ចាប់ឆ្នោតការប្រកួតកីឡាកាប៉ាឌីពិភពលោកគ្រោងធ្វើឡើងនាចុងខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ គណៈ​កម្មរៀប​ចំការ​ប្រកួត​កីឡា​កា​ប៉ា​ឌី​ពិភពលោក​បាន​រៀបចំ​ពិធី​ចាប់ឆ្នោត និង​ការ​ដាក់​ចេញ​បទ​ចម្រៀង កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ការ​ប្រកួត​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​កា​ប៉ា​ឌី​ពិភពលោក (World Cup KABADDI) លើក​ទី​២ ឆ្នាំ​២០២៤ ដោយ​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ពី​២០-២៥ សីហា ឆ្នាំ​២០២៤ នៅ​សាល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

លោក សុខ អាង មន្ត្រី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​បាន​គូសបញ្ជាក់​ថា គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​កា​ប៉ា​ឌី​ពិភពលោក ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​យើង​បាន​ចាប់ឆ្នោត​ជា​ផ្លូវការ និង​ការ​ដាក់​ចេញ​បទ​ចម្រៀង​សម្រាប់​ការ​ប្រកួត​។ ការ​ប្រកួត​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​សាល​ប្រជុំ​កោះ​ពេជ្រ​ចាប់ពី​ថ្ងៃ​ទី ២០-២៥ ខែសីហា​ដោយ​មាន​ប្រទេស​ចំនួន​១៧ មក​ពី​ជុំវិញ​ពិភពលោក​ចូលរួម ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​ការ​ប្រកួត​ជើងឯក​អន្តរជាតិ​ដ៏​ធំ​បំផុត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

លោក សុខ អាង បាន​បន្ថែម​ថា ការ​ប្រកួត​នេះ​មាន​ក្រុម​បុរស ១៦​ក្រុម និង​ក្រុម​នារី ១០​ក្រុម ដែល​ប្រកួតប្រជែង​គ្នា​ដណ្តើម​ជើងឯក​ពិភពលោក រួម​មាន​ក្រុម​ការពារ​ជើងឯក​ឥណ្ឌា ក៏​ដូច​ជា​ក្រុម​កំពូល​ៗ​ក្នុង​តំបន់ ដូច​ជា​អេ​ហ្ស៊ី​ប និង​កេ​ន​យ៉ា មក​ពី​ទ្វីបអាហ្វ្រិក សហរដ្ឋអាមេរិក និង​កា​ណា​ដា និង​ចក្រភព​អង់គ្លេស និង​ប៉ូ​ឡូញ មក​ពី​ទ្វីបអឺរ៉ុប​។ ការ​ប្រកួត​នេះ​ក៏​មាន​ក្រុម​មក​ពី​ប្រទេស​ចិន ហុងកុង តង់​ហ្សា​នី និង​ម៉ា​ឡេ​ស៊ី​ចូលរួម​ផង​ដែរ​។

ការ​ប្រកួត​កីឡា​កា​ប៉ា​ឌី​ពិភពលោក លើក​ទី​២ ឆ្នាំ​២០២៤ នៅ​កម្ពុជា​នឹង​អ្នកចូលរួម និង​មន្ត្រី​ជិត ៤០០​នាក់​។ គោលបំណង​ចម្បង​របស់​សហព័ន្ធ World Kabaddi ដែល​បាន​ជ្រើសរើស​យក​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​នេះ មិន​ត្រឹមតែ​ចង់បាន​ប្រទេស​កម្ពុជា​ជា​កន្លែង​ជ្រើសរើស​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​យក​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​កីឡា​ផង​ដែរ​។ លោក សុខ អាង បាន​បន្ថែម​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ស្រប​តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡា​ឱ្យ កាន់តែ​ទូលំទូលាយ ជា​ពិសេស​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម កាលពី​ឆ្នាំ​២០២៣​ប្រកបដោយ​ភាព​ជោគជ័យ​ផង​ដែរ​៕

Previous articleលោក សែម ផល្លា ៖ អត្តពលិកជាតិ-អន្តរជាតិជិត ៣០០០នាក់មកពី៣៧ប្រទេសបានចុះឈ្មោះរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ឆ្នាំ២០២៤
Next articleក្លឹបមួយនេះមានទំនុក ថាអាចសុំខ្ចីជើង Xavi Simons បាន