ប្រទេសនានាចូលរួមប្រកួតវាយកូនបាល់ Tep Khunnah Memorial Cup កោតសរសើរ និងកក់ក្តៅចំពោះម្ចាស់ផ្ទះកម្ពុជា

ភ្នំពេញ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់ Tep Khunnah Memorial Cup សម្រាប់​វ័យ​ក្រោម​១៤​ឆ្នាំ និង​១៦​ឆ្នាំ ឆ្នាំ​២០២៤ បាន​បញ្ចប់​ដោយ​ជោគជ័យ​លើ​ការ​ប្រកួត​វ័យ​ក្រោម​១៤​ឆ្នាំ នៅ​ទីលាន​វាយ​កូន​បាល់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤ ខណៈ​បណ្តា​ប្រទេស​ចូលរួម​បាន​កោតសរសើរ និង​ទទួល​បាន​ភាព​កក់ក្តៅ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​។

នេះ​ជា​ការ​ប្រសាសន៍​របស់​លោក ទេព រិ​ទ្ធិ​វិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា ដែល​បាន​គូស​បញ្ជាប់​ប្រាប់​សារព័ត៌មាន ក្រោយ​ពិធី​បំពាក់​មេដាយ​។ លោក ទេព រិ​ទ្ធិ​វិ​ទ្ធ បាន​លើក​ឡើង​ថា ស្មារតី​របស់​សហព័ន្ធ​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​នេះ​ឡើង គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី​យើង​ជាមួយ​កីឡាករ កីឡាការិនី​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ាន និង​អាស៊ី​មួយ​ចំនួន​បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គ្នា ដើម្បី​ពង្រឹងគុណភាព​ជំនាញ​វាយ​កូន​បាល់​ដល់​អត្ត​ព​លិ​ក​វ័យក្មេង​ក្រោម​១៤​ឆ្នាំ និង​ក្រោម​១៦​ឆ្នាំ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​។

ចំពោះ​ការ​ប្រកួត​ក្រោម​១៤​ឆ្នាំ​គឺ​បាន​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់​ពី​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា ដល់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤​នេះ​។ ព្រឹត្តិការណ៍​វាយ​កូន​បាល់​ពានរង្វាន់ Tep Khunnah Memorial Cup ឆ្នាំ​២០២៤​នេះ​មាន​កីឡាករ កីឡាការិនី​វ័យក្មេង​ៗ​មក​ពី​ជប៉ុន ចិន ហុងកុង ឥណ្ឌា វៀតណាម និង​ម្ចាស់ផ្ទះ​កម្ពុជា​ជាដើម។

លោក ទេព រិ​ទ្ធី​វិ​ទ្ធ បាន​សង្កត់ធ្ងន់​ថា ៖«​បណ្តា​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​មក​ពី​បណ្តា​ប្រទេស​នានា ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Tep Khunnah Memorial Cup 2024 នៅ​កម្ពុជា​ពិតជា​បាន​បង្ហាញ​ក្តី​រីករាយ ដែល​យើង​បាន​រៀបចំ​លក្ខណៈ​អាជីព​កម្រិត​អន្តរជាតិ​។ បើ​ទោះបីជា​ការ​ប្រកួត​នេះ​ត្រឹម​ក្រោម​អាយុ​១៤​ឆ្នាំ និង​ក្រោម​១៦​ឆ្នាំ​ក៏​ពិតមែន ក៏​ស្មារតី​របស់​យើង​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ គឺ​តែងតែ​ផ្តល់​ឱ្យ​អស់ពី​លទ្ធភាព និង​ផ្តល់​សេវា​ល្អ​សម្រាប់​ប្រតិភូ​កីឡា ដែល​នេះ​គឺជា​មុខមាត់​របស់​ប្រទេស​ជាតិ​យើង​ទាំងមូល​ផង​ដែរ​។ អ្វី​ដែល​ពិសេស មិន​ត្រឹមតែ​ប្រភេទ​កីឡា​វាយ​កូន​បាល់​បង្ហាញ​ជូន​ទៅ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​ការ​បង្ហាញ​ក្នុង​ស្មារតី​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចេះ​ទទួល​ស្វាគមន៍​ភ្ញៀវ​ប្រកបដោយ​ភាព​រីករាយ និង​កក់ក្តៅ​»​។

បន្ថែម​ពីលើ​នេះ លោក​អគ្គ​ល​ខា​ធិ​ការ​គូសបញ្ជាក់​ថា ការ​រៀបចំ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់ Tep Khunnah Memorial Cup គឺជា​ការ​រម្លឹក​នូវ​ការ​ចង​ចាំ​នូវ​គុ​ណូ​កា​រៈ​របស់​លោក ទេព ឃុន​ណា ដែល​ជា​ឪពុក​របស់​លោក ទេព រិ​ទ្ធិ​វិ​ទ្ធ ដែល​ឈ្មោះ​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី ហើយ​សហព័ន្ធ​វាយ​កូន​បាល់​អាស៊ី​ក៏​បាន​ឯកភាព​ក្នុង​ការ​ដាក់​ឈ្មោះ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ជា​លើក​ទី​១ សម្រាប់​ឆ្នាំ​២០២៤​នេះ បន្ទាប់​ពី​២៨​លើក​កន្លង​ទៅ យើង​រៀបចំ​ការ​ប្រកួត​តែ​កម្រិត​ក្នុងស្រុក​ប៉ុណ្ណោះ​៕

Previous articleLiverpool មើលឃើញកីឡាករ ៣នាក់ ដែលនឹងមកជំនួសកន្លែង Andy Robertson
Next articleកីឡាករប្រដាល់សកលកម្ពុជាផ្តួលកីឡាករ Turkmenistan ឱ្យសន្លប់ទឹកទី១ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងឯកអាស៊ី នៅថៃ