ភ្នំពេញ៖ ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយមិនត្រឹមតែសិក្សាស្រាជ្រាវចងក្រងត្រឹមតែនៅលើទឹកដីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកការសិក្សាស្រាវជ្រាវទៅដល់អតីតអាណាចក្រខ្មែរ ដូចជានៅអតីតទឹកដីខ្មែរ កម្ពុជាក្រោម ត្រាត រហូតដល់មីយ៉ាន់ម៉ា និងឡាវជាដើម។
នេះបើតាមការអះអាងរបស់ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ដែលគ្រោងនឹងរៀបចំប្រកួតពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់យ៉ាងដូច្នេះថា ៖«សេចក្តីសម្រេចលេខ ១៨១ សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដើម្បីស្រាវជ្រាវ ដែលក្នុងនោះមានក្រុមជំនុំពិសេសមួយ ដែលមានការចូលរួមពីរាជបណ្ឌិត្យសភាកម្ពុជា សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ ប្រវត្តិវិទូ អ្នកស្រាវជ្រាវស្លឹករឹត សិលាចារឹក អ្នកស្រាវជ្រាវយុទ្ធគុនពីមុនៗមួយក្រុម។ ក្រុមជំនុំនេះនឹងស្រាវជ្រាវឱ្យមានភាពជាក់លាក់នៃភាពសម្បូរបែបរបស់យុទ្ធគុនដូនតាខ្មែរ។ ដូច្នេះ យើងប្រមែលប្រមូលធាតុផ្សំផ្សេងៗបូកផ្សំទាំងសិលាចារឹក និងតឹកតាងផ្សេងៗទៀត ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយការស្រាវជ្រាវនេះមិនត្រឹមតែស្ថិតនៅលើកទឹកដីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្រាវជ្រាវទៅដល់អតីតអាណាចក្រខ្មែរ ទៅទៀត ដែលនៅសេសសល់នៅលើទឹកដីកម្ពុជាក្រោម ត្រាត នៅខាងអាណាចក្រដើមរបស់ខ្មែរ រហូតដល់មីយ៉ាន់ម៉ា ឡាវជាដើម»។
«ទាំងអស់នេះ គឺជាការជីកកកាយយកមករៀបចំចងក្រងឱ្យឃើញថា យុទ្ធគុនខ្មែរបុរាណមានភាពចម្រុះច្រើន ដោយភាពសម្បូរបែបនេះហើយ ដែលជារតនៈសម្បត្តិវប្បធម៌ជាតិរបស់យើង ដោយយើងត្រូវកំណត់និយមន័យ ទ្រឹស្តីឱ្យបានច្បាស់លាស់ថាតើក្បាច់គុនខ្មែរយើងមានភាពខុសប្លែកពីក្បាច់គុនគេយ៉ាងដូចម៉េច។ បន្ថែមពីលើនេះ យើងមិនត្រឹមតែស្រាវជ្រាវតែទៅលើយុទ្ធគុនប៉ុណ្ណោះទេ គឺថែមទាំងស្រាវជ្រាវលើយុទ្ធមន្ត ដែលមានន័យថា ដូនតាខ្មែរ ព្រះមហាក្សត្រគ្រប់ជំនាន់នៃសម័យអង្គរមានភាពខ្លាំងក្លា ដោយសារយុទ្ធមន្ត។ ការរៀនយុទ្ធមន្ត ដើម្បីផ្គុំបញ្ជូលគ្នាជាមួយយុទ្ធគុន ក្នុងការពង្រីកទឹកដី និងការកសាងអាណាចក្រខ្មែរដ៏រុងរឿង»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។
អនុប្រធានអចិន្ត្រៃយ៍សង្កត់ធ្ងន់ទៀតថា យុទ្ធមន្ត យុទ្ធសាស្ត្រ នៅក្នុងការធ្វើសង្គ្រាមក៏យើងត្រូវជីកកកាយឡើងវិញដែរ ដើម្បីដាក់ជូនឱ្យប្រជាពលរដ្ឋបានឃើញ។ នៅក្នុងការប្រកួតយុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី យើងនឹងដាក់បង្ហាញនូវភស្តុតាងនៃវីរភាពមួយចំនួន ដែលព្រះមហាក្សត្រខ្មែរជាមហាបុរសយុទ្ធគុនចម្រុះខ្មែរបុរាណ ហើយព្រះមហាក្សត្រណា ដែលយើងលើកតម្កើងជាមហាយុទ្ធគុនកំពូលក៏យើងដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹង។
គួរបញ្ជាក់ថា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ជាប្រធាន និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ ជាអនុប្រធាន និង សមាជិកសរុប ១៨រូប និងមានអនុគណៈកម្មការប្រតិបត្តិ ជាសេនាធិការដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន។ គណៈកម្មការមានភារកិច្ចដឹកនាំ គាំទ្រ និងសម្របសម្រួលការអនុវត្តលើការងារសិក្សាស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដើម្បីយកមករៀបចំចងក្រង៕