បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាកីឡាករ Mazraoui គ្រោងនឹងផ្ទេរពីក្លឹប Bayern ទៅកាន់ក្លឹប United ក្នុងតម្លៃប្រហែល ២១លានផោន ដោយកីឡាករវ័យ ២៦ឆ្នាំរូបនេះចង់ទៅចូលរួមជាមួយនឹងក្លឹបនៅ Premier League។ ប្រភពដដែលបានបន្ថែមទៀតថាក្លឹប United មានការជឿជាក់ថាពួកគេអាចផ្ទេរយកកីឡាករ Mazraoui លុះត្រាតែកីឡាករ Aaron Wan-Bissak ចាកចេញពី Old Trafford តែមួយប៉ុណ្ណោះ។
នៅពេលនេះអ្នកសារព័ត៌មាន Santi Aouna របស់ Foot Mercato បានអះអាងថាក្លឹប Bayern បានយល់ព្រមដោះលែងខ្សែការពាររូបនេះហើយ ហើយគាត់នឹងត្រូវទៅធ្វើតេស្តសុខភាពនៅទីក្រុង Manchester នៅថ្ងៃអង្គារ៍ មុនពេលគាត់ចុះហត្ថលេខាទៅលើកុងត្រាដែលមានសុពលភាពដល់ឆ្នាំ២០២៩។ នេះបានមើលឃើញថាគាត់បានត្រលប់ទៅជួបជុំជាមួយនឹងអតីតអ្នកចាត់ការក្លឹប Ajax លោក Ten Hag ហើយអ្នកចាត់ការរូបនេះក៏បាននាំយកអតីតកូនក្រុមរបស់គាត់ដូចជាAnthony និង Lisandro Martinez ពីក្លឹបយក្សហូឡង់មក United កាលពីដើមអាណត្តិរបស់គាត់ផងដែរ។
កីឡាករ Mazraoui ដែលកើតនៅប្រទេសហូឡង់ បានចាប់ផ្តើមអាជីពរបស់ខ្លួននៅ Ajax មុនពេលចុះហត្ថលេខាផ្ទេរទៅកាន់ Bayern ក្នុងឆ្នាំ២០២២។ គាត់បានបង្ហាញខ្លួនចំនួន ៥៥លើកសម្រាប់ក្រុមអាល្លឺម៉ង់ ប៉ុន្តែពេលវេលារបស់គាត់នៅក្នុងក្រុម Bundesliga ហាក់ដូចជាជិតដល់ទីបញ្ចប់ទៅហើយ។
អ្នកចាត់ការ Erik ten Hag ចង់ឱ្យបញ្ចប់ការផ្ទេរមួយនេះអោយកាន់តែឆាប់ ដើម្បីអាចដាក់បញ្ចូលគាត់ទៅក្នុងក្រុមសម្រាប់ការប្រកួតដំបូងរបស់ពួកគេជាមួយក្លឹប Manchester City ក្នុងពាន Community Shield នៅថ្ងៃទី១០ ខែសីហា៕