ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹកវ័យចាស់ (Master Swimming Competition) ក្រោមការរៀបចំរបស់សហព័ន្ធខ្មែរកីឡាហែលទឹកត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីកីឡាករ កីឡាការិនីខ្មែរ និងបរទេសជាច្រើនជាតិសាសន៍ ដែលកំពុងបម្រើការងារនៅកម្ពុជា។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា ការប្រកួតនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ជនជាតិខ្មែរ និងជនជាតិបរទេសលើសពីការរំពឹងទុក បន្ទាប់ពីមានអ្នកចូលរួមប្រកួតច្រើននាក់។ លោក ហែល គីរី សង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«ការប្រកួតកីឡាហែលទឹកវ័យចាស់លើកទី១ ដែលសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំនេះ មានចម្លោះវ័យពី៣០ឆ្នាំដល់៦៥ឆ្នាំ ដែលមានគោលបំណងជាច្រើន ដោយចង់ផ្តល់ឱកាសដល់មហាជនទាំងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយការប្រកួតមិនសំដៅទៅលើការឈ្នះចាញ់ទេ ពោលគឺសំដៅទៅលើការចូលរួមដើម្បីបង្កើតមិត្តភាពជាមួយគ្នាទៅវិញទៅមក។ ជាពិសេសកីឡាករ កីឡាការិនី និងបងៗដែលស្រឡាញ់កីឡាហែលទឹក គាត់តែងតែងហ្វឹកហាត់ដើម្បីសុខភាព និងសប្បាយចិត្ត ទើបសហព័ន្ធសម្រេចចិត្តរៀបចំឱ្យពួកគាត់ចូលរួមប្រកួតបង្ហាញសមត្ថភាពផ្ទាល់។ សហព័ន្ធគ្រោងនឹងរៀបចំម្តងទៀត នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។
លោកអគ្គលេខាធិការបន្ថែមថា ចំណុចសំខាន់ដែលសហព័ន្ធចង់បាន គឺជាប្រមូលធនធានមហាជន និងអតីតអត្តពលិកចូលនិវត្តន៍ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីវ័យចាស់ចូលរួមការប្រកួតកីឡាហែលទឹកវ័យចាស់កម្រិតអន្តរជាតិ ដោយសារសហព័ន្ធហែលទឹកអន្តរជាតិបានរៀបចំការប្រកួតកីឡាហែលទឹកវ័យចាស់ជើងឯកពិភពលោកជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ កីឡាករ Birant Yurteri ជនជាតិតួកគី ដែលបម្រើការងារនៅកម្ពុជារយៈពេល ១៣ឆ្នាំបានលើកឡើងថា ការប្រកួតហែលទឹកវ័យចាស់របស់សហព័ន្ធរៀបចំបានល្អ។ លោកអរគុណដល់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលបញ្ជូលការរៀបចំការប្រកួតហែលទឹកវ័យចាស់នេះ ដើម្បីឱ្យលោក និងមហាជនវ័យចាស់នានាបានចូលរួមប្រកួត ដើម្បីមិត្តភាព សាមគ្គីភាព និងសុខភាពល្អផងដែរ។ បន្ថែមពីលើនេះ បុរសតួកគីរូបនេះក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសចូលរួមហ្វឹកហាត់ជាមួយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹកដែលបានកែលម្អហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងស្រស់ស្អាត និងស្តង់ដាអន្តរជាតិ ដើម្បីសុខភាពល្អ និងចូលរួមការប្រកួតផ្សេងៗទៀត។
លោក ចៅ ប៊ុនហួន បានបង្ហាញក្តីរីករាយខ្លាំងណាស់ ដែលសហព័ន្ធបានរៀបចំ ហើយលោកផ្ទាល់ជាអ្នកជំងឺជាប់ឆ្អឹងខ្នង ហើយលោកបានចាប់ផ្តើមហែលទឹក ដើម្បីបំបាត់ជំងឺនេះ។ ការហែលទឹកនេះបានធ្វើឱ្យកាន់តែពេញចិត្ត ដោយសារតែជំងឺជាប់ឆ្អឹងខ្នងរបស់លោកបានបាត់ទៅវិញ ហើយលោកបានយកការហែលទឹកជាប្រចាំ។ នៅក្នុងការប្រកួតនេះលោកក៏បានចូលរួមប្រកួតហើយដណ្តើមបានចំណាត់ថ្នាក់លេខ៣។ លោកអំពាវនាវដល់មហាជននានា ជាពិសេសមនុស្សគ្រប់វ័យ ទាំងអ្នកមិនមានជំងឺ និងអ្នកមានជំងឺឆ្អឹងខ្នងដូចលោកអាចចូលរួមហែលទឹក ដែលវានឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពកាន់តែល្អប្រសើរ៕