ភ្នំពេញ៖ កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ម្ចាស់មេដាយសំរឹទ្ធ ១ ពិភពលោកឆ្នាំ២០២៤ ការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី១៥ ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា រូបនេះនឹងបន្តហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតអន្តរជាតិឱ្យទទួលបានលទ្ធផលល្អជាងនេះយកជូនប្រទេសជាតិ។
នេះជាការប្តេជ្ញាចិត្តរបស់ម្ចាស់មេដាយសំរឹទ្ធជើងឯកពិភពលោក ឆ្នាំ២០២៤រូបនេះ ក្នុងឱកាសវិលត្រឡប់មកពីប្រកួតកាលពីពេលថ្មីៗនេះ។ កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា Men’s Sports Physique over 180cm +4Kg ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី០៥-១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
កីឡាកររូបនេះបានបន្តថា ការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក ឆ្នាំ២០២៤នេះមានកីឡាករមកពីជាង ៥០ប្រទេស សុទ្ធសឹងជាកីឡាករល្អៗ មិនចាញ់ការប្រកួតជើងឯកពិភពលោកនៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៣កន្លងទៅឡើយ។ ដូច្នេះលោកស្រី អេមី សារីរ៉ុម គ្រូបង្វឹករបស់លោកបានជំរុញឱ្យលោកបន្តការហ្វឹកហាត់ដុសខាត់សមត្ថភាពឱ្យបានខ្លាំងក្លាបន្ថែម ទាំងកម្លាំង ថាមពល បច្ចេកទេស និងសាច់ដុំជាដើម។
ម្ចាស់មេដាយសំរឹទ្ធកម្រិតជើងឯកពិភពលោក ឆ្នាំ២០២៤រូបនេះបានបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលរូបលោកចេញទៅលក្ខណៈអន្តរជាតិ កាលឆ្នាំ២០២៣ លោកឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតជើងឯកពិភពលោក នៅកូរ៉េខាងត្បូង ឆ្នាំ២០២៣ កន្លងទៅ និងឆ្នាំ២០២៤ ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ី លើកទី៥៦ ឆ្នាំ២០២៤ នៅសាធារណរដ្ឋឥណ្ឌូណេស៊ី។
ជាមួយគ្នានេះ លោកស្រី អេមី សារីរ៉ុម បានបញ្ជាក់ដែរថា ក្នុងនាមគ្រូបង្វឹកកីឡាកាយវប្បកម្ម និងតាងនាមឱ្យថ្នាក់ដឹកនាំសហព័ន្ធ សូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រី និងកីឡាករ-កីឡាការិនីកីឡាកាយវប្បកម្ម ព្រមទាំំងអនុញ្ញាតឱ្យក្រុមកីឡាករចេញលទៅប្រកួតកម្រិតអន្តរជាតិនានា ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា សហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករ ៣ នាក់ទៅចូលរួមប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី១៥ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ រួមមានលោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រម លោកស្រី អេមី សារីរ៉ុមម គ្រូបង្វឹក និងកីឡាករ យូ ឃាងហ៊ុយ៕