លោក ខេស៊ី បាណេត ៖ ចំបាប់កម្ពុជានឹងឈ្នះមេដាយ១០គ្រឿង ការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី នៅថៃ នាខែតុលា ឆ្នាំ២០២៤

ភ្នំពេញ៖ លោក ខេ​ស៊ី បា​ណេ​ត ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ី​អាគ្នេយ៍ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍​-​អូ​សេ​អា​នី​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ពី​ថ្ងៃ​ទី​២៥-២៩ ខែតុលា ឆ្នាំ​២០២៤ ខណៈ​កម្ពុជា​រំពឹង​ថា​នឹង​ឈ្នះ​មេដាយ​ក្នុង​ចន្លោះ ៥​ទៅ​ដល់​១០​គ្រឿង​។

លោក ខេ​ស៊ី បា​ណេ​ត បាន​សង្កត់ធ្ងន់​ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ថា ៖«​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ចូលរួម​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍​-​អូ​សេ​អា​នី ឆ្នាំ​២០២៤ ដោយ​ទើប​នៅ​ឆ្នាំ​២០២៤​នេះ សហព័ន្ធ​ចំបាប់​អាស៊ី​គ្នេ​យ៍ស​ម្រេច​ប​ញ្ជូ​ល​ទ្វីប​អូ​សេ​អាស៊ី​ចូលរួម​ប្រកួត​នេះ​។ បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​អូ​សេ​អា​នី មាន​ដូច​ជា​អូ​ស្រា​លី នូ​វែ​ល​សេ​ឡង់ រួម​ទាំង​ប្រទេស​មួយ​ចំនួន​ទៀត ក្នុង​ទ្វីប​នេះ​គ្រោង​នឹង​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចូលរួម​ប្រកួតប្រជែង​មេដាយ​។ ហេតុផល​សំខាន់​តែ​១​ប៉ុណ្ណោះ ក្នុង​ការ​បន្ថែម​ប្រទេស​ក្នុង​អូ​សេ​អា​នី គឺ​ដើម្បី​ពង្រឹង​ការ​ប្រកួតប្រជែង​នេះ​ឱ្យ​កាន់តែ​រឹង​មាំ ដោយ​កាលណា​បាន​ប្រទេស​ថ្មី​ៗ​ច្រើន​ចូលរួម​ច្រើន នោះ​យើង​ក៏​បាន​បន្ថែម​បាន​នូវ​បទ​ពិសោធន៍​ផង​ដែរ​»​។

ព្រឹត្តិការណ៍​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍​-​អូ​សេ​អា​នី ឆ្នាំ​២០២៤​នេះ​មាន​សម្រាប់​ប្រភេទ​អាយុ​ក្រោម​១៥​ឆ្នាំ ក្រោម​១៧​ឆ្នាំ និង​ឈុត​ធំ ខណៈ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នឹង​គ្រោង​បញ្ជូន​កីឡាករ កីឡាការិនី​របស់​ខ្លួន​ចំនួន ២២​នាក់​ចូលរួម​ប្រកួតប្រជែង​មេដាយ និង​មន្ត្រី​អាជ្ញាកណ្តាល​២​នាក់​។ អនុប្រធាន​សហព័ន្ធ​ចំបាប់​កម្ពុជា​រូប​នេះ​ដាក់​ក្តី​សង្ឃឹមថា ៖«​ចំបាប់​កម្ពុជា​នឹង​អាច​ឈ្នះ​មេដាយ​ក្នុង​ចន្លោះ ៥​ដល់​១០​គ្រឿង ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ហ៊ាន​ធានា​ថា​តើ​ចំនួន​មេដាយ​នេះ​អាច​ជា​មេដាយមាស ប្រាក់ ឬ​សំរឹទ្ធ​ប៉ុន្មាន​នោះ​ទេ​»​។

ជាមួយ​គ្នា​នេះ លោក ខេ​ស៊ី បា​ណេ​ត កត់សម្គាល់​ឃើញ​ថា ប្រទេស​អូស្ត្រាលី​បាន​ទទួលយក​កីឡាករ​រុ​ស្ស៊ី​មួ​ចំនួន ដែល​មាន​ភាព​ខ្លាំងក្លា ពិបាក​ក្នុង​ការ​យកឈ្នះ​។ ក្រៅពី​នេះ​យើង​មាន​សង្ឃឹម​ច្រើន ក្នុង​ការ​ប្រកួត​យកឈ្នះ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដូច​ជា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ កន្លង​ទៅ​នៅ​កម្ពុជា គឺ​យើង​បាន​ឈ្នះ​មេដាយ​សរុប​ចំនួន ២០​គ្រឿង ដែល​ជា​ចំនួន​មេដាយ​ច្រើន​ជាងគេ ក្នុង​ចំណោម​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​របស់​កម្ពុជា​។ បន្ថែម​ពីលើ​នេះ សហព័ន្ធ​ចំបាប់​កម្ពុជា ដែល​ធ្វើ​ម្ចាស់ផ្ទះ ជើងឯក​អាស៊ី​អាគ្នេយ៍ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២៣ គឺ​យើង​នៅ​តែ​រក្សា​បាន​ភាព​ខ្លាំង​ក្នុង​គុន​ភាព​បច្ចេកទេស​ល្អ ដោយ​មាន​សង្ឃឹម​ក្នុង​ការ​ឈ្នះ​មេដាយ ក្នុង​ព្រឹត្តិការណ៍​ដូច​គ្នា ឆ្នាំ​២០២៤​នេះ នៅ​ប្រទេស​ថៃ​។

ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ី​អាគ្នេយ៍ លោក ខេ​ស៊ី បា​ណេ​ត លើក​ឡើង​ថា ឆ្នាំ​២០២៤​នេះ សហព័ន្ធ​បាន​សម្រេច​ផ្តល់​សិទ្ធិ​ជូន​ដល់​ប្រទេស​ថៃ​ជា​អ្នក​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​-​អូ​សេ​អា​នី គឺ​ដោយសារ​តែ​ប្រទេស​ថៃ​ចង់បាន​បទ​ពិសោធន៍ ក្នុង​ការ​សម្រួច​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នា​ឆ្នាំ​២០២៥​ខាង​មុខ នៅ​ប្រទេស​របស់​ខ្លួន​ឱ្យ​កាន់តែ​ដំណើរការ​ដោយ​រលូន​។ ដូច្នេះ​យើង​ឃើញ​ផលប្រយោជន៍​នេះ គឺ​យើង​បាន​ឯកភាព​ផ្តល់​សិទ្ធិ​ដល់​ប្រទេស​ថៃ​តែ​ម្តង​៕

Previous articleអគ្គលេខាធិការ FFC ៖ ការបញ្ចប់កុងត្រាគ្រូបង្គោលកម្ពុជា លោក Felix Dalmas គឺជាការបំពេញចិត្តគាំទ្រឱ្យគ្នាទៅវិញទៅមក
Next articleAaron Ramsdale បង្ហើបថាខ្លួនត្រូវក្លឹប Arsenal បង្ខំអោយចាកចេញ