ប្រវត្តិ​សាស្ត្រ​ថ្មី! ក្រុម​នារី​អ្នក​ចម្បាំង​អង្គរ​​​ឈ្នះ​មេដាយ​ប្រាក់ ពីជើង​ឯក​ពិភព​លោក ២០២៤

អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​ជើងឯក​ពិភពលោក លើក​ទី​១៦ (IESF – 16th World Esports Championship 2024) វិញ្ញាសា Mobile Legends: Bang Bang ផ្នែក​នារី ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​រាជធានី រី​យ៉ា​ត ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​មាន​ប្រទេស​ចំនួន​៤៩​ប្រទេស​ចូលរួម​បាន​បញ្ចប់​។

ការ​ប្រកួត​ជុំ​ចុង​ក្រោយ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ក្រុម​នារី​កម្ពុជា ស្ថិត​នៅ​ពូ​ល B ជា​អ៊ុយ​ក្រែ​ន នេ​ប៉ា​ល់ អា​ហ្ស​ង់​ទី​ន ម៉ុង​ហ្គោ​លី និង​កូ​ឡុំ​ប៊ី ខណៈ​ពូ​ល A មាន​ឥណ្ឌូ​ណេ​ស៊ី អេ​ហ្ស៊ី​ប អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត អ៊ូ​បេ​គី​ស្ថាន ហ្គា​តេ​ម៉ា​ឡា និង​អា​រ៉ាប់​រួម​។

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ក្រុម​នារី​កម្ពុជា បាន​លេខ​២ បាន​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង បន្ទាប់​ពី​ឈ្នះ​នេ​ប៉ា​ល់ អា​ហ្ស​ង់​ទី​ន ម៉ុង​ហ្គោ​លី និង​កូ​ឡុំ​ប៊ី ប៉ុន្តែ​បាន​ចាញ់ អ៊ុយ​ក្រែ​ន ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល​។

វគ្គ Upper Bracket ក្រុម​នារី​កម្ពុជា ជួប ឥណ្ឌូ​ណេ​ស៊ី ជា​ក្រុម​លេខ​១​ក្នុង​ពូ​ល A ខណៈ លេខ​១​ពូ​ល B គឺ អ៊ុយ​ក្រែ​ន ជួប​លេខ​២​ពូ​ល A គឺ អេ​ហ្ស៊ី​ប​។ ចំណែក​ក្រុម​លេខ​៣​ក្នុង​ពូ​ល​ទាំង​ពីរ​គឺ នេ​ប៉ា​ល់ និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត មិន​បាន​អស់​ឱកាស​ទេ​គឺ បាន​ធ្លាក់​កម្រិត Lower Bracket​។

ការ​ប្រកួត​វគ្គ​ខ្វែង​ពិតជា​បាន​ធ្វើ​ឲ្យ​ក្រុម​នារី​កម្ពុជា​ធ្វើការ​ច្រើន​មែន​ដោយ​ធ្វើការ​ប្រកួត​៣​លើក​ក្នុង​១​ថ្ងៃ​។ ការ​ប្រកួត​នៅ​វគ្គ Upper Bracket ក្រុម​នារី​កម្ពុជា​បាន​ចាញ់​ឥណ្ឌូ​ណេ​ស៊ី ដោយ​លទ្ធផល ២-០ ដែល​បាន​ធ្លាក់​ទៅ​កម្រិត Lower Bracket ជួប​ម្ចាស់ផ្ទះ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ខណៈ អ៊ុយ​ក្រែ​ន បាន​ចាញ់ អេ​ហ្ស៊ី​ប បាន​ធ្លាក់​ទៅ​ជួប នេ​ប៉ា​ល់​។

ក្រុម​នារី​កម្ពុជា ត្រូវ​បាន អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នាំមុខ ០-១ នៅ​ហ្គេ​ម​ទី​១ ប៉ុន្តែ​ហ្គេ​ម​ទី​២ និង​ហ្គេ​ម​ទី​៣ កម្ពុជា​បាន​យកឈ្នះ​តាម​ស្មើ ២-១ ហើយ​នៅ​ហ្គេ​ម​ទី​៣ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជួប អ៊ុយ​ក្រែ​ន ជា​ថ្មី បន្ទាប់​ពី​អ៊ុយ​ក្រែ​ន បាន​យកឈ្នះ នេ​ប៉ា​ល់​។ ក្រុម​នារី​កម្ពុជា​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​តាម​រយៈ​ការ​សងសឹក​លើ​អ៊ុយ​ក្រែ​ន​បាន​សម្រេច​ដោយ​ពិន្ទុ ២-០ បន្ទាប់​ពី​ធ្លាប់​ចាញ់​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​។

តាម​រយៈ​ជ័យជម្នះ​លើ​អ៊ុយ​ក្រែ​ន​ក្នុង​វគ្គ​៤​ក្រុម​ចុង​ក្រោយ ក្រុម​នារី​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​៣​ក្រុម​ចុង​ក្រោយ​។ នៅ​វគ្គ​៣​ក្រុម​ចុង​ក្រោយ ក្រុម​នារី​កម្ពុជា​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ថ្មី ដោយ​បាន​ឈ្នះ​អេ​ហ្ស៊ី​ប ដោយ​លទ្ធផល ២-១ ដើម្បី​បាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។ វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​នារី​កម្ពុជា បាន​ចាញ់ ឥណ្ឌូ​ណេ​ស៊ី ដោយ​លទ្ធផល ០-២ ដើម្បី​ទទួល​បាន​ត្រឹម​ជើងឯក​រង​អម​ដោយ​ប្រាក់​រង្វាន់​២៥០០០​ដុល្លារ​អា​មេ​រិ​ក​។

មុន​ឈាន​ទៅ​ដល់​ជុំ​ចុង​ក្រោយ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ការ​ប្រកួត​មាន​ច្រើន​ដំណាក់កាល​ក្នុង​នោះ​ការ​ប្រកួត​ជម្រុះ​តាម​អន​ឡាញ​ដើម្បី​ជ្រើសរើស​យក​ចំនួន​១២​ប្រទេស​ចុង​ក្រោយ​ទៅ​ប្រកួត​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។ ក្រុម​នារី​កម្ពុជា​បាន​ជាប់​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ាន​។ វគ្គ​ជម្រុះ​តំបន់​អាស៊ាន ក្រុម​នារី​កម្ពុជា ស្ថិត​នៅ​ពូ​ល B ដែល​បាន​យកឈ្នះ​នារី​ជម្រើសជាតិ​ឡាវ និង ព្រុយ​ណេ ប៉ុន្តែ​បាន​ចាញ់​ក្រុម​នារី​ឥណ្ឌូ​ណេ​ស៊ី ដោយ​ស្ថិត​នៅ​លេខ​២​ក្នុង​ពូ​ល បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​នារី​កម្ពុជា បាន​យកឈ្នះ ហ្វី​លី​ពី​ន ដោយ​លទ្ធផល ២-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ជួប ឥណ្ឌូ​ណេ​ស៊ី ជា​ថ្មី​។ ក្រុម​នារី​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី ទទួល​បាន​កៅអី​ទៅ​ជុំ​ចុង​ក្រោយ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប៉ុន្តែ​ត្រូវ​ប្រកួត​ដើម្បី​រក​នរណា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​។ ពេល​នោះ ក្រុម​នារី​កម្ពុជា​បាន​ចាញ់​ឥណ្ឌូ​ណេ​ស៊ី ១-០​។

ជ័យ​លា​ភី​ក្រុម​ទាំង​១៦៖

លេខ​១ មេដាយមាស ៖ ឥណ្ឌូ​ណេ​ស៊ី ទទួល​បាន ៥​ម៉ឺន​ដុល្លារ
លេខ​២ មេដាយ​ប្រាក់ ៖ កម្ពុជា ទទួល​បាន ២,៥​ម៉ឺន​ដុល្លារ
លេខ​៣ មេដាយ​សំ​រិ​ទ្ធ ៖ អេ​ហ្ស៊ី​ប ទទួល​បាន ១,៥​ម៉ឺន​ដុល្លារ
លេខ​៤៖ អ៊ុយ​ក្រែ​ន ទទួល​បាន ១​ម៉ឺន​ដុល្លារ
លេខ​៥៖ នេ​ប៉ា​ល់ ទទួល​បាន ៧៥០០​ដុល្លារ
លេខ​៦៖ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៧៥០០​ដុល្លារ
លេខ​៧៖ អ៊ូ​បេ​គី​ស្ថាន ទទួល​បាន ២៥០០​ដុល្លារ
លេខ​៨៖ អា​ហ្ស​ង់​ទី​ន ទទួល​បាន ២៥០០​ដុល្លារ
លេខ​៩៖ ហ្គា​តេ​ម៉ា​ឡា
លេខ​១០៖ ម៉ុង​ហ្គោ​លី
លេខ​១១៖ អា​រ៉ាប់​រួម
លេខ​១២៖ កូ​ឡុំ​ប៊ី

Previous articleKlopp ធ្លាប់ពិចារណាយក Antony មកជំនួស Salah នៅ Anfield
Next articleFrank Lampard បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្លឹប Coventry City