កីឡាឡើងភ្នំកម្ពុជាចេញទៅប្រកួតជើងឯកយុវជនពិភពលោក នៅប្រទេសចិន

ភ្នំពេញ៖ លោក ឡាំង អូ​ណា ប្រធាន​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ អគ្គលេខាធិការ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ឡើង​ភ្នំ​កម្ពុជា​៧​នាក់​ទៅ​ចូលរួម​ប្រកួត​កីឡា​ឡើង​ភ្នំ ជើងឯក​យុវជន​ពិភពលោក ឆ្នាំ​២០២៤ (IFSC Youth World Championships 2024) នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃ​ទី​២២-៣១ ខែសីហា ឆ្នាំ​២០២៤​។

លោក ឡាំង អូ​ណា គូសបញ្ជាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មុន​ពេល​ចេញដំណើរ នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤​នេះ​ថា សហព័ន្ធ​បាន​បញ្ជូន​ក្រុម​គណៈប្រតិភូ អគ្គលេខាធិការ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ឡើង​ភ្នំ​កម្ពុជា សរុប​៧​នាក់ ក្នុង​នោះ​មាន​កីឡាករ ២​នាក់ និង​កីឡាការិនី ២​នាក់​ទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ IFSC Youth World Championships 2024 នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​កំណើត​អាយុ​ក្រោម​២០​ឆ្នាំ​។

លោក​ប្រធាន​បាន​បន្ត​ថា ការ​ប្រកួត​កម្រិត​ពិភពលោក​បែប​នេះ​ជា​លើក​ទី​២ ហើយ​សម្រាប់​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា ដោយ​កាលពី​ប្រកួត​លើក​ទី​១ បាន​ធ្វើ​ឡើង​នៅ​ប្រទេស​អ៊ី​តា​លី ឆ្នាំ​២០២៣ ដោយ​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ត្រឹមតែ ២​នាក់​។ ការ​ប្រកួត​នៅ​ប្រទេស​ចិន​លើក​នេះ សហព័ន្ធ​អាច​បញ្ជូន​កីឡាករ​-​កីឡាការិនី​ឡើង​ភ្នំ​កម្ពុជា ៤ នាក់ ដោយសារ​សហព័ន្ធ​ទទួល​បានការ​ឧបត្ថម្ភ​ពី​បណ្តាល​អ្នកគាំទ្រ និង​ថ្នាក់ដឹកនាំ ទើប​ធ្វើ​ឱ្យ​សហព័ន្ធ​មាន​លទ្ធភាព​បញ្ជូន​ក្រុម​អត្ត​ព​លិ​កបាន​ច្រើន​នាក់​។ សហព័ន្ធ​ក៏​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ប្រចាំឆ្នាំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​អភិ​ឌ្ឍ​ន៍​វិស័យ​កីឡា​ឡើង​កម្ពុជា​ដែរ​។ ការ​អភិ​ឌ្ឍ​ក្រុម​កីឡាករ កីឡាការិនី​ថ្នាល​នេះ លោក​ត្រូវការ​ច្រើន​ទាំង​ថវិកា និង​ពេលវេលា ដែល​ជា​រួមចំណែក​ដ៏​សំខាន់​របស់​សហព័ន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក ឡាំង អូ​ណា បាន​បញ្ជាក់​ថា ការ​ប្រកួត​លើក​នេះ​ជា​កម្រិត​ពិភពលោក ទោះបី​លោក​ដឹង​ថា កម្រិត​បច្ចេកទេស​នៅ​ឆ្ងាយ​ពី​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​ក្រុម​អត្ត​ព​លិ​ក​ឡើង​ភ្នំ​កម្ពុជា​នឹង​ព្យាយាម​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ហើយ​អ្វី​ដែល​សំខាន់​បំផុត គឺ​ត្រៀមខ្លួន​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ឆ្នាំ​២០២៥​ខាង​មុខ​។ សម្រាប់​គោលដៅ​ធំ​បំផុត​របស់​សហព័ន្ធ​នោះ គឺ​ចង់ឱ្យ​ក្រុម​អត្ត​ព​លិ​ក​ឡើង​ភ្នំ​កម្ពុជា​ឆ្លងកាត់​ប្រកួត​កម្រិត​អន្តរជាតិ​ឱ្យ​សបាន​ច្រើន ដើម្បី​ទទួលយក​បទ​សោធន៍ និង​ជា​ការ​ស្ទាប់ស្ទង់​សមត្ថភាព​ខ្លួនឯង​ទៀត​ផង​៕

Previous articleស្ថានទូតកម្ពុជាប្រចាំជប៉ុន រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ” និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍
Next articleការប្រកួតកីឡាបេស្បលហ្វាយលីគកម្ពុជា លើកទី១ ផ្តល់ផលចំណេញដល់យុវជន