ឡាវ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាទទួលបានជើងឯករង ពានរង្វាន់បាល់ទាត់នារីអាស៊ាន ឆ្នាំ២០២៤ (AFF Women’s Cup 2024) បន្ទាប់ពីបានប្រកួតចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដោយលទ្ធផល ១ទល់៣ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋាន New Laos National Stadium ប្រទេសឡាវ។
នៅក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមឥណ្ឌូណេស៊ីបានបើកការនាំមុនលើក្រុមនារីកម្ពុជា ១ទល់០ នៅនាទី ២៤ ដោយកីឡាការិនី Vivi Oktavia ហើយនៅនាទី៣២ កីឡាការិនីកម្ពុជា ហុក សៅឌី ធ្វើសម្រេចតាមស្មើ ១ទល់១ ប៉ុន្តែនៅនាទី៣៥ កីឡាការិនីឥណ្ឌូណេស៊ី Sydney Hopper ធ្វើបានសម្រេចបាន១គ្រាប់បន្ថែមជូនជាតិរបស់ខ្លួន ដែលធ្វើឱ្យក្រុមឥណ្ឌូណេស៊ីបើកការនាំមុខជាថ្មីលើក្រុមកម្ពុជា ២-១ នៅត្រឹមវគ្គទី១។ ចូលដល់វគ្គទី២ ក្រុមឥណ្ឌូណេស៊ីរកបានគ្រាប់ទី៣ នៅទី៥៧ ដោយកីឡាការិនី Vivi Oktavia ដោយលទ្ធផល ៣ទល់១នេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។
ដូច្នេះក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ីបានឈ្នះម្ចាស់ដំណែងជើងឯក ពានរង្វាន់ AFF Women’s Cup 2024 ខណៈក្រុមជម្រើសជាតិនារីកម្ពុជាបានត្រឹមជើងឯករង ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមនារីសិង្ហបុរី ក្រោយពីបានយកឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ១-០។ ចំពោះកីឡាការិនីកម្ពុជា ពឿន គន្ធា ទទួលបានពានរង្វាន់ជ័យលាភីអ្នកទាត់បញ្ជូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍នេះ។
តាមរយៈលទ្ធផលនេះ ក្រុមនារីកម្ពុជាទទួលបានការសាទរពីអ្នកគាំទ្រកម្ពុជា ដោយកសាងបាននូវកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យកីឡាបាល់ទាត់នារីកម្ពុជា ហើយតាមសមិទ្ធផលថ្មី នៅឆ្នាំ២០២៤នេះដែរ គឺក្រុមបាល់ទាត់នារីកម្ពុជារំកិលខ្លួនពីកម្រិតទី២នេះ ឡើងទៅលេងកម្រិតទី១ ជើងឯក ASEAN Women’s Championship នាឆ្នាំ២០២៥ ដែលប្រជុំដោយក្រុមខ្លាំងគឺ ថៃ វៀតណាម ហ្វីលីពីន និងមីយ៉ាន់ម៉ា។ លេខ១ ក្រុមឥណ្ឌូណេស៊ី លេខ២ ក្រុមនារីកម្ពុជា និងលេខ៣ ក្រុមនារីសិង្ហបុរីត្រូវឡើងទៅលេង ASEAN Women’s Championship នាឆ្នាំ២០២៥ ជាមួយថៃ វៀតណាម ហ្វីលីពីន និងមីយ៉ាន់ម៉ា។
គួររម្លឹកថា ពានរង្វាន់បាល់ទាត់នារីតំបន់អាស៊ាន AFF Women’s Cup 2024 ដែលប្រទេសឡាវទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះមានក្រុមចូលរួមចំនួន ៦ និងបែងចែកជា ២ពូល មានពូល A៖ ទីម័រខាងកើត សិង្ហបុរី និងឡាវ ខណៈពូល B មាន៖ ឥណ្ឌូណេស៊ី កម្ពុជា និងម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះបានដំណើការប្រកួតចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ៕