កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ បានលេខ៤ ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024

ភ្នំពេញ៖ កីឡាករ​ប្រណាំង​ម៉ូតូ GP ឈឹ​ម ពិសិដ្ឋ បាន​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ ក្រោយ​ពី​បាន​លទ្ធផល​ល្អ ក្នុង​ការ​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

ប្រកួត​ក្នុង Class Supper Sport 600cc កីឡាករ ឈឹ​ម ពិសិដ្ឋ មិន​បាន​គិត​ថា ខ្លួន​ទទួល​បាន​លទ្ធផល​លើស ការ​រំពឹង​ទុក​បែប​នេះ​ឡើយ ដោយ​ការ​ប្រណាំង​របស់ ពិសិដ្ឋ ក្នុង​ស៊េរី ដែល​មាន​អ្នក​ប្រណាំង​ចំនួន​៩​នាក់ រូបគេ​ជាប់​ចំណាត់ថ្នាក់​លេខ​៤​។ នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​អ្នក​ប្រណាំង​ម៉ូតូ​វ័យក្មេង​កម្ពុជា​រូប​នេះ គឺ​តែងតែមាន​វត្តមាន របស់​គ្រូបង្វឹក ជា​អ្នក​ជំរុញ មិន​ថា​ការ​ចេញ​ប្រកួត លើក​ដំបូង និង​ការ​ប្រកួត​លើក​នេះ​ទៀត​ផង​។ នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយ របស់​កីឡាករ ឈឹ​ម ពិសិដ្ឋ ជាមួយនឹង​ការ​តាំងចិត្ត​ខ្ពស់​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​បែប​នេះ នា​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត​។

បើ​ទោះជា​មិន​ទាន់​ឈាន​ដល់​កម្រិត​មួយ​ល្អ​ប្រសើរ​ខ្លាំង​យ៉ាងណា​ក្តី កីឡាករ​មក​ពី​ក្លឹ​ប​ប្រណាំង​មេគង្គ​រូប​នេះ នៅ​តែ​ធ្វើ​បាន​យ៉ាង​ល្អ​គួរ​ឱ្យ​គត់​សម្គាល់ ហើយ​ក៏​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​របស់ ឈឹ​ម ពិសិដ្ឋ ក្នុង​ការ​ឈាន​ចូល​ក្នុង​កម្រិត​ប្រណាំង​ខ្ពស់​ជាង កាលពី​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ដំបូង ក្នុង​នាម​ជា​កីឡាករ​ថ្មី​។

អ្នក​ប្រណាំង​កម្ពុជា ឈឹ​ម ពិ​សិទ្ធិ បាន​ចាក​ចេញពី​កម្ពុជា ដើម្បី​ទៅ​ចូលរួម​ការ​ប្រណាំង​ម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ ឈឹ​ម ពិសិដ្ឋ ត្រូវ​ប្រណាំង​លើ​វិញ្ញាសា​ម៉ូតូ​ស្ព័​រ 600cc Super Roki ប៉ុន្តែ​តាម​រយៈ​លទ្ធផល​ល្អ កីឡាករ​កម្ពុជា​រូប​នេះ​ត្រូវ​បាន​គណៈកម្មការ​ឱ្យ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា Class Supper Sport 600cc​។ ជា​លទ្ធផល កីឡាករ ឈឹ​ម ពិសិដ្ឋ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ស៊េរី ៩​នាក់ ដោយ​ការ​ប្រកួត​នេះ​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៣០ ខែសីហា ដល់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៤៕

Previous articleគ្រូបង្វឹកចិនហុងកុងបង្ហាញពីចក្ខុវិស័យនាំយកបទពិសោធន៍ការប្រណាំងឡានកម្រិតអន្តរជាតិមកកម្ពុជា
Next articleលោក Koeman និយាយអំពីបញ្ហារបួសកីឡាករ Frenkie de Jong