ្គភាព និងមិត្តភាព ជាពិសេសគឺបានស្គាល់គ្នាក្នុងគ្រួសារចលនាអូឡាពិក។ សម្រាប់ថ្នាក់ដឹកនាំក៏ជាឱកាសល្អដែរ ក្នុងការជួបជុំជាមួយសមាជិកអូឡាំពិកពីប្រទេសមួយទៅប្រទេសមួយទៀត ដែលជាឱកាសឈានដល់កិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ ដូច្នេះព្រឹត្តិការណ៍អូឡាំពិកនេះមានសារៈសំខាន់ណាស់។ យ៉ាងណា ក៏អន្តរជាតិបានស្គាល់កម្ពុជា តាមរយៈការចូលរួមហែលក្បួន ក្នុងពិធីបើកជាផ្លូវការ ហើយគេក៏បានស្គាល់កម្ពុជា តាមរយៈការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងកីឡាអាស៊ី កន្លងមក ក៏ខ្លាំងដែរ ហើយក្នុងព្រឹត្តិការណ៍ប្រកួតអូឡាំពិកហ្គេម រដូវក្តៅ ឆ្នាំ២០២៤នេះ នឹងបង្ហាញឱ្យពិភពលោកទាំងមូលបានឃើញកម្ពុជា តាមរយៈប្រតិភូកីឡារបស់កម្ពុជាយើង ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ក្នុងចំណោម២០៦NOC។ យើងបានប្តេជ្ញាចិត្តទាំងអស់គ្នា តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលថា ឈ្នះដោយយុត្តិធម៌ និងចាញ់ដោយកិត្តិយស ហើយយើងទាំងអស់គ្នាប្តេជ្ញាចិត្តខ្ពស់ថា ធ្វើយ៉ាងណារក្សាឱ្យបាននូវកិត្តិយសជាតិ ដែលជារឿងសំខាន់ណាស់៕