ភ្នំពេញ៖ លោកស្រី ចូវ សុធារ៉ា មន្ត្រីគណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាចំបាប់កម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ រយៈពេល ពីរថ្ងៃ ១៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចន្លោះ៨-១០ឆ្នាំ និង១៥-១៧ឆ្នាំ គឺព្រឹត្តិការណ៍មួយ ដ៏សំខាន់ ក្នុងការផលិតធនធានថ្នាលយុវជនឱ្យកាន់តែសម្បូរបែប និងគុណភាព ដើម្បីត្រៀមឆ្ពោះទៅចូលរួមការប្រកួតអន្តរជាតិ ជាពិសេសត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅកម្ពុជា។
លោកស្រី ចូវ សុធារ៉ា គូសបញ្ជាក់ថា ការប្រកួតនេះគឺជាការផ្សាភ្ជាប់របស់សិក្ខាកាមវគ្គវគ្គសាមគ្គីអូឡាំពិកស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាចំបាប់ចូលរួមព្រឹត្តិការណ៍នេះ ក្រោមឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។ ការប្រកួតនេះមានកីឡាករ កីឡាការិនីវ័យក្មេងចំនួន ១០៤នាក់មកពី១១សមាគម-ក្លឹប។ គោលបំណងនៃការប្រកួតនេះ ដើម្បីស្វែងរក និងពង្រឹងគុណភាពថ្នាលយុវជន ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅកម្ពុជា។
លោកស្រីបន្ថែមថា នេះជាការរៀបចំការប្រកួតជាលើកដំបូងហើយបើលើកនេះទទួលបានជោគជ័យ នោះថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជា ដូចជាឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធ និងលោក ខេស៊ី បាណេត អនុប្រធាននឹងបន្តរៀបចំនៅឆ្នាំបន្តបន្ទាប់ ដើម្បីពង្រឹងយុវជនថ្នាលឱ្យកាន់តែមានគុណភាព និងត្រៀមឆ្ពោះទៅជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា។
ការរៀបចំការប្រកួតជាលើកដំបូងនេះ ត្រូវបានលោកស្រី ចូវ សុធារ៉ា ដែលជាអ្នកជំនាញកីឡាកម្ពុជា និងជាអតីតកីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជាដ៏ឆ្នើមផងនោះចាត់ទុកថាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ ក្នុងគោលដៅផលិតធនធានថ្នាលយុវជនបន្តវេនកីឡាចំបាប់ ហើយបើមិនមានផែនការផលិតធនធានថ្នាលទេនោះ ប្រភេទកីឡាចំបាប់នឹងអាចបាត់បង់ទៅវិញ ជាពិសេសខ្មែរយើងក៏មានប្រភេទកីឡាចំបាប់បុរាណផងដែរ៕