បរទេស៖ បន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវល្អ ជាពិសេសក្នុងការប្រកួតដ៏លំបាកជាមួយក្រុម Liverpool បានធ្វើអោយមានការរំពឹងទុកអំពីការចាកចេញដ៏មានសក្តានុពលរបស់ Casemiro ពីទឹកដី Old Trafford។ ក្លឹប Galatasaray បាននឹងកំពុងពិចារណាលើការផ្ទេរយកកីឡាករ Casemiro ខណៈទីផ្សារដោះដូរកីឡាកររបស់ទួរគីនៅបើករហូតដល់ថ្ងៃសុក្រសប្តាហ៍ក្រោយ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាអតីតតារា Real Madrid មិនមានបំណងចង់ចាកចេញពី Manchester United នោះទេ។
រដូវកាលដំបូងរបស់កីឡាករ Casemiro នៅក្លឹប Manchester United ទទួលបានភាពជោគជ័យយ៉ាងខ្លាំងបន្ទាប់ពីការផ្ទេរតម្លៃ ៧០លានផោនរបស់គាត់ពីក្លឹប Real Madrid នៅរដូវក្តៅឆ្នាំ២០២២។ កីឡាករសញ្ជាតិប្រេស៊ីលបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹប United ទទួលបានចំណាត់ថ្នាក់កំពូលទាំងបួន និងបានកៅអីនៅ UEFA Champions League កាលពីពេលនោះ។ ទោះជាយ៉ាងណាក៏ដោយ រដូវកាលឆ្នាំ ២០២៣-២៤ ទម្រង់លេងរបស់កីឡាករវ័យ ៣២ឆ្នាំបានធ្លាក់ចុះគួរអោយកត់សំគាល់ ដោយគាត់បានបង្កើតនៅកំហុសឆ្គង់ជាច្រើនពេលប្រកួតនៅលើទីលាន។ ហើយការតស៊ូនាពេលថ្មីៗនេះ ក្នុងការប្រកួតនឹងក្រុមហង្សក្រហមបានធ្វើឱ្យអនាគតរបស់គាត់ស្ថិតក្នុងភាពមិនច្បាស់លាស់នៅក្រោមការដឹកនាំរបស់លោក Erik ten Hag ។
កីឡាករ Casemiro មិនបានចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cup នាពេលខាងមុខជាមួយប្រទេសអេក្វាឌ័រ និងប៉ារ៉ាហ្គាយនោះទេ។ កត្តានេះបានធ្វើអោយមានបញ្ហាបន្ថែមទៀតសម្រាប់ខ្សែបម្រើរូបនេះ និងក្លាយជាការចោទជាសំណួរអំពីជំហរបច្ចុប្បន្នរបស់គាត់ទាំងនៅក្លឹប និងជម្រើសជាតិ។ ជាងនេះទៅទៀត តំណែងរបស់គាត់នៅ United កាន់តែមានភាពមិនច្បាស់លាស់ក្រោយការមកដល់របស់កីឡាករ Manuel Ugarte ពីក្លឹប Paris Saint-Germain ។ ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្គាយ ដែលបានចូលរួមជាមួយបិសាចក្រហមក្នុងកិច្ចព្រមព្រៀងតម្លៃ ៥០.៥លានផោន នឹងត្រូវមកប្រកួតប្រជែងជាមួយកីឡាករ Casemiro សម្រាប់កន្លែងជម្រើសដំបូងនៅក្នុងតំបន់ខ្សែបម្រើ ហើយវាអាចធ្វើអោយគាត់ស្ថិតនៅក្នុងកៅអីបម្រុងច្រើននៅក្នុងរដូវកាលនេះ ក្រោយការបង្ហាញទម្រង់លេងរបស់គាត់ក្នុងការប្រកួតជាមួយក្លឹប Liverpool។
វាត្រូវបានគេជឿជាក់ថាកីឡាករ Casemiro មិនត្រូវបានបង្អាក់ដោយការប្រកួតប្រជែងនេះទេ ខណៈគាត់ទទួលបានការគាំទ្រដើម្បីអាចទទួលបានតំណែងគាត់ក្នុងជម្រើសដំបូង។ បច្ចុប្បន្នគាត់គឺជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ Manchester United ដោយទទួលបាន ៣៧៥០០០ផោនក្នុងមួយសប្តាហ៍ ហើយវាមិនទំនងដែល Galatasarayហ៊ានចំណាយនៅប្រាក់ឈ្នួលមួយនេះ។ បិសាចក្រហមសង្ឃឹមថានឹងទទួលបានការផ្តល់ជូនជាផ្លូវការពីក្លឹបមួយនៅ Saudi Pro League ប៉ុន្តែជាមួយនឹងទីផ្សារដោះដូរកីឡាករពេលនេះបានបិទទៅហើយ ធ្វើអោយលទ្ធភាពនៃការផ្ទេររបស់កីឡាករ Casemiro ទៅកាន់មជ្ឈិមបូព៌ាបានរលាយបាត់ទៅហើយ៕