ថៃ៖ កីឡាករប្រដាល់សកលកម្ពុជា អាន់វ៉ា ណាស្រេឌីនូវ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ឆ្នាំ២០២៤ បន្ទាប់ពីបានផ្ដួលកីឡាករ Turkmenistan ឱ្យសន្លប់ក្នុងទឹកទី១។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ អគ្គលេខាធិការរូបនេះបានគូសបញ្ជាក់ថា កីឡាករប្រដាល់សកលកម្ពុជា អាន់វ៉ា ណាស្រេឌីនូវ នឹងប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតដែលមាន២០ប្រទេសចូលរួមនេះ នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។ កីឡាករ អាន់វ៉ា ត្រូវប៉ះកីឡាករ WANG JINXIANG ប្រទេសចិន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ គូសបញ្ជាក់ថា សម្រាប់កីឡាករ អាន់វ៉ា ដែលជាម្ចាស់មេដាយសំរឹទ្ធ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី សម្រាប់សហព័ន្ធ ដែលបានចូលរួមប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី នៅប្រទេសថៃ ឆ្នាំ២០២៤ ហើយបានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលកីឡាករកម្ពុជារូបនេះកំពុងឈរនៅក្នុងកម្រិតមេដាយរួចហើយ។ អគ្គលេខាធិការរូបនេះបានរម្លឹកថា ប្រភេទកីឡាប្រដាល់សកលកម្ពុជាទទួលបានជោគជ័យដ៏ធំធេង ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង ដោយទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿង។ បន្ទាប់មក ចំពោះការប្រកួតកីឡាប្រដាល់សកល ជើងឯកអាស៊ី U22 ឆ្នាំ២០២៣ នៅប្រទេសថៃ ដោយប្រដាល់សកលកម្ពុជាទទួលបានមេដាយ២គ្រឿង ក្នុងនោះមេដាយប្រាក់១ និងសំរឹទ្ធ១ ដែលដណ្តើមបានដោយកីឡាករ Rajapov Abdulla មេដាយប្រាក់ និងកីឡាករ ពេញ វណ្ណថង មេដាយសំរឹទ្ធ១គ្រឿង៕