ឥណ្ឌា៖ កីឡាករតេក្វាន់ដូ ITF កម្ពុជា សម្បិត្ត សុវណ្ណរ៉េន បានឈ្នះ មេដាយសំរឹទ្ធ១គ្រឿង នៅថ្ងៃបើកឆាក ទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា។
មន្ត្រីសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានប្រាប់មកថា កីឡាករ សម្បិត្ត សុវណ្ណរ៉េន ដែលទទួលបានមេដាយសំរឹទ្ធ១គ្រឿងនេះ គឺក្រោយពីឈ្នះពីរប្រកួត និងចាញ់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយប៉ះម្ចាស់ក្បាច់គុនដើម កូរ៉េខាងជើង។ ប្រកួតទី១ កីឡាករ សម្បិត្ត សុវណ្ណរ៉េន ជួបជាមួយម្ចាស់ផ្ទះ ឥណ្ឌា ក្នុងលទ្ធផលពិន្ទុ ៥-០ ហើយនៅប្រកួតទី២ បន្តប្រកួតជាមួយកីឡាករ ម៉ាឡេស៊ី ធ្វើបានក្នុងពិន្ទុ ៤-១។ ប្រកួតទី៣ ដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺចាញ់ម្ចាស់ក្បាច់គុន កូរ៉េខាងជើង ក្នុងលទ្ធផល ពិន្ទុ ១-៣ ដោយកីឡាករ សម្បត្តិ សុវណ្ណរ៉េន ទទួលបានចំណាត់ថ្នាក់លេខ៣។
នេះជាវិញ្ញាសាដំបូងរបស់កម្ពុជា ដែលបានចាប់ផ្តើមប្រកួតមុនគេ ក្នុងចំណោមវិញ្ញាសាជាច្រើនទៀត ដែលមានកីឡាករ កីឡាការិនីកម្ពុជា សរុប១៧នាក់ ក្នុងនោះកីឡាករ ១១នាក់ និងកីឡាការិនី ៦នាក់។ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា ចាប់ផ្តើមពីថ្ងៃទី២១-២៥ ខែសីហា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីនេះ មានចំនួន២៧រូបដឹកនាំដោយឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ទទួលបន្ទុកប្រធានប្រតិភូ អមដោយអនុប្រធានប្រតិភូពីររូប គឺឯកឧត្តម ផាន់ វណ្ណរ័ត្ន និងឯកឧត្តម លឹម រតនៈ អនុប្រធានសហព័ន្ធ និងសមាជិក៣រូប គឺឯកឧត្តម រាជ សម្រេច ឯកឧត្តម តាំង ស៊ុនឡាយ និងឯកឧត្តម ខុម ឌីណា។ ឯកឧត្តម ហ៊ឹម រីដា អាជ្ញាកណ្តាល ឯកឧត្តម បួនហ៊ីង សុធីយ៉ា គ្រូបង្វឹក អមដោយគ្រូជំនួយ គឺលោក ប៉ាល់ ជីវ័ន និងលោក ទ្រី វរលក្ខណ៍ ខណៈកីឡាករ មានចំនួន១១នាក់ និងកីឡាការិនី៦នាក់៕