បរទេស៖ កីឡាករ Martial ដែលបានចាកចេញពី Manchester United នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងរដូវកាល ២០២៣-២៤ ដោយគ្មានតម្លៃខ្លួន។ ខណៈពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅនៅតែបើកចំហ ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបពីរ ខណៈក្លឹប Atalanta និង Lille ត្រូវបានគេរាយការណ៍ថាបានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទាំងពីរមិនបានសម្រេចនោះទេ។
នេះបើយោងតាមការចេញផ្សាយរបស់ SPORT24 បានអោយដឹងថាក្លឹបយក្សក្រិច AEK Athens បានទាក់ទងអតីតតារាឆ្នើមរបស់ United ជាមួយនឹងការផ្តល់ជូនដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹប។ ការផ្តល់ជូននេះត្រូវបានគេរាយការណ៍ថាមានច្រើនជាងអ្វីដែលអតីតកីឡាកររបស់ Spurs Erik Lamela រកបាននៅក្លឹបចំនួន ២លានអឺរ៉ូទៅទៀត។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ក៏បានអះអាងផងដែរថាកីឡាករ Martial ប្រហែលជាមិនត្រូវបានបញ្ចុះបញ្ចូលឱ្យផ្ទេរទៅលីគក្រិកនៅអាយុ ២៨ ឆ្នាំនោះទេ ព្រោះគាត់អាចរង់ចាំការផ្តល់សំណើរពីលីគកំពូលទាំង ៥របស់អឺរ៉ុប។
ក្រៅពីកីឡាកររូបនេះក្លឹប AEK Athens ក៏កំពុងសម្លឹងមើលការផ្ទេរយកកីឡាករ David Datro Fofana ពីក្លឹប Chelsea ខណៈពេលដែលកីឡាកររូបនេះក៏មានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញពី Stamford Bridge នៅរដូវកាលនេះផងដែរ៕