ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី បានប្រកាសជាផ្លូវការហើយថា ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ គឺមេដាយមាសផ្នែកប្រយុទ្ធអាជីព ទទួលបាន ៣០០០ដុល្លារ ខណៈកីឡាករ កីឡាការិនីឆ្នើមៗ ក្នុងចំណោម១៤វិញ្ញាសានឹងទទួលបានពានរង្វាន់ពិសេសអមដោយរង្វាន់ម៉ូតូថ្មី១គ្រឿង ក្នុងតម្លៃត្រឹម ៣០០០ដុល្លារ។
នេះជាការបញ្ជាក់ជូនរបស់ឯកឧត្តម វ៉ាត់ ចំរើន នៅក្នុងបទសម្ភាសន៍មួយ នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«ប្រាក់រង្វាន់លើកទឹកចិត្រ សម្រាប់មេដាយមាស ផ្នែកប្រយុទ្ធអាជីព ទទួលបានចំនួន ៣០០០ដុល្លារ មេដាយប្រាក់ ២០០០ដុល្លារ និងមេដាយសំរឹទ្ធ ទទួលបាន ១០០០ដុល្លារ។ សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងផ្នែកអ្នកប្រកួតស្ម័គ្រចិត្ត ឬក្រៅអាជីព គឺមេដាយមាស ទទួលបាន ២៥០០ដុល្លារ, មេដាយប្រាក់ ទទួលបាន ២០០០ដុល្លារ និងមេដាយសំរឹទ្ធ ទទួលបាន ១០០០ដុល្លារ។ នេះជាប្រាក់រង្វាន់លើកទឹកចិត្តផ្ទាល់របស់សម្តេចធិបតី នៅក្នុងការប្រកួតពានរង្វាន់សម្តេចធិបតី លើកទី១ ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះក៏ជាការជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីក្រោយៗទៀតមានការខិតខំប្រឹងប្រែងហ្វឹកហាត់ សម្រាប់ព្រឹត្តិការណ៍បន្តបន្ទាប់ទៀត»។
«បន្ថែមពីលើនេះ យើងនឹងបង្កើតក្រុមព្រឹទ្ធាចារ្យយុទ្ធគុនចម្រុះមួយទៀត ដើម្បីតាមដានពិនិត្យ វាយតម្លៃចំពោះកីឡាករ ឬកីឡាការិនីដែលឆ្នើមជាងគេ (ក្នុង១ប្រភេទទម្ងន់ ឬ១វិញ្ញាសា) ដែលប្រកួតមានលក្ខណៈបច្ចេកទេសល្អ មានការគោរពអាជ្ញាកណ្តាល ចៅក្រមបានល្អ គោរពទស្សនិកជនបានល្អ ប្រកួតមានគោលការណ៍ Fair Play ដោយក្នុងស្ថានភាពគ្រោះថ្នាក់ មិនវាយថែមលើដៃគូប្រកួត គឺនឹងទទួលបានពានពិសេសមួយទៀតពីសម្តេចធិបតី អមដោយរង្វាន់ម៉ូតូថ្មីមួយគ្រឿង ក្នុងតម្លៃត្រឹម ៣០០០ ដុល្លារ។ ដូច្នេះប្រាក់រង្វាន់លើកទឹកចិត្តតាមកម្រិតចំណាត់ថ្នាក់នីមួយៗ លេខ១ លេខ២ និងលេខ៣ ទាំងផ្នែកអាជីព និងផ្នែកស្ម័គ្រចិត្ត និងពានរង្វាន់អមដោយម៉ូតូថ្មីមួយគ្រឿង គឺមានចំនួនច្រើន ដោយសរុបមាន១៤វិញ្ញាសា គឺមានម៉ូតូថ្មីក្នុងតម្លៃ ៣០០០ដុល្លារចំនួន ១៤គ្រឿង ត្រៀមសម្រាប់អ្នកឆ្នើមលើ១៤វិញ្ញាសានេះដែរ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានប្រកាសផ្សព្វផ្សាយច្បាស់ៗរួចហើយជូនដល់គ្រូបង្វឹកទាំងអស់ឱ្យផ្សព្វផ្សាយបន្តដល់កីឡាករ កីឡាការិនីរបស់ខ្លួន តាមរយៈវគ្គបណ្តុះបណ្តាលគ្រូងបង្វឹក លើកទី១ ដោយមានការចូលរួមជិត១០០នាក់ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC ហើយនឹងបន្តវគ្គដូចគ្នានេះជាលើកទី២ នាពេលខាងមុខ និងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមមួយទៀតផងដែរ មុនការប្រកួតផ្លូវការចូលមកដល់។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចសង្កត់ធ្ងន់ថា នេះគឺជាការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីចំពោះការខិតខំរបស់កីឡាករ កីឡាការិនី ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាព និងបញ្ជាក់ថា សម្តេចធិបតីនឹងអញ្ជើញផ្តល់កិត្តិយសជាអធិបតីក្នុងពិធីបិទការប្រកួត ហើយសម្តេចធិបតីនឹងផ្តល់រង្វាន់ដោយផ្ទាល់ផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់កីឡាករ កីឡាការិនី ទាំងស្ថិតក្រោមសហព័ន្ធ ឬក្លឹប ឬមិនមានសហព័ន្ធ មិនមានក្លឹបក្តី ក៏អាចចូលរួមប្រកួតបានដែរ ដោយអាចទាក់ទងចុះឈ្មោះឱ្យបានច្រើនកុះករ និងទាន់ពេលវេលា៕