ភ្នំពេញ៖ កីឡាករបាល់ទាត់សញ្ជាតិដើមកូឡុំប៊ី Andres Nieto ដែលបានចូលសញ្ជាតិខ្មែរនិងត្រូវបានកោះហៅឱ្យចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញក្តីរីករាយ ដែលសមាជិកកក្រុមជម្រើសជាតិកម្ពុជារូបនេះបានចាត់ទុកថា នេះជាក្តីសុបិនបានក្លាយជាការពិត ក្រោយប្រកបអាជីពបាល់ទាត់នៅប្រទេសកម្ពុជាអស់រយៈពេល ៥ឆ្នាំ។
ក្នុងឱកាសប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមពាន ASEAN Mitsubishi Electric Cup 2024 ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ តទៅ ខ្សែប្រយុទ្ធមកពីក្លឹបភ្នំពេញក្រោន Andres Nieto បានលើកឡើងលើគណនីហ្វេសប៊ុករបស់ខ្លួនថា ៖«ខ្ញុំជាជនជាតិខ្មែរ កំពុងរស់នៅក្នុងអារម្មណ៍ដ៏វិសេសវិសាល ក្រោយទទួលបានសញ្ជាតិខ្មែរ ត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់អាស៊ាននេះ។ ចាប់តាំងពីប្រកបអាជីពបាល់ទាត់ក្នុងប្រទេសកម្ពុជា រយៈពេល៥ឆ្នាំ ទីបំផុត ខ្ញុំបានក្លាយជាពលរដ្ឋខ្មែរម្នាក់ ដែលជាសុបិនក្លាយជាការពិត»។
កីឡាករ Andres Nieto ថ្លែងអំណរគុណដល់ក្លឹបភ្នំពេញក្រោន ដែលបើកទ្វារឱ្យខ្លួនមកកម្ពុជា ដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួន។ កីឡាករចូលសញ្ជាតិខ្មែររូបនេះក៏បានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា សហព័ន្ធបាល់ទាត់កម្ពុជា និងអ្នកគាំទ្រទាំងអស់ នៃដំណើរការដ៏មានសារៈសំខាន់សម្រាប់អាជីពបាល់ទាត់ និងអនាគតរបស់រូបគេផងដែរ។ Nieto សន្យាថា នឹងលេងតំណាងឱ្យប្រទេសដ៏ស្រស់ស្អាតមួយនេះ ដោយការគោរពបំផុត និងប្រកបដោយវិជ្ជាជីៈ ដូចអ្វីដែលខ្លួនធ្លាប់ធ្វើនៅប្រទេសដើមកំណើត កូឡុំប៊ី។ Nieto ប្តេជ្ញាថានឹងប្រឹងប្រែងសម្របខ្លួនជាមួយកីឡាករក្នុងក្រុមទាំងមូល ដើម្បីការប្រកួតរបស់កម្ពុជា។
យោងតាមបញ្ជីផ្លូវការរបស់ FFC ក្រោមការដឹកនាំរបស់គ្រូបង្គោលកម្ពុជា លោក Gyotoku Koji គឺមានកីឡាករចូលសញ្ជាតិខ្មែរចំនួន៣នាក់ ដែលប្រកបអាជីពក្នុងក្របលក្ខខណ្ឌលីគកំពូលកម្ពុជា ដូចជាខ្សែការពារ Ose Takaki (ជប៉ុន) និងខ្សែប្រយុទ្ធ Andres Neito (កូឡុំប៊ី) របស់ក្លឹបភ្នំពេញក្រោន និងខ្សែប្រយុទ្ធ Abdel Kader Coulibaly (កូឌឺវ័រ) ប្រធានក្រុម ISI ដង្កោសែនជ័យ។ ដូច្នេះសរុបកីឡាករចូលសញ្ជាតិ ក្នុងក្រុមជម្រើសជាតិកម្ពុជា លើកនេះមានចំនួន ៦នាក់ គឺមានខ្សែការពារជាតិ កាន់ ម៉ូ សញ្ជាតិដើមអាហ្វ្រិកខាងត្បូង មកពីវិសាខា, យូឌៃ អូកាវ៉ា សញ្ជាតិដើមជប៉ុន ក្លឹបភ្នំពេញក្រោន និង មីហ្ស៊ូណូ ហ៊ីការ៉ុ សញ្ជាតិដើមជប៉ុន មកពីក្លឹបព្រះខ័នរាជស្វាយរៀង។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 មានការប្រកួតក្នុងផ្ទះ និងក្រៅផ្ទះ ដោយក្រុមកម្ពុជាត្រូវប្រកួតបើកឆាកពូលA នឹងត្រូវជួបម៉ាឡេស៊ី នាថ្ងៃទី០៨ ខែធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់មកក្រុមកម្ពុជា ប៉ះសិង្ហបុរី, ប៉ះ ទីម័រខាងកើត និងចុងក្រោយបញ្ចប់ពូល ប៉ះម្ចាស់ផ្ទះថៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះពូល B ក៏មាន៥ក្រុមដែរ រួមមាន៖ វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងក្រុមឡាវ៕