បរទេស៖ ក្លឹប Liverpool បានសម្លឹងរកមើលការចុះហត្ថលេខាដ៏សំខាន់មួយនៅរដូវក្តៅនេះ ខណៈពួកគេត្រូវប្រកួតប្រជែងជាមួយនឹងក្លឹប Arsenal និង Manchester City សម្រាប់ពាន Premier League បន្ទាប់ពីបរាជ័យការពីរដូវកាលមុន។ គោលដៅសំខាន់របស់ពួកគេសម្រាប់រដូវក្តៅគឺ Zubimendi របស់ Real Sociedad ខណៈកីឡាករសញ្ជាតិអេស្ប៉ាញបានបង្ហាញទម្រង់លេងទាក់ទាញក្លឹបហង្សក្រហម បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២៤ ជាមួយក្រុមជម្រើសជាតិអង់គ្លេស។
កាលពីដើមសប្តាហ៍នេះ Zubimendi បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការបន្តនៅ Real Sociedad ដែលជាការប៉ះទង្គិចដ៏ធំមួយចំពោះក្តីសង្ឃឹមរបស់ក្លឹប Liverpool ក្នុងការនាំយកកីឡាករវ័យ ២៥ឆ្នាំមកពង្រឹងនៅតំបន់បម្រើរបស់ខ្លួនរបស់ខ្លួននៅរដូវក្តៅនេះ។ លោក Slot បានបញ្ជាក់អំពីការបរាជ័យនៃការផ្ទេរ ហើយក៏បាននិយាយអំពីការខ្វះខាតការចុះហត្ថលេខាយកកីឡាករថ្មីនៅរដូវក្តៅនេះ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនការប្រកួតបើកឆាក Premier League របស់ពួកគេ លោក Slot បាននិយាយថា៖ “ខ្ញុំបាននិយាយជាច្រើនដងរួចមកហើយថា ក្រុមរបស់យើងពិតជាខ្លាំង ដូច្នេះវាមិនងាយស្រួលទេក្នុងការស្វែងរកកីឡាករដើម្បីពង្រឹង។ កីឡាករ Zubimendi គឺជាម្នាក់ ប៉ុន្តែគាត់បានជ្រើសរើសមិនមកទីនេះ ដូច្នេះយើងឆ្ពោះទៅមុខ ជាមួយនឹងអ្វីដែលយើងមាន។ យើងស្ថិតក្នុងកន្លែងដ៏ល្អ ហើយ Richard កំពុងព្យាយាមកែលម្អក្រុម។ ក្រោយកីឡាករ Zubimendi មិនចង់មក ហើយ Richard បានព្យាយាមគ្រប់យ៉ាង។ យើងរក្សាក្រុមដដែល ប៉ុន្តែពួកយើងបានបាត់បង់កីឡាករ Thiago, Joel និង Adrian ហើយអ្នកតែងតែនិយាយអំពីការផ្ទេរ ប៉ុន្តែយើងមានក្រុមដ៏ល្អមួយរួចហើយ”។
គ្រូបង្វឹក Liverpool ក៏បាននិយាយអំពីកង្វះនៃការផ្ទេរកីឡាករនៅរដូវក្តៅនេះផងដែរ ដោយគាត់បាននិយាយថា៖ “ការលើកឡើងនោះ ខ្ញុំមិនយល់ទេ។ ប្រសិនបើអ្នកមិនពង្រឹង អ្នកនឹងខ្សោយ? យើងនៅដដែល។ ខ្ញុំពិតជាជឿថាអ្នកអាចជួយបាននៅលើទីលានហ្វឹកហាត់ និងធ្វើអោយបានប្រសើរឡើង។ វាបានជួយកីឡាករឱ្យប្រសើរឡើងនៅទីនេះ។ ប្រសិនបើក្លឹបផ្សេងទៀតពង្រឹងពួកគេកាន់តែល្អ ប៉ុន្តែវាមិនតែងតែជាការពិតទេដែលកីឡាករថ្មីធ្វើឱ្យអ្នកកាន់តែរឹងមាំ។ កីឡាករគ្រប់រូបក្នុងក្រុមត្រូវការទស្សនវិស័យលើពេលវេលាលេង។ ខ្ញុំ និង Richard បានព្យាយាមពង្រឹង ប្រសិនជាពួកយើងគិតថាយើងបានរកឃើញនរណាម្នាក់ យើងនឹងព្យាយាមនាំគាត់មក។ ជាអកុសល អ្នកដែលយើងបានរកឃើញ (Zubimendi) និយាយថាទេ”។
ក្រុមហង្សក្រហមនឹងចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេជាមួយនឹងការធ្វើដំណើរទៅកាន់កីឡដ្ឋាន Portman Road ដើម្បីប្រកួតជាមួយក្រុម Ipswich Town នៅថ្ងៃទី១៧ ខែសីហា។ ឥឡូវនេះ Liverpool នៅសល់ពេលជាងពីរសប្តាហ៍ប៉ុណ្ណោះក្នុងការចុះហត្ថលេខាលើកដំបូងរបស់ពួកគេក្នុងរដូវក្តៅជាមួយនឹងទីផ្សារដោះដូរកីឡាករនឹងបិទនៅម៉ោង ១១យប់ នៅថ្ងៃទី៣០ ខែសីហា៕